អន្តរជាតិ
មុនប្រជុំអាស៊ាន វៀតណាមទទូចឲ្យចិនបញ្ចប់សកម្មភាពខុសច្បាប់ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង រូបភាព Vietnam Net
× រដ្ឋាភិបាលក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀតដោយបានទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់សកម្មភាពនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ។ តាមរយៈសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៃកិច្ចប្រជុំអាស៊ានត្រូវចាប់ផ្តើមនេះ បានហៅសកម្មភាពរបស់ក្រុងប៉េកាំងថា ជាសកម្មខុសច្បាប់ទាំងស្រុង ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Thu Hằng បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃ២៤ មេសា បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងការរាយការណ៍ដែលថា ចិន បានធ្វើសកម្មភាពយ៉ាងគឃ្លើននៅក្នុងតំបន់ប្រជុំកោះ Spratly និង Paracel នៃសមុទ្រចិនខាងត្បូង ដែលជាតំបន់វៀតណាមចាត់ទុកថាដែនទឹកខ្លួនផងដែរនោះ ។
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃ២៥ មេសា លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ « វៀតណាម មានមូលដ្ឋានច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដែលបង្ហាញថា ប្រជុំកោះ Spratly ( វៀតណាមហៅ Trường Sa ) និង Paracel (វៀតណាមហៅ Hoàng Sa) ស្ថិតក្រោមអធិបតេយ្យរបស់ខ្លួន » ។
លោកស្រី បន្តទៀតថា សកម្មភាពរបស់ចិនចុងក្រោយនេះ ដែលរួមទាំងការធ្វើសកម្មភាពដោយនាវាមុជទឹក និងការបំពាក់ប្រព័ន្ធរ៉ាដានៅតំបន់ប្រជុំកោះទាំងពីរនោះ បានបំពានអធិបតេយ្យរបស់វៀតណាម យ៉ាងធ្ងន់ធ្ងរ ។ លោកស្រី អះអាងថា សកម្មភាពរបស់ចិនទាំងនេះផ្ទុយទៅនឹងកិច្ចព្រមព្រៀង នៃសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DoC) ក៏ដូចជាស្មារតីក្នុងការតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ដែលកំពុងតែស្ថិតនៅក្នុងនីតិវិធីចរចាយ៉ាងស្មុគស្មាញ ។
សូមជម្រាបផងដែរថា សមុទ្រចិនខាងត្បូង គឺជាតំបន់វិវាទអធិបតេយ្យដែនសមុទ្រ ដែលមានរដ្ឋពាក់ព័ន្ធ ដូចជាប្រទេសអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយចិន ។ ប្រទេសពាក់ព័ន្ធទាំងនេះ បានទាមទារត្រួតស៊ីគ្នាលើតំបន់ប្រជុំកោះ Paracel និង Spratly។ នាសប្តាហ៍មុន វៀតណាម ក៏បានចេញថ្លែងការណ៍ស្រដៀងគ្នាផងដែរទៅកាន់ចិន ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ សេចក្តីថ្លែងការណ៍របស់វៀតណាម ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនកិច្ចប្រជុំអាស៊ានដែលមានសិង្ហបុរី ធ្វើជាប្រធានចូលមកដល់ ។ កិច្ចប្រជុំ ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ក៏មានបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងរបៀបវារៈផងដែរ។ នេះក៏អាចនិយាយបានថា វៀតណាម កំពុងតែទាញចំណាប់អារម្មណ៍អាស៊ានមកលើបញ្ហាសមុទ្រចិនខាងត្បូងដែរ៕
Tag:
វៀតណាម
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com