ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចឪ និង​មហាសេនា​ប្រមុខ​គីម អ៊ី​ល​ស៊ុ​ង មាន​អនុស្សាវរីយ៍​យ៉ាងច្រើន​នៅ​ខែមេសា​
03, Apr 2021 , 2:00 pm        
រូបភាព
លោក គីម អ៊ីលស៊ុង (ស្តាំ) ស្វាគមន៍ព្រះរាជវត្តមានសម្តេចឪ នរោត្តម សីហនុ នៅក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៥។ រូបថត AFP
លោក គីម អ៊ីលស៊ុង (ស្តាំ) ស្វាគមន៍ព្រះរាជវត្តមានសម្តេចឪ នរោត្តម សីហនុ នៅក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៥។ រូបថត AFP
​កម្ពុជា​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​របស់​កូរ៉េខាងជើង ដែល​ផ្តើមចេញពី​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​សម្តេចព្រះ​វររាជបិតា ព្រះបាទ នរោត្តម សីហនុ និង​មហាសេនា​ប្រមុខ គីម អ៊ី​ល​ស៊ុ​ង ចាប់ពី​ឆ្នាំ​១៩៦៥​មក​។ អតីត​មេដឹកនាំ​ដែល​បានចាត់ទុក​គ្នា​ជា​បងប្អូន​ទាំងពីរ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ញឹកញាប់ ហើយ​អនុស្សាវរីយ៍​ដ៏​ច្រើន​កើតឡើង​នា​អំឡុង​ខែមេសា​។​



«​រៀងរាល់ឆ្នាំ​នៅ​ខែមេសា ព្រះអង្គ​តែងតែ​មក​យាង​សួរសុខទុក្ខ​ទូលព្រះបង្គំ​។ នេះ​ជា​ភស្តុតាង​នៃ​ទំនាក់ទំនង​មិត្តភាព​យ៉ាង​ស្និ​ទ្ធិ​ស្នាល និង​យូរអង្វែង​រវាង​យើង​ទាំងពីរ ដោយ​ផ្អែកលើ​ស្មារតី និង​កាតព្វកិច្ច​ជា​បងប្អូន​»​។ មហាសេនា​ប្រមុខ​កូរ៉េខាងជើង លោក គីម អ៊ី​ល​ស៊ុ​ង ថ្លែង​សុន្ទរកថា ក្នុង​ពិធី​លៀង​សាយភោជន៍​មួយ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចម៉ែ កាលពី​អំឡុង​ឆ្នាំ​១៩៨០​។​

​នៅក្នុង​សុន្ទរកថា​ដដែល បិតា​ស្ថាបនិក​កូរ៉េខាងជើង បាន​លើកឡើងថា ខែមេសា គឺជា​ខែ​ដែល​ពោរពេញ​ទៅដោយ​អនុស្សា​វី​យ៍រ​វាង​លោក និង​អង្គ​សម្តេចឪ​។ លោក គីម ដែលមាន​ថ្ងៃកំណើត​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩១២ បាន​រំលឹក​ពី​ជំនួប​ដ៏​ញឹកញាប់​ជាមួយ​សម្តេចឪ នា​អំឡុង​ខែមេសា ក្នុងនោះ​មានដូចជា ខួប​នៃ​ព្រះរាជ​ពិធី​អភិសេក​រវាង​សម្តេចឪ និង​សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ពិធីបុណ្យ​ចូលឆ្នាំ ជាដើម​។​


«​បន្ថែម​ពីលើ​នេះ​ទៀត ខែមេសា ជា​ខែ​នៃ​ការភ្ជាប់​ទំនាក់ទំនង​មិត្តភាព​រវាង​យើង​ទាំងពីរ ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​យើង​នៅ​ក្រុង​ហ្សា​ការ​តា កាលពី​ជាង​២០​ឆ្នាំមុន​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​មេដឹកនាំ​ស្ថាបនិក​កូរ៉េខាងជើង​។​

​សម្តេចព្រះ​នរោត្តម សីហនុ និង​លោក គីម អ៊ី​ល​ស៊ុ​ង បាន​ជួបគ្នា​ផ្លូវការ​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦៥ នៅ​ឥណ្ឌូណេស៊ី ខណៈ​អតីត​មេដឹកនាំ​ឥណ្ឌូណេស៊ី លោក ស៊ូ​កា​ណូ រៀបចំ​ទិវា​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ី​-​អាហ្វ្រិក ដែលជា​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត The New York Times លោក ស៊ូ​កា​ណូ បាន​និយាយ​ទៅកាន់​សម្តេច នរោត្តម សីហនុ និង​លោក គីម អ៊ុ​ល​ស៊ុ​ង​ថា​៖ «​អ្នក​ទាំងពីរ​ជាម​នុស្ស​ដ៏​អស្ចារ្យ ខ្ញុំ​ចង់​ឲ្យ​ក្លាយជា​មិត្តភក្តិ​នឹង​គ្នា​»​។​

​នៅ​ឆ្នាំ​១៩៦៥ ដដែល រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​របស់លោក គឹម អ៊ី​ល​ស៊ុ​ង ដែលមាន​បញ្ហា​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នោះ មិនអាច​រៀបចំ​ការប្រកួត​ជម្រុះ World Cup នៅ​ទឹកដី​របស់ខ្លួន​បានឡើយ​។ ដោយសារតែ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កម្ពុជា​ដែលមាន​ព្រះករុណា​សម្តេចឪ ព្រះបាទ នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បានក្លាយ​ជា​ទឹកដី​កណ្តាល​នៃ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង និង​ក្រុម​អូស្ត្រាលី​សម្រាប់​វគ្គ​ជម្រុះ​ឆ្ពោះទៅកាន់ World Cup ឆ្នាំ​១៩៦៦ ។

​នាពេលនោះ កូរ៉េខាងជើង​បាន​ប្រកួត​ឈ្នះ​ទាំងពីរ​ជើង​នា​ខែវិច្ឆិកា ក្នុង​លទ្ធផល ៦-១ និង​៣-១ ដោយមាន​អ្នកទស្សនា​ប្រមាណ​៤​ម៉ឺន​នាក់ ខណៈ​អង្គ​សម្តេចឪ បានរៀបចំ​ឲ្យ​ក្រុម​អ្នកទស្សនា​ពាក់កណ្តាល​គាំទ្រ​អូស្ត្រាលី និង​ពាក់កណ្តាល​ទៀត​គាំទ្រ​កូរ៉េខាងជើង​។

​នៅ​ឆ្នាំ​១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ហើយ​បន្ត​មក ឈានដល់​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ក្រៅពី​ចិន​ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ដ៏​ជិត​ស្និ​ទ្ធិ កូរ៉េខាងជើង​បានក្លាយ​ជាទី​ដែល​សម្តេចឪ គង់នៅ​នី​រទេស​ព្រះកាយ​រហូតដល់​ឆ្នាំ​១៩៩១ ។​

​នៅ​ឆ្នាំ​១៩៧៤ លោក គីម អ៊ី​ល​ស៊ុ​ង បាន​បញ្ជារ​ឲ្យ​មានការ​សាងសង់​រាជដំណាក់​មួយ​ថ្វាយ​សម្តេចឪ នៅ​ភាគ​ខាងជើង​ក្រុង​ព្យុងយ៉ាង ដែល​ហៅថា «Changsuwon Palace» ហើយ​ថែមទាំង​ថ្វាយ​រថយន្ត​ទំនើប និង​ក្រុម​ផលិតភាព​ក្រុម​ផលិត​ភាពយន្ត​មួយក្រុម​ថ្វាយ​ព្រះអង្គ​ផងដែរ​។​

​នៅ​ទីនោះ​ហើយ​ដែល​មេដឹកនាំ​កំពូល​ទាំងពីរ មានឱកាស​ជួបគ្នា​ជា​ញឹកញាប់ ជាពិសេស​នៅ​រាល់​ពិធី​ធំៗ ជាពិសេស​ពិធីបុណ្យ​ប្រពៃណី កម្ពុជា និង​កូរ៉េ លើកលែងតែ​ចន្លោះ​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៩​។ លោក Julio A.Deldres ដែលជា​អ្នកសរសេរ​រាជ​ជីវប្រវត្តិ​សម្តេច​តា បាន​បញ្ជាក់ថា ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១ ទ្រង់​យាង​ស្នាក់នៅ​ក្រុង​ព្យុងយ៉ាង​យ៉ាងហោចណាស់​រយៈពេល​២​ខែ​ក្នុង​១​ឆ្នាំ​។

​ព្រះអង្គ​បាន​យាង​មកកាន់​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩១ ដែល​ហែរ​ហម​ដោយ​អង្គរក្ស​កូរ៉េខាងជើង​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​រ៉​យ​ទ័​រកា​លពី​ឆ្នាំ​១៩៩៤ សម្តេចឪ បាន​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​ទទួលបាន​នូវ​ការការពារ​យ៉ាង​ល្អ​បំផុត​ពី​អង្គរក្ស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កូរ៉េ​ទាំង​២៥​នាក់​។​

​សម្រាប់​សម្តេចឪ លោក គីម អ៊ី​ល​ស៊ុ​ង គឺជា​ព្រះអាទិត្យ​នៃ​មនុស្សជាតិ​។ ក្នុង​ព្រះរាជ​សុន្ទរកថា នា​ពិធីជប់លៀង​មួយទៀត​នៅ​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៨២ សម្តេច​តា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​មហាសេណា​ប្រមុខ គីម អ៊ី​ល​ស៊ុ​ង តាមរយៈ​ការអនុវត្ត​នូវ​ទ្រឹស្តី Tcheullima ដែល​មានន័យថា ទៅមុខ​លឿន​ដូច​សេះ​ដែល​អាច​រត់​បាន​ដល់​១​ម៉ឺន​កន្លែង​ក្នុង​១​ថ្ងៃ​។​

អត្ថបទទាក់ទង

​លោក គីម អ៊ី​ល​ស៊ុ​ង បានទទួល​មរណភាព​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​១៩៩៤ ក្នុង​អាយុ​៨២​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០០៤ សម្តេចឪ បានប្រកាស​យាង​ចូលនិវត្តន៍ ហើយ​បន្ទាប់មក ក្រុមប្រឹក្សារាជសម្បត្តិ បាន​កោះប្រជុំ និង​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសរើស សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ជា​ព្រះមហាក្សត្រ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ឆ្នាំ​២០១១ លោក គីម ជុងអ៊ីល ដែលជា​មេដឹកនាំ​ទី​ពីរ និង​ជា​កូនប្រុស​លោក គីម អ៊ី​ល​ស៊ុ​ង បានទទួល​មរណភាព​។ ក្នុង​ព្រះរាជសារ​រំលែក​ទុក​ផ្ញើ​ទៅកាន់​លោក គីម ជុង​អ៊ុន មេដឹកនាំ​បច្ចុប្បន្ន ដែល​កាលណោះ ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​យោធា​កណ្តាល​នៃ​គណបក្ស​ពលករ​កូរ៉េ សម្តេចព្រះ​វររាជបិតា ទ្រង់មាន​ព្រះរាជចំណារ​ថា​៖ «​យើងខ្ញុំ​ចងចាំ​ជា​ដរាប​នូវ​គុ​ណូ​ប​ការ​គុណ​ដ៏​ធំធេង​របស់​ឯកឧត្តម​លោក​សេនាប្រមុខ គីម ជុងអ៊ីល ដែលមាន​ហឫទ័យ​ដ៏​សប្បុរសធម៌​ពុំ​អាច​ប្រៀបផ្ទឹម​បាន បន្ត​ពី​បិតា​ឯកឧត្តម​លោក​មហាសេនា​ប្រមុខ គីម អ៊ី​ល​ស៊ុ​ង ក្នុងការ​ឧបត្ថម្ភ និង​ផ្តល់នូវ​ការគាំទ្រ​គ្រប់បែបយ៉ាង​ចំពោះ​យើងខ្ញុំ​»​។​

​សម្តេចព្រះ​វររាជបិតា បាន​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ​៨៩​ព្រះវស្សា​។ ជាមួយគ្នានេះ លោក គីម ជុង​អ៊ុន បាន​ថ្លែង​ក្តី​រំលែក​ទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ជាមួយ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​ផងដែរ​៕



Tag:
 សម្តេចព្រះវររាជបិតា
  គីម អ៊ីលស៊ុង
  ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com