ជាតិ
សេដ្ឋកិច្ច
រំពឹងភ្នំពេញភាគខាងត្បូង នឹងមិនដូចកណ្ដាលក្រុង! ខណៈក្រុងប៉ារីសកំពុងជួយសិក្សារៀបចំ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ទទួលបានការជួយសហការពីរដ្ឋបាលក្រុងប៉ារីស ប្រទេសបារាំង ចាប់តាំងពីឆ្នាំ២០១៦ មក លើការសិក្សាលទ្ធភាពរៀបចំនគរូបនីយកម្មនៅភាគខាងត្បូងភ្នំពេញឲ្យបានល្អ។ លទ្ធផលនៃការសិក្សានេះជិតបញ្ចប់ទៅហើយ ដែលនឹងផ្ដល់ការបង្ហាញផ្លូវពីការរៀបចំនៅតំបន់នោះ បើសិនណាអាជ្ញាធរសម្រេចចិត្តធ្វើតាមការសិក្សានោះ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមេសានេះ បានបើកសិក្ខាសាលាមួយដើម្បីបង្ហាញលទ្ធផលពីការសិក្សាតំបន់ភាគខាងត្បូងភ្នំពេញ។ ប៉ុន្តែអ្នកនាំពាក្យសាលារាជធានី លោក ម៉េត មាសភក្ដី ឲ្យដឹងថា ដោយសារមានតម្រូវការវាយតម្លៃឡើងវិញនៅផ្នែកខ្លះ ដូចនេះអ្នកជំនាញនឹងបន្តការងារដើម្បីបញ្ចប់ការសិក្សាក្នុងពេលឆាប់ខាងមុខ។
លោក ម៉េត មាសភក្ដី ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គម្រោងនេះសិក្សាលើការរៀបចំនគរូបនីយកម្មនៅតំបន់ភាគខាងត្បូងភ្នំពេញ ម្ដុំបឹងជើងឯក ខណ្ឌដង្កោជាដើម ដែលជាការគិតគូរទុកជាមុន ខណៈមានកំណើនប្រជាជន។ ក្នុងនោះអ្នកជំនាញសិក្សាលើការរៀបចំហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹកបញ្ចៀសការជន់លិច ជាដើម រួមទាំងរៀបចំទុកលំហបៃតងនៅតំបន់នោះ។ នេះបើតាមលោក ភក្ដី ។
ការសិក្សារបស់បារាំង នឹងក្លាយជាប្លង់មេ ឬគោលការណ៍ណែនាំ ឬយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ លោក ម៉េត មាសភក្ដី មានប្រសាសន៍យ៉ាងនេះថា៖«យើងនឹងពិចារណានៅពេលលទ្ធផលសិក្សាចេញជាស្ថាពរ ហើយយើងនឹងសម្រេចថាធ្វើតាមអ្វីដែលជាការសិក្សានោះ ឬយ៉ាងណា?។ លោកបន្ថែមថា ទោះយ៉ាងណាសាលារាជធានីសាទរចំពោះការជួយរបស់បារាំង ដែលមានបទពិសោធន៍លើបញ្ហានេះ។
នេះជាបំណងរបស់អាជ្ញាធរក្នុងការរៀបចំភ្នំពេញភាគខាងត្បូងឲ្យបានល្អ ស្របនឹងកំណើនប្រជាជនក្នុងក្រុងភ្នំពេញ និងកំណើនអភិវឌ្ឍន៍ទៅថ្ងៃមុខ ព្រមទាំងដើម្បីបញ្ចៀសបទពិសោធន៍កណ្ដាលក្រុងក្នុងស្ថានភាពសព្វថ្ងៃ។ លោក ម៉េត មាសភក្ដី ប្រាប់ដូច្នេះថា៖«យើងចង់រៀបចំតំបន់ប៉ែកខាងនោះ ព្រោះបន្តិចទៀតទៅកំណើនប្រជាជនកាន់តែច្រើន ដូចនេះការត្រៀមគិតគូរទុកជាមុន ជារឿងយើងត្រូវធ្វើ តំបន់ណាជាលំហបៃតង កន្លែងណាត្រូវធ្វើអ្វី ហេដ្ឋារចនាសម្ព័ន្ធបែបណា ដែលនឹងមិនមានឧបសគ្គធ្វើឲ្យកកស្ទះទេ។ លោកបន្តថា៖«ព្រោះបទពិសោធកណ្ដាលក្រុង ដែលបន្សល់ទុកតាំងពីសម័យបារាំង ផ្លូវតូចៗ ដោយយើងមិននឹកស្មានមានប្រជាជនរាប់លាននាក់ធ្វើដំណើរដូចសព្វថ្ងៃនេះទេ»។
ភាគខាងត្បូងភ្នំពេញ កំពុងទាញការចាប់អារម្មណ៍ខ្លាំង ខណៈមានសន្ទុះនៃរីកលូតលាស់នៅតំបន់នោះ ខណៈផ្នែកកណ្ដាលក្រុងកាន់តែចង្អៀត ពិបាកធ្វើចរាចរណ៍ ស្ទះលូទឹកលិចជាដើម។ ផ្លូវ ៦០ម៉ែត្រ ផ្លូវក្រវាត់ក្រុង គម្រោងបុរី ផ្សារទំនើប ដែលសុទ្ធសឹងតែជាគម្រោងធំៗកំពុងមានវត្តមាននៅទីនោះជាបណ្ដើរៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com