អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួប​មេដឹកនាំ​កូរ៉េ​៖ គីម ជុង​អ៊ុន ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ ជាន់​ទឹកដី​កូរ៉េខាងត្បូង​
27, Apr 2018 , 7:26 am        
រូបភាព
​នៅ​ថ្ងៃទី​២៧ ខែមេសា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ដើរ​ឆ្លងកាត់​បន្ទាត់​ព្រំដែន​បែងចែក​ឧបទ្វីប​កូរ៉េ​ដើម្បី​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅឯ​តំបន់​គ្មាន​កងទ័ព​។ លោក គីម ក្លាយជា​មេ​ដឹ​នាំ​កូរ៉េខាងជើង​ទីមួយ ដែល​បានធ្វើ​ដំណើរ​ចូល​ទឹកដី​កូរ៉េខាងត្បូង ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​១៩៥៣ ។ ជំនួប​មេដឹកនាំ​កូរ៉េ​លើក​នេះ​នឹង​ផ្ដោតលើ​ការលុបបំបាត់​នុយក្លេអ៊ែ​រ និង​ការបង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​ជំនួប​មេ​ដឹ​នាំ​កូរ៉េ​លើក​ទី​បី បានចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ស្វាគមន៍​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខ្សែ​សីមា​ព្រំដែន​ដែន​ក្នុងភូមិ​ប៉ាន់​មុន​ជុម​នៃ​តំបន់​គ្មាន​កងទ័ព​ ហើយបាន​ចាប់ដៃគ្នាបង្ហាញពីភាពស្និទ្ធស្នាលផង។ នេះ​ជា​លើក​ទី​ដំបូង ដែល​មេដឹកនាំ​កូរ៉េខាងជើង​ជាន់​ទឹកដី​កូរ៉េខាងត្បូង​ក្នុងពេល​ជាង​៦៥​ឆ្នាំ ខណៈ​កាលពី​ខែកុម្ភៈ លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន ក្លាយជា​សមាជិកគ្រួសារ​ត្រកូល គីម ទីមួយ​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​។​
 
​ក្នុង​កម្មវិធី​បដិសណ្ឋារកិច្ច លោក គីម ជុង​អ៊ុន ដែល​អមដំណើរ​ដោយ​លោក មូ​ន ចេ​អ៊ី​ន ត្រូវ​បានទទួល​ដោយ​កងកិត្តិយស​កូរ៉េខាងត្បូង មុននឹង​បន្តដំណើរ​ទៅកាន់​អាគារ​សន្តិ​ភាពជា​ទីតាំង​ចរចា​សម្រាប់​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី​។ នេះ​ក៏​ជា​លើកដំបូង​ដែរ ដែល​មេ​ដឹ​នាំ​កូរ៉េខាងជើង​ត្រួតពល​កងទ័ព​កូរ៉េខាងត្បូង​បែបនេះ​។ កូរ៉េខាងត្បូង​បានរៀបចំ​ពិធី​ទទួល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ក្នុងនាម​ជា​ភ្ញៀវ​រដ្ឋ​តែម្ដង​។  
 
​ប្រតិភូ​របស់​កូរ៉េ​ទាំងសងខាង​សុទ្ធតែជា​មន្ត្រីជាន់ខ្ពស់​ទាំង​ស៊ីវិល និង​យោធា​។ ប្រមុខ​កងទ័ព រដ្ឋមន្ត្រី​ការពារជាតិ រដ្ឋមន្ត្រី​បរទេស និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀតរ​បស់​កូរ៉េ​ទាំងពីរ​បាន​ចូលរួម​ក្នុងជំនួប​ទល់មុខ​លើក​នេះ​។ លោក គីម ជុង​អ៊ុន ក៏បាន​នាំ​ប្អូនស្រី គីម យ៉ូ​ចុង និង​ប្រធានសភា គីម យ៉ុង​ណា​ម ទៅ​កូរ៉េខាងត្បូង​ដែរ​។​
 
​មួយថ្ងៃ​មុន​ជំនួប​នេះ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​និយាយថា មេដឹកនាំ​កូរ៉េ​ទាំងពីរ​នឹង​ជជែក​ពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​ផ្សេងទៀត​រាប់ទាំង​ការបង្រួបបង្រួម​ផង​។ សន្តិភាព​អចិន្ត្រៃយ៍ គឺជា​រឿង​សំខាន់ ដ្បិត​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ បញ្ចប់​ដោយ​យុទ្ធសន្តិភាព មិនមែន​កិច្ចព្រមព្រៀង​អ្វី​ឡើយ​។ ជា​បច្ចេកទេស កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​ធ្វើសង្គ្រាម​នៅឡើយ​។​
 
​ជំនួប​ដែល​ត្រូវធ្វើ​ពេញ​មួយថ្ងៃ​នេះ ជា​ជំនួប​មេដឹកនាំ​កូរ៉េ​លើកទីមួយ​ធ្វើ​នៅ​ទឹកដី​កូរ៉េខាងត្បូង ឯ​ជំនួប​ពីរដង​មុន​ធ្វើ​នៅ​កូរ៉េខាងជើង​ទាំងអស់​។ ក្នុង​ឆ្នាំ​២០០០ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង គីម ដេ​ជុង បាន​ទៅ​ជួប​អតីត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល ដល់​រដ្ឋធានី​ព្យុងយ៉ាង​។ ដល់​ឆ្នាំ​២០០៧ អតីត​ប្រធានាធិបតី រ៉ូ មូ​យុន ក៏​ធ្វើដំណើរ​តាម​រថយន្ត​ទៅ​ជួប​លោក គីម ជុងអ៊ីល នៅ​កូរ៉េខាងជើង​ជាថ្មីទៀត​។​

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com