អន្តរជាតិ
នយោបាយអន្តរជាតិ
ជំនួបមេដឹកនាំកូរ៉េ៖ គីម ជុងអ៊ុន ថា ប្រវត្តិសាស្ត្រថ្មីចាប់ផ្ដើមហើយ មេដឹកនាំកូរ៉េទាំងពីរចាប់ដៃស្វាគមន៍គ្នាមុនជំនួបចរចា (រូបភាព AFP)
× ជំនួបមេដឹកនាំកូរ៉េទាំងពីរបានចាប់ផ្ដើមហើយនៅថ្ងៃទី២៧ ខែមេសានេះ នៅអាគារសន្តិភាព ប៉ែកខាងត្បូងខ្សែព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េក្នុងតំបន់គ្មានយោធា។ នេះជាជំនួបលើកទីបីរវាងមេដឹកនាំកូរ៉េទាំងសងខាង បន្ទាប់ការបញ្ចប់សង្គ្រាមកូរ៉េនៅឆ្នាំ១៩៥៣ ហើយជាលើកទីដំបូងដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនៃជំនួបមេដឹកនាំអន្តរកូរ៉េ។
បន្ទាប់ពីបញ្ចប់កម្មវិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ផ្ដើមជំនួបចរចាទល់មុខនៅក្នុងអាគារសន្តិភាពនៃបរិវេណភូមិប៉ាន់មុនជុម។ នេះជាលើកទីមួយដែលមេដឹកនាំកូរ៉េទាំងពីរជួបគ្នានៅព្រំដែន ដែលកន្លងមកជាតំណាងនៃការបែងចែកបងប្អូនកូរ៉េ និងការប្រឈមមុខផ្នែកយោធា។ ប៉ុន្តែពេលនេះ តំបន់គ្មានយោធានេះក្លាយជាទីតាំងនៃការចរចាសន្តិភាព និងការបង្រួបបង្រួម។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ក្នុងពេលទទួលលោក គីម ជុងអ៊ុន នៅបន្ទាត់ព្រំដែន លោក មូន ចេអ៊ីន ក៏បានចូលទៅកាន់ទឹកដីកូរ៉េខាងជើងមួយភ្លែតតាមការអញ្ជើញរបស់លោក គីម ដែលនេះជាសញ្ញាបង្ហាញពីការបង្រួបបង្រួមបងប្អូនកូរ៉េទាំងមូល។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះប្រាប់មេដឹកនាំកូរ៉េខាងជើងថា លោកសប្បាយចិត្តដែលបានជួបគ្នាពេលនេះ។ ឯលោក គីម វិញបានសរសេរក្នុងសៀវភៅក្រាំងមាសថា ប្រវត្តិសាស្ត្រថ្មីបានចាប់ផ្ដើមហើយ។
ក្នុងជំនួបនេះ លោក មូន អង្គុយអមដោយប្រធានទីភ្នាក់ងារចារកម្ម និងប្រធានសេនាធិការប្រធានាធិបតី ឯលោក គីម វិញ មានប្អូនស្រីបង្កើត គីម យ៉ូចុង និងអនុប្រធានបក្សពលករ។ ចម្ងាយរវាងកៅអីលោក មូន ទៅកៅអីលោក គីម មានប្រវែង២០១៨មីលីម៉ែត្រ ដែលជានិមិត្តរូបនៃជំនួបលើកទីបីក្នុងឆ្នាំ២០១៨ ។
ពីបន្ទប់ប្រជុំ លោក មូន សង្ឃឹមថា ការចរចាលើកនឹងមានកិច្ចព្រមព្រៀងមួយដើម្បីជាអំណោយសម្រាប់ប្រជាជនកូរ៉េ និងពិភពលោក ហើយដំណើររបស់លោក គីម នៅតំបន់គ្មានយោធា ជានិមិត្តរូបនេះសន្តិភាព មិនមែនការបែកបាក់ឡើយ។ ឯលោក គីម វិញ បង្ហាញបំណងជជែកដោយស្មោះត្រង់ជាមួយសមភាគីកូរ៉េខាងត្បូង និងថា លោកមានការតាំងចិត្តដើម្បីផ្ញើសញ្ញាចាប់ផ្ដើមប្រវត្តិសាស្ត្រថ្មី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
កម្មវិធីនុយក្លេអ៊ែរ ការបង្រួបបង្រួម និងការបង្កើតសន្តិភាពពិតប្រាកដមួយ គឺជារបៀបវារៈសំខាន់។ ការបង្កើតសន្តិភាពអចិន្ត្រៃយ៍ គឺជារឿងសំខាន់ ហើយដែលត្រូវបានរំពឹងថា មានការយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមួយ ដ្បិតសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បញ្ចប់ដោយយុទ្ធសន្តិភាព មិនមែនសន្ធិសញ្ញាអ្វីឡើយ។ ជាបច្ចេកទេស កូរ៉េទាំងពីរស្ថិតក្នុងស្ថានភាពធ្វើសង្គ្រាមនៅឡើយ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
មូន ចេអ៊ីន
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com