អន្តរជាតិ
នយោបាយអន្តរជាតិ
ការចាប់ដៃដែលធ្វើឲ្យញាប់ញ័រពិភពលោក
× ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងដែលគ្រប់គ្នាទន្ទឹងរង់ចាំ ប្រព្រឹត្តទភនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឯសណ្ឋាគារ Capella លើកោះសេនតូសា ប្រទេសសិង្ហបុរី។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់រលាក់ដៃគ្នា មុននឹងដើរទៅជួបគ្នា៤៥នាទីសិន មុនចាប់ផ្តើមប្រជុំធំរយៈពេល ៩០ នាទីទៀត។ នេះជាជំនួបលើកទីមួយរវាងមេដឹកនាំប្រទេសគូសត្រូវទាំងពីរ ដោយមានការរំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េជារបៀបវារសំខាន់។
ជំនួបជាប្រវត្តិសាស្ត្រផ្សេងទៀតរវាងមេដឹកនាំពិភពលោក ដែលអ្នកសារព័ត៌មានអន្តរជាតិចាត់ទុកថាជាការចាប់ដៃកក្រើកពិភពលោក៖
ជំនួប អារ៉ាហ្វាត-រ៉ាប៊ីន ឆ្នាំ១៩៩៣៖
បន្ទាប់ពីមានការចរចាដោយសម្ងាត់នៅន័រវែស លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល យីតហ្សាក់ រ៉ាប៊ីន (Yitzhak Rabin) និងមេដឹកនាំប៉ាឡេស្ទីន យ៉ាសសេ អារ៉ាហ្វាត (Yasser Arafat) បានជួបគ្នានៅ South Lawn សេតវិមាន កាលពីថ្ងៃទី១៣ ខែកញ្ញា នាពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងអូស្លូ។ នាពេលនោះ លោកប្រធានាធិបតី ប៊ីល គ្លីនតុន ជាអន្តរការី។
ជំនួប អូបាម៉ា-កាស្ត្រូ ឆ្នាំ២០១៣៖
នាពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធលោក Nelson Mandela កាលពីឆ្នាំ២០១៣ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងមេដឹកនាំគុយបា លោក រ៉ាអ៊ូល កាស្ត្រូ បានជួបគ្នា និងចាប់ដៃគ្នាជាលើកដំបូង។ ករណីនេះត្រូវបានចាត់ទុកជាជំនួបប្រវត្តិសាស្ត្រដែលមានចំណងល្អក់ករករនឹងគ្នា។ ក្រោយមកទៀត ទំនាក់ទំនងកាន់តែទូលំទូលាយ រហូតដល់មានដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ទៅគុយបា កាលពីឆ្នាំ២០១៦ ។
ជំនួប ម្ចាស់ក្សត្រីយ៍ អេលីហ្សាបែត- លោក McGuinness ឆ្នាំ២០១២
ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់ក្នុងដំណាក់កាលឆ្ពោះទៅកាន់សន្តិភាពនៅអៀរឡង់ខាងជើង ម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាបែតទីពីរ បានជួបជាប្រវត្តិសាស្ត្រជាមួយលោក Martin McGuinness អតីតឧត្តមសេនីយ៍ ហើយក្រោយក្លាយជាឧបនាយករដ្ឋមន្ត្រីអៀរឡង់ខាងជើង។ ជំនួបកាលពីឆ្នាំ២០១២ នោះ នាំឲ្យការបញ្ចប់នូវជម្លោះបង្ហូរ និងអំពើហិង្សានានា។
ជំនួប ស៊ី-ម៉ា ឆ្នាំ២០១៥
បន្ទាប់ពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩ ប្រធានាធិបតីចិន និងមេដឹកនាំតៃវ៉ាន់ បានជួបគ្នាលើកដំបូងបំផុតនៅសិង្ហបុរី នាឆ្នាំ២០១៥។ លោក ស៊ី ជិនភីង និងលោក Ma Ying-jeou បានចាប់ដៃគ្នាជាង១នាទី ហើយពោរពេញទៅដោយស្នាមញញឹម។ ជំនួបមេដឹកនាំទាំងពីរ សំដៅលើការទប់ស្កាត់បញ្ហានានារវាងតំបន់ដីគោក និងតំបន់កោះ។
ជំនួប គីម-មូន (អន្តរកូរ៉េ) ខែមេសា ឆ្នាំ២០១៨
លោក គីម ជុងអ៊ុន បានដើរចូលទៅបរិវេណអាគារសន្តិភាព ប៉ែកខាងត្បូងខ្សែព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េក្នុងតំបន់គ្មានយោធា ដោយមានលោក មូន ចេអ៊ីន រង់ចាំធ្វើបដិសណ្ឋារកិច្ច។ នេះជាជំនួបប្រវត្តិសាស្ត្រលើកទីបីរវាងមេដឹកនាំកូរ៉េទាំងពីរ ប៉ុន្តែជាលើកដំបូងបំផុតដែលមេដឹកនាំកូរ៉េខាងជើង ចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង៕
រូបថតទាំងអស់៖ AFP
© រក្សាសិទ្ធិដោយ thmeythmey.com