អន្តរជាតិ
គីម ជុង​អ៊ុន សង្ឃឹមថា កូរ៉េ​ទាំងពីរ​មិន​ដើរ​តាម​លំនាំ​ចាស់​ដែល​ចរចា​ហើយ​បរាជ័យ​រួច​ចរចា​ទៀត​
27, Apr 2018 , 11:27 am        
រូបភាព
​ជំនួប​ចរចា​ពេលព្រឹក​ថ្ងៃទី​២៧ ខែមេសា រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបញ្ចប់​ហើយ​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​សុទ្ធតែ​បានប្រកាស​ជំហរ​ជជែក​គ្នា​ដោយស្មោះ​ត្រង់ បើកចំហ និង​បានបង្ហាញ​ក្ដី​សង្ឃឹមថា ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី​នេះ នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​មិន​ខាន​។ សេចក្ដីថ្លែងការណ៍​រួម​នឹងត្រូវ​ប្រកាស​នៅ​ចុងបញ្ចប់​ជំនួប​ពេល​ល្ងាច ហើយ​ដែល​គេ​រំពឹងថា នឹង​និយាយ​ពី​សន្តិភាព និង​ការបង្រួបបង្រួម​។​



​មេដឹកនាំ​កូរ៉េ​ទាំងពីរ​បានបង្ហាញ​ទឹកមុខ​រីករាយ​នៅក្នុង​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​បី​នៅ​ថ្ងៃទី​២៧ ខែមេសា ដែល​ធ្វើឡើង​នៅ​អាគារ​សន្តិភាព ក្បែរ​ព្រំដែន​កូរ៉េ​ទាំងពីរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ចាប់ដៃ​ស្វាគមន៍​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅត្រង់​ខ្សែ​ព្រំដែន ដែលជា​សញ្ញា​នៃ​សន្តិភាព និង​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​។​

​ថ្លែង​ក្នុងជំនួប​ចរចា​ពេលព្រឹក លោក គីម បាន​ប្រា​ប់លោក មូ​ន ថា លោក​មាន​អារម្មណ៍​យ៉ាងច្រើន​ពេល​ដើរចូល​ទឹកដី​កូរ៉េខាងត្បូង​។ ខណៈ​មានការ​រំពឹង​ខុសៗ​គ្នា​ជុំវិញ​ជំនួប​លើក​ទី​បី​នេះ ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង​បាន​សន្យា​បង្កើត​កិច្ចព្រមព្រៀង​យូរអង្វែង​មួយ តែ​លោក​បាន​និយាយ​ទុក​ដែរ​ថា ទោះ​ជាមាន​កិច្ចព្រមព្រៀង​ល្អ​បែបណា​ក្ដី បើ​មិនមាន​ការអនុវត្ត​ត្រឹមត្រូវ​ទេ វា​នឹង​នាំទៅរក​ការខកចិត្ត​ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ជាមួយគ្នា​នោះ លោក គីម ដែលជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ជាន់​ទឹកដី​កូរ៉េខាងត្បូង​ក៏​សង្ឃឹមថា កូរ៉េ​ទាំងពីរ​នឹងមិន​ដើរ​តាម​លំនាំ​ចាស់​ឡើយ ដែល​ការសន្យា​ត្រូវបាន​ព្រមព្រៀង និង​ក៏ត្រូវ​លុបចោល​វិញ ហើយ​កូរ៉េ​ទាំងពីរ​ក៏​ត្រឡប់​ទៅកាន់​ចំណុច​ចាប់ផ្ដើម​ម្ដងទៀត​នោះ​។ មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង​រូបនេះ​រំពឹងថា កូរ៉េ​សងខាង​នឹង​កសាង​អនាគត​រួមគ្នា​។ ឯ​លោក មូ​ន វិញ ក៏បាន​សាទរ​សម្ដី​របស់លោក គីម ហើយក៏​សង្ឃឹម​ដូចគ្នា​ថា កិច្ចព្រមព្រៀង​មួយ​នឹង​លេច​ជា​រូបរាង​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក គីម ក៏បាន​បង្ហាញ​បំណង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​សេ​អ៊ូ​ល បើ​មានការ​អញ្ជើញ​។ លើ​បញ្ហា​នេះ អ្នកនាំពាក្យ​លោក មូ​ន និយាយថា​៖ «​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ប្រាប់​ភ្ញៀវ​របស់ខ្លួន​ថា លោក​នឹង​បង្ហាញ​ទេសភាព​ស្អាត​ជាង​នេះ ប្រសិនបើ​ទៅ​វិមាន​ខៀវ (​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​)​។ លោក គីម ឆ្លើយថា មែនឬ​? ខ្ញុំ​នឹង​ទៅ​វិមាន​ខៀវ​បាន​គ្រប់ពេល បើ​លោក​អញ្ជើញ​ខ្ញុំ​»​។

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពេលព្រឹក លោក គីម បាន​ជិះឡាន​ត្រឡប់​ទៅកាន់​ទឹកដី​កូរ៉េខាងជើង​វិញ ដើម្បី​ពិសារ​អាហា​ថ្ងៃត្រង់ មុននឹង​ធ្វើដំណើរ​ចូល​ទឹកដី​កូរ៉េខាងត្បូង​ម្ដងទៀត​ដើម្បី​ចាប់ផ្ដើម​ចរចា​ជុំ​ទី​ពីរ​។ មុន​ជំនួប​ពេល​ថ្ងៃ មេ​ដឹក​កូរ៉េ​ទាំងពីរ​នឹង​ដាំ​ដើមឈើ​ជា​និមិត្ត​រួច រួច​ដើរ​លំហែ​បន្តិច​សិន​។ ពេល​បញ្ចប់​កិច្ចប្រជុំ​ពេញ​មួយថ្ងៃ មេដឹកនាំ​ទាំងពីរ​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ​៕  


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com