ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង្គការ​អន្តរជាតិ​៧ ស្នើ​ឲ្យ​សមាជិក​អាស៊ាន ជួយ​ឲ្យ​CNRP បាន​ចូលរួម​បោះឆ្នោត
27, Apr 2018 , 1:42 pm        
រូបភាព
​ភ្នំពេញ​៖ សំណើ​មួយ​ដែល​ស្នើ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត ពី​សំណាក់​អង្គការ​អន្តរជាតិ​ចំនួន​៧ ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​សិង្ហ​បុរី ដើម្បី​សុំ​ឲ្យ​យកទៅ​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច សន្និដ្ឋាន​ជាមុន​ថា ប្រធានបទ​ក្រៅផ្លូវការ ដែល​អង្គការ​អន្តរជាតិ​ស្នើឡើង​នេះ នឹងមិន​ត្រូវបាន​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឡើយ​។


  
​មុននឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែលមាន​ប្រទេស​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ ចាប់ផ្តើម​ឡើង អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​៧ ដែល​ឧស្សាហ៍​ចេញមក​រិះគន់​រដ្ឋាភិបាល​កម្ពុជា ក៏បាន​សរសេរ​លិខិត​រួមគ្នា​មួយ ក្រោម​ចំណងជើង​ថា «​អស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​» ផ្ញើ​ទៅកាន់​លោក Vivivan Balakrishnan  រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​។ គោលបំណង​របស់​ពួកគេ គឺ​ចង់​ឲ្យ​មេដឹកនាំ​សិង្ហ​បុរី ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ផ្សេងទៀត អំពី​ដំណោះស្រាយ​នយោបាយ​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែលប្រព្រឹត្តទៅពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​ ខណៈ​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ផងដែរ​។ 
 
​ក្នុង​លិខិត​របស់ខ្លួន អង្គការ​អន្តរជាតិ​ទាំង​៧ បានលើកឡើង​ពី​ការចាប់​ឃុំ​លោក កឹម សុខា, ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ,​ ការបិទ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ, ​ការរារាំង​សេរីភាព​បញ្ចេញមតិ,​ ការបង្ក្រាប​លើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម​។ អង្គការ​អន្តរជាតិ​ទាំងនោះ បាន​វាយតម្លៃថា ទង្វើ​ខាងលើនេះ គឺជា​ដើមចម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ 
 
​លិខិត​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សកម្មភាព​បច្ចុប្បន្ន និង​សកម្មភាព​ពីមុនៗ របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺ​មិន​ស្របទៅនឹង​គោលការណ៍​ស្នូល​របស់​អាស៊ាន​ឡើយ​។ សកម្មភាព​ទាំងនេះ គួរតែ​ត្រូវបាន​គេ​មើលឃើញថា ជាការ​រំលោភ​យ៉ាងច្បាស់​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១»​។ 
 
​បន្ទាប់មក​អង្គការ​អន្តរជាតិ​ខាងលើ ក៏បាន​លើកឡើង​ពី​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។ ពួកគេ ចាត់ទុកថា ការបោះឆ្នោត នឹង​មិនមាន​ភាពស្រប​ច្បាប់​ឡើយ ប្រសិនបើ​ស្ថានការណ៍​បច្ចុប្បន្ន មិន​ប្រែ​ទៅរក​ភាពល្អប្រសើរ​វិញ​។ 
 
​អង្គការ​អន្តរជាតិ​ទាំងនោះ បាន​សង្កត់ធ្ងន់​បែបនេះ​ថា​៖«​យើង​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន ដោយ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​អំពាវនាវ​ឲ្យ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន​។ […..] វា​មិនយឺត​ពេល​ទេ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​កែប្រែ​ឡើងវិញ​នូវ​បរិយាកាស​យុត្តិធម៌ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ ក្នុង​ដំណើរការ​បោះឆ្នោត​មួយ ដែល​គួរ​ឲ្យ​ទុកចិត្ត​។ ដើម្បី​បង្កើត​លក្ខខណ្ឌ ដែល​អាច​ឲ្យ​មានការ​បោះឆ្នោត គួរ​ឲ្យ​ទុកចិត្តបាន លុះត្រាតែ​រួមបញ្ចូល​គណបក្ស​សង្គ្រោះ​ជាតិ​»​។​
 
​អង្គការ​អន្តរជាតិ​ខាងលើ ក៏បាន​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី រួមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត វិល​ត្រឡប់មក​កម្ពុជា​វិញ មុននឹង​ការបោះឆ្នោត​មកដល់​។ 
 
​ក្រុម​អង្គការ​អន្តរជាតិ​ទាំង​៧​នោះ រួមមាន ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR), ​បណ្តាញ​ប្រជាធិបតេយ្យ​អាស៊ី (ADN), វេទិកា​អាស៊ី ដើម្បី​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ (Forum-Asia), ​បណ្តាញ​អាស៊ី ដើម្បី​ការបោះឆ្នោត​ដោយ​សេរី (ANFREL), ក្រុមប្រឹក្សា ដើម្បី​ប្រជាធិបតេយ្យ​និង​សេរីភាព​ក្នុង​តំបន់​អាស៊ី (CALD), ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (HRW) និង​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិ​ប​ត្យេ (NDI)​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមក​ប្រតិកម្ម​នឹង​អង្គការ​អន្តរជាតិ​ទាំង​៧ ដែល​ស្នើ​ឲ្យ​លើក​ប្រធានបទ​ស្តីពី​បញ្ហានយោបាយ​កម្ពុជា ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ លោក លើកឡើងថា កិច្ចប្រជុំ​កំពូល​អាស៊ាន មាន​ប្រធានបទ​ច្បាស់លាស់ ដែល​ត្រូវបាន​កំណត់ទុក ដូច្នេះ​ប្រធានបទ​ផ្សេង មិនអាច​ត្រូវបាន​លើក​ទៅ​ពិភាក្សា​នោះទេ​។ 
 
​តាមរយៈ​សារ​ដែល​សរសេរ​ទៅកាន់​ក្រុម​អ្ន​កាសែត​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) អ្នកនាំពាក្យ​បក្ស​កាន់អំណាច ហ៊ាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​គ្មានទេ ប្រធានបទ [ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​] ដែល​ស្នើ​ដោយ​ពួក​អគតិ រួមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​តូច ក្នុង​បំណង​ចង់​ឲ្យ​ពួក​ឧទ្ទាម​ក្រៅច្បាប់​កម្ពុជា បាន​រស់​ឡើងវិញ និង​បាន​ចូលរួម​ការបោះឆ្នោត​»​។ លោក បញ្ជាក់​ចុងក្រោយ​ថា ធម្មនុញ្ញ​អាស៊ាន មិន​ឲ្យ​មានការ​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ឡើយ​។ 
 
​ក្រៅពី​អង្គការ​អន្តរជាតិ ក៏មាន​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នានា ដែល​មិន​ពេញចិត្ត​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែរ​។ ប្រទេស​មួយចំនួន ដូចជា​សហរដ្ឋ​អា​រិ​ក និង​សហភាព​អឺរ៉ុប​ជាដើម បាន​ផ្អាក​ជំនួយ​ផ្នែក​ការបោះឆ្នោត និង​ដាក់ទណ្ឌកម្ម​ខ្លះៗ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ 
 
​បំណង​របស់​សហគម​ន៍​អន្តរជាតិ​ទាំងនោះ គឺ​ចង់​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បើកផ្លូវ​ឲ្យ​គណបក្សប្រឆាំង​មួយ​នេះ អាច​រស់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ប៉ុន្តែ​មកដល់ពេលនេះ សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុមប្រឆាំង មិនទាន់​កើតមាន​នៅឡើយ​ទេ ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។ 
 
​នៅ​ថ្ងៃ​ទៅ​ទី​៣០ ខែមេសា ការចុះឈ្មោះ​គណបក្ស ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នឹង​ចាប់ផ្តើម​ហើយ និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្លាប់​អះអាងថា គណបក្ស​ណា មិនបាន​ចុះឈ្មោះ គឺ​ស្មើនឹង​មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​៕ 
 
 

Tag:
 បោះឆ្នោត​
  សហគមន៍​អន្តរជាតិ​
  នយោបាយ​កម្ពុជា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com