អន្តរជាតិ
លោក Mattis៖ មិនទាន់មាន​ការសម្រេច​ថា​សហរដ្ឋអាមេរិក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រ​អ៊ីរ៉ង់​នោះទេ​
27, Apr 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Jim Mattis បាន​ថ្លែងថា មិនទាន់មាន​ការសម្រេច​ជុំវិញ​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​នោះទេ​ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុងធ្វើការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​ទ្វីប​អ៊ឺរ៉ុប​ដើម្បី​ពិនិត្យមើល​រក​វិធីសាស្ត្រ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​មាន​ភាពប្រសើរឡើង​។​



​លោក Mattis បាន​ថ្លែង​នៅក្នុង​សវនាការ​ចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ចការ​យោធា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​យើង​នៅ​មិនទាន់​ធ្វើការ​សម្រេចចិត្ត​នៅឡើយ​ទេ ថា​តើ​យើង​អាច​កែតម្រូវ​កិច្ចព្រមព្រៀង​នេះ ឬ​លោក​ប្រធានាធិបតី​ក៏​មិនទាន់​សម្រេច​ដកខ្លួន​ចេញ​ឬ​យ៉ាងណាទេ​»​។​

​ប្រធានាធិបតី​បារាំង​លោក​Emmanuel Macron ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​ថ្លែងថា​លោក​ជឿថា​លោក​ប្រធានាធិបតី​Donald Trump នឹង​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​។ លោក Macron​បាន​ថ្លែង​នៅក្នុង​សិន្ន​សីទ​សារព័ត៌មាន​ដោយ​ធ្វើការ​សង្ខេប​អំពី​ដំណើរ​ទស្សនៈកិច្ច​រយៈពេល​បី​ថ្ងៃ​របស់លោក​ថា «​ខ្ញុំ​មិនដឹង​ពី​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​នោះទេ ប៉ុន្តែ​តាម​ការវិភាគ​ភ្លាមៗ​ទៅលើ​សេចក្តីថ្លែងការណ៍​របស់​លោក Trump ធ្វើ​ឲ្យ​ខ្ញុំ​គិតថា​លោក​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​»​។​

​នៅពេល​សួរថា តើ​ការសម្រេច​បែបនេះ​នឹង​បង្ហាញ​ពី​បរាជ័យ​របស់លោក​ឬទេ​? លោក Macron ឆ្លើយថា​លោក​គ្មាន​តួនាទី​បញ្ចុះបញ្ចូល​លោក Trump ឲ្យ​ដើរ​ចេញពី​យុទ្ធនាការ​នៃ​ការប្តេជ្ញាចិត្ត​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​អាច​បង្ហាញថា​កិច្ចព្រមព្រៀង​នោះ​មាន​លក្ខណៈ​សមស្រប​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃ​ពុធ លោក Macron​បាន​ជំរុញ​ឲ្យ​សភា​សហរដ្ឋអាមេរិក​ធ្វើការ​ធានាថា សហរដ្ឋអាមេរិក​នឹងមិន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះទេ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com