ជាតិ
រុស្ស៊ី សន្យា​ជួយ​បណ្ដុះបណ្តាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​ដល់​នគរ​បាលក​ម្ពុ​ជា​
28, Apr 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា លោក Dmity Tsvetkov បាន​សន្យាថា​រដ្ឋាភិបាល​របស់លោក នឹង​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ប្រឆាំង​ភេរវកម្ម​បន្ថែម​ដល់​នគរបាលជាតិ​កម្ពុ​ជា ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​។ ការសន្យា​របស់​ឯកអគ្គ​រដ្ឋ​រុស្ស៊ី​រូបនេះ ធ្វើឡើង​ពេល​ជួបពិភាក្សា​ជាមួយ​សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​។



​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក Dmity Tsvetkov បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​ពាក់ព័ន្ធ​របស់​រុស្ស៊ី ស្វាគមន៍​ជានិច្ច​ក្នុងការ​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ និង​ប្រឆាំង​ភេរវកម្ម ដោយ​រុស្ស៊ី​នឹង​បន្ត​ជួយ​បណ្តុះបណ្តាល​ជំនាញ​ជាច្រើន​ទៀត​ដល់​នគរបាលជាតិ​កម្ពុជា ក្នុងការ​ថែរក្សា​សន្តិសុខ​ជាតិ​»​។​

​សម្ដេច ស ខេង បាន​ឆ្លើយតប​ថា កម្ពុជា​ស្វាគមន៍​ជានិច្ច​ចំពោះ​ការជួយ​របស់​រុស្ស៊ី ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ ដល់​នគរបាលជាតិ​ក​ម្ពុ​ជា​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចុះផ្សាយ​ពី​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កម្ពុជា​នឹង​ចាត់ចែង​ជា​បន្តបន្ទាប់​ដើម្បី​បញ្ជូន​នគរបាល​កម្ពុជា ទៅ​ហ្វឹកហាត់​ជំនាញ​ប្រឆាំង​ភេរវកម្ម​។

​យោង​លើ​ប្រព​ភ​ដដែល សម្ដេច ស ខេង បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​មិត្តភាព​កម្ពុជា​-​រុស្ស៊ី កំពុង​រីកចម្រើន​ជា​បន្តបន្ទាប់​។ កម្ពុជា​អរគុណ​ជា​ចំពោះ​ការជួយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នាពេល​កន្លងមក​»៕



Tag:
 ស ខេង​
 Dmity Tsvetkov
 ​សន្តិ​ខុស​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com