ជាតិ
អន្តរជាតិ
ភ្នំពេញ, សៀមរាប និងបាត់ដំបង នឹងស្ថិតក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន រូបភាព AFP
× មេដឹកនាំអាស៊ានទាំងដប់ឯកភាពគ្នាទទួលយកគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី ៣២ នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃសុក្រទី ២៧ ខែមេសា។រាជធានីភ្នំពេញ, បាត់ដំបង និងសៀមរាបស្ថិតក្នុងចំណោមគម្រោងដំបូងនៃទីក្រុងឆ្លាតអាស៊ានចំនួន ២៦ផងដែរ។
ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន (ASEAN Smart Cities Network) ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ានសិង្ហបុរីត្រូវបានមេដឹកនាំអាស៊ានឯកភាពគ្នាទទួលយកជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊នលើកទី ៣២ នេះ។ គំនិតផ្តួចផ្តើមនេះនឹងត្រូវដាក់ចេញជាផ្លូវការដោយមេដឹកនាំអាស៊ានទាំងដប់នៅខែវិច្ឆិកាខាងមុខ។
នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ានឆ្នាំនេះលោក លី សៀនឡុង បានបញ្ជាក់ក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ជាគំនិតផ្តួចផ្តើមធំមួយក្នុងចំណោមគំនិតផ្តួចផ្តើមពីរដែលមេដឹកនាំអាស៊ានឯកភាពគ្នាដាក់ចេញ។ គំនិតផ្តួចផ្តើមួយទៀតគឺកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺណិត (ASEAN Cyber Security Cooperation)។
បើ
តាមឯកសារទស្សនាទានស្តីពីបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ ក្នុងជំហានដំបូង ទីក្រុងចំនួន ២៦ នឹងត្រូវដាក់ក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ ហើយក្នុងចំណោមនោះ វាមានបញ្ចូលទាំងទីក្រុងសៀមរាប បាត់ដំបងនិងរាជធានីភ្នំពេញរបស់កម្ពុជាផងដែរ។
តាមពិតទៅ នគរូបនីយកម្មឬការអភិវឌ្ឍទីក្រុងអាស៊ានប្រឈមបញ្ហាច្រើន បើគ្មានការយកចិត្តទុកដាក់ក្នុងនោះមានការកកស្ទះចរចាចរណ៍, បំពុលខ្យល់, ភាពក្រីក្រ គម្លៀតសង្គម ការបែងចែកគ្នារវាងប្រជាជនទីក្រុងនិងជនបទ រួមទាំងបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនផង។ ដូច្នេះហើយការងាកទៅរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាតាមការបង្កើតបណ្តាទីក្រុងឆ្លាតនេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមមុខ។
ឯកសារដដែលនេះបញ្ជាក់ថា បណ្តាញទីក្រុងឆ្លាតនេះមានគោលដៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីសម្រួល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនអាស៊ានទាំង ៦០០លាននាក់។ វានឹងជំរុញការ សហការគ្នាដើម្បីអភិវឌ្ឍផែនការសកម្មភាពសម្រាប់ទីក្រុងឆ្លាត, ចែករម្លែកបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន និងប្រមែរប្រមូលហរិញ្ញវត្ថុពីដៃគូខាងក្រៅរបស់អាស៊ានដូចជាស្ថាប័នហិរញ្ញវត្ថុឬប្រទេសជាដៃគូអភិវឌ្ឍដើម្បីគាំទ្រការអភិវឌ្ឍនៃទីក្រុងឆ្លាតផងដែរ។
តាមពិតទៅ សិង្ហបុរីជ្រើសរើសមូលបទ «អាស៊ានដែលមានភាពអត់ធន់ និងការច្នៃប្រឌិតថ្មី» សម្រាប់កិច្ចប្រជុំឆ្នាំនេះ។ មេដឹកនាំសិង្ហបុរីពន្យល់ថា ការសម្រេចជ្រើសរើសមូលបទបែបនេះដោយសារសិង្ហបុរីមើលឃើញពីបញ្ហាប្រឈមសម្រាប់អាស៊ាននាពេលអនាគត។ អាស៊ានត្រូវពង្រឹងខ្លួនឯង លើកស្ទួយការច្នៃប្រឌិតថ្មី និងប្រើប្រាស់បច្ចេកវិទ្យាដែលអាចសម្របតាមការប្រែប្រួលយ៉ាងរហ័សនៃពិភពលោកផង។ វានឹងជួយដោះស្រាយបញ្ហាប្រឈមសន្តិសុខ បញ្ហាសង្គម និងជំរុញសេដ្ឋកិច្ចអាស៊ានផងដែរ៕
Tag:
អាស៊ាន
ASCN
កម្ពុជា
សិង្ហបុរី
សៀមរាប
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com