ជាតិ
Wifi សាធារណៈ​២​កន្លែង​នៅ​ភ្នំពេញ នឹងដាក់​ឲ្យ​ប្រើ​នៅ​ខែក្រោយ​
28, Apr 2018 , 2:27 pm        
រូបភាព
​ភ្នំពេញ​៖ អ៊ិន​ធឺ​ណិ​ត​សាធារណៈ (Public Wifi) ២​កន្លែង​នៅ​ភ្នំពេញ នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៩   ខែឧសភា ឆ្នាំ​២០១៨​។ ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ខ្លួន​បានរៀបចំ​ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wifi ២​កន្លែង ដែលមាន​ល្បឿន 1Gps (១​ហ្សី​ហ្គា​ប៊ីត​ក្នុង​១​វិនាទី​) នៅ​សួនច្បារ​សម្តេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង​។



​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​បញ្ជាក់ដែរថា នឹង​ដំឡើង​ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wifi ៣​ទីតាំង​ផ្សេងគ្នា​ទៀត ក្នុងនោះ​២​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង គឺ​នៅ​វិទ្យាល័យ​ហ៊ុន សែន ស្រុក​កំពង់លែង និង​វិទ្យាល័យ​ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស និង​១​កន្លែង​ទៀត នៅ​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Wifi​សាធារណៈ​ទាំង​៥​ទីតាំង​នេះ គឺជា​ជំនួយឥតសំណង​របស់​កូរ៉េខាងត្បូង ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​(KT) ជាមួយ​ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍​កម្ពុជា លើ​គម្រោង Public Wifi និង Digital Connective for School៕




Tag:
 Public Wifi
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com