ជាតិ
សន្តិសុខ​ឯកជន ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ផងដែរ​
28, Apr 2018 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ សន្តិសុខ​ឯកជន គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។



​នៅក្នុង​ពិធី​«​បិទ​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​៣» នៅ​ថ្ងៃទី​២៧ ខែមេសា លោក លឹម សុខា​រស្មី បាន​អះអាងថា ភ្នាក់ងារ​សន្តិសុខ​ឯកជន មិន​ត្រឹមតែ រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ជា​កម្លាំង​ជំនួយ ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផងដែរ ខណៈ​កងកម្លាំង​សមត្ថកិច្ច​មិនបាន​ដាក់​គ្រប់​ទីកន្លែង​។​

​លោក លឹម សុខា​រស្មី បាន​ថ្លែង​ក្នុង​កម្មវិធី ដែលមាន​ការចូលរួម​ពី តំណាង​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ជិត​២០០​នាក់​នេះ ថា ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់ ត្រូវតែ​ជ្រាប​គ្រប់គ្នា​ថា សន្តិសុខ​ឯកជន​ពុំមាន​តួនាទី​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន ឬ​សហគ្រាស​គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សាធារណៈ​សន្តិសុខ​សង្គម និង​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ផងដែរ ជាពិសេស​មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​



​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នេះ​ឡើង គឺ​ដើម្បី​គ្រប់គ្រង គាំពារ​សហការ និង​ផ្តល់​និ​ត្យា​នុកូលភាព​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន ដែល​ប្រើប្រាស់​សន្តិសុខ​ឯកជន​ទូទាំងប្រទេស​កម្ពុជា ។​


Tag:
 សន្តិសុខ​ឯកជន​
© រក្សាសិទ្ធិដោយ thmeythmey.com