ជាតិ
កុលាលភាជន៍​៦៤​បំណែក ត្រូវបាន​ស្ថាប័ន​មួយ​របស់​អាមេរិក​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​
28, Apr 2018 , 9:59 pm        
រូបភាព
​សៀមរាប​៖ វិទ្យាស្ថាន Smithsonian របស់​សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ​នេះ បានប្រគល់​កុលាលភាជន៍​ចំនួន ៦៤​បំណែក ដល់​អាជ្ញាធរ​ជាតិ​អប្សរា​។ កុលាលភាជន៍​ទាំងនោះ មាន​ចាន ក្រឡ ខួច -​ល​- ដែលមាន​ប្រភពពី​ខេត្ត​បុរី​រាម ស្ថិតនៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​។​



​លោក អ៊ា ដា​រិ​ទ្ធិ អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការប្រគល់​វត្ថុ​បុរាណ​ទាំងនេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២ ខែមេសា នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ដោយ​វិទ្យាស្ថាន Smithsonian​។ លោក​បន្ថែមថា ស្ថាប័ន​នេះ​គឺមាន​សហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​កាលពី​ដើមខែ មីនា ឆ្នាំ​២០១៧ ស្ថាប័ន​នេះ​បានរៀបចំ​សិក្ខាសាលា​អន្ដរជាតិ​រួមគ្នា​មួយ​ស្ដីពី ថ្ម និង​កុលាលភាជន៍ ហើយ​បន្ទាប់ពី​សិក្ខាសាលា​នោះបាន​បញ្ចប់ វិទ្យាស្ថាន Smithsonian ក៏​សម្រេច​ប្រគល់​វត្ថុ​សិល្បៈ​ទាំង​៦៤​បំណែក​នោះ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ពិសេស​ដល់​អង្គភាព​កុលាលភាជន៍​អង្គរ ដើម្បី​ថែរក្សា  និង​សិក្សា​ពី​កុលាលភាជន៍​ខ្មែរ ដែល​បាន​រកឃើញ​នៅ​តំបន់​អង្គរ និង​ពី​តំបន់​បុរី​រាម​។​



​វត្ថុ​សិល្បៈ​ខាងលើ​មានដូចជា ចាន ក្រឡ ខួច ដែលមាន​ស្រទាប់​រលោង​ពណ៌​បៃតង និង​ពណ៌​ត្នោត​។ តាម​ការបញ្ជាក់​របស់​លោក អ៊ា ដា​រិ​ទ្ធិ វត្ថុ​ទាំងនោះ​ត្រូវបាន​ជនជាតិ​អាមេរិក និង​ជប៉ុន ដែលជា​ប្ដី​ប្រពន្ធ បាន​ទិញ​ពី​ខេត្ត​បុរី​រាម យកទៅ​សហរដ្ឋអាមេរិក​។ ដោយសារ​វា​មាន​ចំនួន​ច្រើន ទើប​ប្តី​ប្រពន្ធ​ខាងលើ​បាន​បរិច្ចាគ​ខ្លះមក​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​វិទ្យាស្ថាន Smithsonian​។​

«​តាម​គម្រោង​ភាជន៍ ឬ​វត្ថុ​សិល្បៈ​ទាំងនេះ នឹង​យកទៅ​រក្សាទុក​នៅ​អង្គភាព​កុលាលភាជន៍​អង្គរ ហើយ​ថ្ងៃក្រោយ​ភាជន៍​មួយចំនួន យកទៅ​តាំង​ក្នុង​ពិ​ព័រ​ណ៌ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​តាំង​ពិ​ព័រ​ណ៌​វត្ថុ​បុរាណ ដែល​បាន​ពី​តំបន់​អង្គរ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ មានដូចជា​វត្ថុ​បុរាណ​ធ្វើ​ពី​ដីឥដ្ឋ ថ្ម ដែក និង​សំរិទ្ធ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ា ដា​រិ​ទ្ធិ​។​



​កុលាលភាជន៍ ជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​មនុស្ស​សម័យបុរាណ ដូចជា​ការ ដាក់​ទឹក ចាន​សម្រាប់​ហូបបាយ ឬ​ប្រើ​សម្រាប់​លម្អ​គេហដ្ឋាន រួម​និង​ពិធី​សាសនា​ផងដែរ​។ ក្នុងនាម​ជា​អ្នកស្រាវជ្រាវ​កុលាលភាជន៍ លោក អ៊ា ដា​រិ​ទ្ធិ បាន​លើកឡើងថា លោក​មានចិត្ត​ស្រឡាញ់​កុលាលភាជន៍​ជាខ្លាំង ព្រោះ​វា​បានបង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នា​សម័យ​នោះ​។​

​តាមរយៈ​ការបរិច្ចាគ​កុលាលភាជន៍​ខាងលើ​រប​ស់​វិទ្យាស្ថាន Smithsonian ដែលជា​ស្ថាប័ន​អន្ដរជាតិ លោក អ៊ា ដា​រិ​ទ្ធិ កត់សម្គាល់​ឃើញថា វា​បានបង្ហាញ​ពី​គំរូ​ល្អ​ដល់​សាធារណជន និង​ស្ថាប័ន​ដទៃទៀត ដែល​យល់​ពី​សារប្រយោជន៍​នៃ​វត្ថុ​ទាំងនោះ​។ ត្រង់ចំណុច​នេះ លោក ដា​រិ​ទ្ធិ ថ្លែងថា កន្លងមក​មាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អង្គរ បាន​យក​វត្ថុ​បុរាណ​ដែល​ជីក​បាន​នៅលើ​ដីចម្ការ​ខ្លួន មក​ប្រគល់​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​អភិរក្ស និង​រក្សាទុក​នៅ​សារមន្ទីរ​ច្រើន​ករណី​ផងដែរ​។ លោក​ថា នេះ​ជា​ទង្វើ​មួយ​ដែល​ប្រសើរ ដើម្បីឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​មានលទ្ធភាព​អភិរក្ស​វត្ថ​បុរាណ​ទាំងនោះ សម្រាប់​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន​បានដឹង និង​សម្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕






Tag:
 អ៊ា ដា​រិ​ទ្ធិ​
  អាជ្ញាធរ​ជាតិ​អប្សរា​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com