ជាតិ
សង្គមជាតិ
អ្នកទោស​តែ​១​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ដោះលែង ក្នុង​ពិធីបុណ្យ​វិសាខបូជា
29, Apr 2018 , 9:41 am        
រូបភាព
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បានសម្រេច​ជា​ផ្លូវការ​ហើយ ដោយ​បញ្ចូល​ឈ្មោះ​អ្នកទោស​៣៤​នាក់ ទៅក្នុង​បញ្ជី​លើកលែងទោស និង​បន្ធូរ​បន្ថយទោស សម្រាប់​ពិធីបុណ្យ​វិសាខបូជា ដែល​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២0១៨​នេះ​។ នេះ​បើតាម​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។


 
​លោក គឹម សន្តិភាព បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា ក្នុងចំណោម​អ្នកទោស​ទាំង​៣៤​នាក់​នោះ មាន​អ្នកទោស​១​នាក់ ត្រូវបាន​ស្នើ​ឲ្យ​លើកលែងទោស ហើយ​អ្នកទោស​៣៣​នាក់​ទៀត (​ស្រី​១​នាក់​) ត្រូវបាន​ស្នើ​ឲ្យ​បន្ធូរ​បន្ថយទោស​។ 
 
​បើតាម​តាម​អ្នកនាំពាក្យ​ខាងលើ មុនដំបូង អ្នកទោស​មាន​ដល់​២២៨​នាក់​ឯណោះ ដែល​ត្រូវបាន​ក្រសួងយុត្តិធម៌ លើក​យកទៅ​វាយតម្លៃ ក្នុង​កិច្ចប្រជុំ​។ ក្រោយ​វាយតម្លៃ​រួច ក្នុងចំណោម​អ្នកទោស​ទាំង​២២៨​នាក់​នោះ មានតែ​៣៤​នាក់​ប៉ុណ្ណោះ ដែល​ក្រសួងយុត្តិធម៌ យល់ថា សក្ដិសម នឹង​ទទួលបាន​ការលើកលែង​ទោស និង​ការបន្ធូរបន្ថយ​ទោស​។ 
 
​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា តែង​លើកលែង​និង​បន្ធូរ​បន្ថយទោស ដល់​ទណ្ឌិត នៅក្នុង​ពិធីបុណ្យ​ធំៗ​ចំនួន​បី គឺ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​វិសាខបូជា​៕

Tag:
 វិសាខបូជា​
  ដោះលែង​អ្នកទោស​
© រក្សាសិទ្ធិដោយ thmeythmey.com