ជាតិ
សាលារៀន​ជំនាន់​ថ្មី​អាចជា​សាលា​រដ្ឋ​ឈានមុខ​គេ​ផ្នែក​គុណភាព​បើ​ប្រៀប​សាលា​រដ្ឋ​ទូទៅ​
29, Apr 2018 , 1:59 pm        
រូបភាព
​ក្រោយពី​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលការណ៍​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ីជម្រៅ សាលារៀន​ជំនាន់​ថ្មី​បានចាប់ផ្តើម​កើតឡើង​។ សាលា​នេះ​បានរៀបចំ​គោលការណ៍​គ្រឹះ​ធំៗ​ចំនួន​ប្រាំ ដើម្បី​ពង្រឹងគុណភាព​ប្រព័ន្ធ​អប់រំ​ឱ្យមាន​គុណភាព​ខ្ពស់ ក៏​ជាការ​កែប្រែ​មុខមាត់​សាលារៀន​រដ្ឋ​ដែរ​។​



​នាយករង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី លោក ស​ម្យ កំសាន្ត បានឱ្យដឹងថា ដោយ​រដ្ឋាភិបាល​បានចេញ​គោលការណ៍ កំណែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​អប់រំ សាលារៀន​ជំនាន់​ថ្មី​ក៏បាន​ចាប់កំណើត​ឡើង​។​



 បើតាម​លោក កំសាន្ត សាលា​នេះ​មាន​គោលការណ៍​គ្រឹះ​ធំៗ​ចំនួន​៥​ដើម្បី​រក្សា​ឱ្យបាន​គុណភាព​អប់រំ​ខ្ពស់​។ គោលការណ៍​ទាំង​៥​នោះ​រួមមាន​ទី​១​សាលា​មាន​ឯករាជភាព​លើ​កម្មវិធីសិក្សា​របស់ខ្លួន​។ មានន័យថា​សាលារៀន​ជំនាន់​ថ្មី មាន​សិទ្ធ​រៀបចំ​វិធីសាស្ត្រ​បង្រៀន​ដោយ​ខ្លួនឯង ឱ្យ​ស្រពតាម​ទីផ្សារការងារ​ក្នុង​សតវត្សរ៍​ទី​២១​។ ទី​២ គ្រូ​ត្រូវមាន​ស្តង់ដា​បង្រៀន​ខ្ពស់​៖ មានន័យថា គ្រូ​មិន​បង្រៀន​គួរ​ក្រៅ​ម៉ោង មិន​លក់​ក្រដាស​សិក្សា គោរព​ម៉ោង​ពេល​បង្រៀន គ្រូ​ជា​អ្នក​ផ្ទេរ​ចំណេះដឹង និង​យកចិត្តទុកដាក់​លើ​សិស្ស​គ្រប់​កាលៈទេសៈ​ទាំង​សិស្ស​ពូកែ​និង​រៀន​ខ្សោយ​។ ទី​៣ ការរៀបចំ​គណនីយភាព​តឹងរ៉ឹង​៖ មានន័យថា រាល់​ប្រាក់ចំណូល​ឬ​ចំណាយ​ត្រូវបាន​កត់ត្រា​យ៉ាងច្បាស់​លាស់ រួមទាំង​ការផ្ដល់​ផលប្រយោជន៍ និង​ធនធាន​ផ្សេងៗ​ច្បាស់លាស់​។ ទី​៤ សាលា​មានការ​ទទួលស្គាល់​ជា​ផ្លូវច្បាប់​នូវ​គ្រប់​ការងារ​៖ ដូចជា​ការស្រាវជ្រាវ​ផ្សេងៗ​នៅក្នុង​សាលា​។ ត្រង់ចំណុច​នេះ សាលា​ទទួលស្គាល់​ស្នាដៃ​ផ្សេងៗ​របស់​គ្រូ​ដូចជា បច្ចេកទេស​បង្រៀន​សិស្ស​ឱ្យ​ឆាប់​ចេះ ស្នាដៃ​និពន្ធ​ផ្សេងៗ  ជួយ​ជម្រុញ​បន្ថែម​ឱ្យ​គ្រូ​ក្លាយជា​អ្នកស្រាវជ្រាវ​ជានិច្ច និង​ជា​អ្នក​ផ្ទេរ​ចំណេះដឹង​ដ៍​មាន​ប្រសិទ្ធភាព​។ ទី​៥ ការបែងចែក​ធនធាន​៖ មានន័យថា បែងចែក​ទៅតាម​ទំហំ​ការងារ​របស់​គ្រូ បើ​គ្រូ​នោះ​ធ្វើ​ការងារ​ច្រើន មាន​សក្ដានុពល​ជាងគេ និង​ពូកែ​ជាងគេ នោះ​គាត់​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ច្រើន​លើសគេ​ដែរ​។​



​បើតាម​នាយក​រងសាលា​លោក ស​ម្យ កំសាន្ត  កម្មវិធីសិក្សា​នៅ​សាលារៀន​ជំនាន់​ថ្មី ដូចគ្នា​ទាំងស្រុង​ទៅនឹង​សាលារៀន​រដ្ឋ​ទូទៅ​ដែរ គ្រាន់តែ​សាលា​នេះ​មាន​បន្ថែម​មុខវិជ្ជា​មួយចំនួន ដើម្បីឱ្យ​ស្រពតាម​ទីផ្សារ​ក្នុង​សតវត្ស​ទី​២១​។ លោក ស​ម្យ កំសាន្ត បញ្ជាក់​៖«​សាលារៀន​ជំនាន់​ថ្មី​នេះ​បង្កើតឡើង​ដើម្បី​លើកមុខ​មាត់​សាលារៀន​របស់​រដ្ឋ​ឡើងវិញ​។ យើង​ចង់ឱ្យ​សិស្សសាលា​ជំនាន់​ថ្មី​ទៅដល់​ទីណា ក៏​គេ​និយាយថា​ខ្លាំង ពូកែ ទោះ​តែ​ទៅ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស​ខ្នាត​អន្តរជាតិ​ក្ដី ក៏​គាត់​នៅតែ​ខ្លាំង​»​។



​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី​មាន​គ្រូ​ចំនួន​៥៩​នាក់​ស្រី​៣០​នាក់​។ បើតាម​ការបញ្ជា​ក់រប​ស់ លោក ស​ម្យ កំសាន្ត សាលារៀន​ជំនាន់​ថ្មី​បង្កើតបាន​១១​សាលា​ហើយ​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​សាលា​ដែល​ដំណើរការ​ពេញលេញ​មាន​៤ គឺ​សាលា​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី នៅ​ភ្នំពេញ​, វិទ្យាល័យ​ព្រែក​លាភ នៅ​ភ្នំពេញ​, វិទ្យាល័យ​ជាស៊ីម​ព្រែក​អញ្ចាញ​នៅ​ខេត្តកណ្ដាល​, និង​វិទ្យាល័យ​អនុវត្តិ​ហ៊ុនសែន នៅ​កំពង់ចាម​៕







Tag:
 សាលារៀន​ជំនាន់​ថ្មី​
  ប្រព័ន្ធ​អប់រំ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com