អន្តរជាតិ
អាស៊ាន ទុក​រឿង​សមាជិក​ថ្មី​មួយ​ឡែក ហើយ​ប្រឹង​ពង្រឹង​និង​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ស​មា​ជិ​កដប់​ឲ្យ​កាន់តែខ្លាំង​
29, Apr 2018 , 11:59 am        
រូបភាព
ដោយ:
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ បាន​បិទ​បញ្ចប់​ជាមួយនឹង​សេចក្តីថ្លែងការណ៍​រួមមួយ​ប្រកបដោយ​ភាព​ផ្លែផ្កា​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ស្ថាប័ន​និង​តំបន់​ឲ្យ​កាន់​មាន​ភាពល្អប្រសើរ ។ ក៏ប៉ុន្តែ​តាមរយៈ​កិច្ចប្រជុំ​កំពូល​លើក​នេះ ដែលមាន​សិង្ហ​បុរី​ជា​ប្រធាន​វិលជុំ មិន​ផ្តោត​សំខាន់​លើ​រឿង​បញ្ចូល​សមាជិកភាព​ថ្មី​នៅក្នុង​សមាគម​ឡើយ ។



​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២៨ មេសា របស់​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ស្តីពី​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី​៣២ មេដឹកនាំ​អាស៊ាន​បាន​ព្រមព្រៀងគ្នា​ដើម្បី​បង្កើត និង​អនុវត្ត​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​តំបន់​អាស៊ាន​ជាច្រើន ។ គម្រោង​នោះ ក៏​រាប់បញ្ចូល​ទាំង​ការបង្កើត «​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ឬ ASEAN Smart Cities Network » ផងដែរ ។

​ជាមួយនឹង​ការព្រមព្រៀង​លើ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ តាមរយៈ​សេចក្តីថ្លែងការណ៍ ដែលមាន​កម្រាស់​១១​ទំព័រ​ដដែល​នោះ អាស៊ាន ក៏បាន​លើកឡើង​ពី​បញ្ហា​នៅក្នុង​តំបន់ ដែលជា​ក្តីបារម្ភ​រួម ដូចជា​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង វិបត្តិ​ជនភៀសខ្លួន​ពីរ​ដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា និង ជំនួប​រវាង​មេដឹកនាំ​កំពូល​កូរ៉េ​ទាំងពីរ​ជាដើម ។

​ក៏ប៉ុន្តែ បញ្ហា​ពាក់ព័ន្ធ​នឹង​សមាជិកភាព​ថ្មី ពោលគឺ​ការសុំ​ចូល​ជា​សមាជិក​របស់​ទី​ម័​រ​ខាងកើត​មិនមាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ឡើយ ។ នេះ​ហាក់ដូចជា​ខុសពី​កិច្ចប្រជុំ ដែល​ហ្វីលីពីន ធ្វើជា​ប្រធាន​នៅ​ឆ្នាំមុន ដែល​ពេលនោះ តាមរយៈ​កិច្ចប្រជុំ​កំពូល​ទាំង​ពីរលើក អាស៊ាន យ៉ាងហោចណាស់ ក៏បាន​លើកឡើង​ពី​វិ​វត្ត​របស់​ទី​ម័​រ​ខាងកើត​ដែរ ។

​គួរ​ជម្រាប​ផងដែរ​ថា ទី​ម័​រ​ខាងកើត គឺជា​រដ្ឋ​វ័យក្មេង​ជាង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ។ រដ្ឋ​ដែល​ទើបតែ​ទទួលបាន​ការទទួលស្គាល់​ជា​ប្រទេស​ពេញលេញ​នៅក្នុង​ឆ្នាំ ២០០២ មួយ​នេះ បានស្នើ​សុំ​ជា​សមាជិក​អាស៊ាន​នៅក្នុង​ឆ្នាំ​២០១១ ដោយបាន​រំពឹងថា នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​សមាជិក​ទាំង​ដប់ ក៏ដូចជា​ដៃគូ​របស់​អាស៊ាន​កាន់តែច្រើន​ផងដែរ ។

​ក៏ប៉ុន្តែ​រយៈពេល​ជាង​កន្លះ​ទសវត្សរ៍​មកនេះ ទី​ម័​រ​ខាងកើត មាន​ឋានៈ​ត្រឹមតែ​ជា​ប្រទេស​អង្កេត​ការ​ប៉ុណ្ណោះ ពោលគឺ ទី​ម័​រ​ខាងកើត នៅតែ​ស្ថិតក្រោម​ការតាមដាន និង​វិនិច្ឆ័យ​តាម​ដំណាក់​កាលពី​អាស៊ាន​នៅឡើយ​នោះទេ ។​

​តាមពិតទៅ​រឿង​ដែល​បញ្ហា​សមាជិកភាព​ទី​ម័​រ​ខាងកើត​អវត្តមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែលមាន​សិង្ហ​បុរី​ជា​ប្រធាន មិនមែនជា​រឿង​ចម្លែក​អ្វី​ឡើយ ។ នោះ ក៏​ព្រោះតែ មូលបទ របស់​ប្រធាន​វិលជុំ​អាស៊ាន​លើក​នេះ ផ្តោត​តែ​លើ រឿង​សន្តិសុខ បច្ចេកវិទ្យា និង​នវានុវត្តន៍​នោះទេ ។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​នោះ​គឺ ក៏​ដោយសារតែ​ការជំទាស់​ពី​សិង្ហ​បុរី​កន្លងមក ក្រោម​ហេតុផល​ថា​ទី​ម័​រ​ខាងកើត​នៅមាន​ចំណុច​ខ្វះខាត​ច្រើន​ដើម្បី​បំពេញ​ក្នុង​តម្រូវការ​នៃ​សសរស្តម្ភ​ទាំងបី​របស់​អាស៊ាន​នោះដែរ ទើបបាន​ជាទី​ម័​រ​ខាងកើត ត្រូវ​បន្ត​រង់ចាំ និង​មាន​ឋានៈ​ត្រឹម​ជា​រដ្ឋ​អង្កេត​ការ​របស់​អាស៊ាន​មកទល់​សព្វថ្ងៃ ៕


Tag:
 អាស៊ាន​
  ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com