ជាតិ
រដ្ឋាភិបាល​ធ្វើ​អនុ​ប​យោគ​ដី​ជាង ១៧​ហិកតា​នៅ​អាង​ស្តុក​ទឹក​បឹងត្របែក ឲ្យ​ពលរដ្ឋ​និង​កសាង​រចនាសម្ព័ន្ធ​
29, Apr 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល កាត់​ដី​ទំហំ ១៧,៥​ម៉ឺន​ម៉ែត្រក្រឡា​នៃ​តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក​ខាងជើង និង អាង​ស្តុក​ទឹក​បឹងត្របែក​ខាងត្បូង ជូន​ប្រជាពលរដ្ឋ ២៧១​គ្រួសារ និង​មួយផ្នែក​សម្រាប់​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​នៅ​តំបន់​នោះ​។ នេះ​បើតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​។​



​មាត្រា​១​នៃ​អនុក្រឹត្យ​ខាងលើ​ចែងថា​«​ត្រូវធ្វើ​អនុ​ប​យោគ​ផ្ទៃដី​សាធារណៈ​របស់​រដ្ឋ​ទំហំ ១៧៥ ៨៤៩ ម៉ែត្រក្រឡា នៅ​សង្កាត់​ទួល​ទំពូង​ទី​១  សង្កាត់​បឹងត្របែក និង​សង្កាត់​ផ្សារ​ដើមថ្កូវ ជា​ដីឯកជន​របស់​រដ្ឋ និង​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​កាន់កាប់​ជាក់ស្តែង​ចំនួន ២៧១​គ្រួសារ  ក្នុងនោះ ៩៦​គ្រួសារ​នូវ​ដី​ទំហំ ៨០០០០ ម៉ែត្រក្រឡា ស្ថិតនៅ​តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក​ខាងជើង (​បឹង​តូច​) និង ១៧៥ គ្រួសារ​នូវ​ដី​ទំហំ ៩៥ ៨៤៩ ម៉ែត្រក្រឡា ស្ថិតនៅ​តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក​ខាងត្បូង (​បឹង​ធំ​) និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក​»​។​

​បើតាម​ផែនទី​ឧបសម្ព័ន្ធ​ដែល​ភ្ជាប់​នឹង​អនុក្រឹត្យ​នេះ  ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក​ខាងត្បូង   ទំហំ ១៣១ ៥៦៤ ម៉ែត្រក្រឡា ត្រូវ​រក្សាទុក​។ ឯ​ដី​ទំហំ​ជាង​៩ ហិកតា ដែល​ត្រូវបានធ្វើ​អនុ​ប​យោគ​ខាងលើនេះ គឺជា​ដី​ជាប់​អាង​ស្តុក​ទឹក​នេះ​។​

​ដោយឡែក​ដី​ទំហំ ៨​ហិកតា នៅ​អាង​ស្តុក​ទឹក​បឹងត្របែក​ខាងជើង ដែល​ត្រូវធ្វើ​អនុ​ប​យោគ គឺ​សព្វ​ថ្ងៃជា​សំណង់ លំនៅឋាន  មិនមែនជា​ផ្ទៃ​បឹង​នោះទេ​៕


Tag:
 បឹងត្របែក​
 ​កាត់​ដី​
  អនុ​ប​យោគ​
© រក្សាសិទ្ធិដោយ thmeythmey.com