ជាតិ
អង្គការ​យុវជន​របស់លោក ហ៊ុន ម៉ា​នី រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដ​ល់​អ្នកសង្កេតការ​បោះឆ្នោត​
29, Apr 2018 , 6:39 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ឡើងថ្លែងក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត។ រូបពីស.ស.យ.ក.
លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ឡើងថ្លែងក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត។ រូបពីស.ស.យ.ក.
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)  រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដ​ល់​អ្នកសង្កេតការណ៍ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។



​សមាជិក​២១១​នាក់​របស់​ស​.​ស​.​យ​.​ក​. បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ ដោយមាន​តំណាង​ពី​ស្ថាប័ន​គ​.​ជ​.​ប​. ធ្វើជា​គ្រូឧទ្ទេស​។ ស​.​ស​.​យ​.​ក​. បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ការរៀបចំវគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ដល់​អ្ន​ក​សង្កេតការណ៍ ស្តីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​»​។​



​លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ និង​ជា​កូនប្រុស​ពៅ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យ៉ាងហោចណាស់ មាន​សមាជិក​២​នាក់​របស់​ស​.​ស​.​យ​.​ក​. ដែល​នឹង​ត្រូវដាក់​ឲ្យ​ធ្វើជា​អ្នកសង្កេតការណ៍ តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ នៅ​ទូទាំងប្រទេស​។ ប្រធាន​ស​.​ស​.​យ​.​ក​. រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងតំណាក់កាល​នេះ យើង​កំពុងតែ​បណ្តុះបណ្តាល​សមាជិក​រប​ស់ស​.​ស​.​យ​.​ក​. ឲ្យ​ក្លាយជា​អ្នកសង្កេតការណ៍ ដែលមាន​សមត្ថភាព ដើម្បី​ធ្វើយ៉ាងណា​ធានា​ការបោះឆ្នោត​ខាងមុខ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន សេរី  និង​យុត្តិធម៌​»​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ ស​.​ស​.​យ​.​ក​. នឹង​រៀបចំ​វគ្គ​បណ្តាល​នេះ​ម្តងទៀត ដល់​អ្នកសង្កេតការណ៍​២៣៨​នាក់ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨៕ 






Tag:
 បោះឆ្នោត​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com