អន្តរជាតិ
លោក Buhari ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​នឹង​ពិភាក្សា​អំពី​ភេរវកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​លោក ត្រាំ​
30, Apr 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក Muhammadu Buhari គ្រោង​នឹង​ជួប​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​ជា​ជំនួប​លើកដំបូង​បង្អស់​របស់​មេដឹកនាំ​អាហ្វ្រិក​មកកាន់​សេត​វិមាន​របស់លោក ត្រាំ​។​



​មេដឹកនាំ​ទាំងពីរ​នាក់​គ្រោង​នឹង​ពិភាក្សាគ្នា​ទៅលើ​ការគំរាមកំហែង​ភេរវកម្ម​និង​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​អាហ្វ្រិក​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​នេះ គឺ​ដល់​ទៅ​២០០​លាន​នាក់​។​

​ប្រទេស​នី​ហ្សេ​រី​យ៉ា​ត្រូវបាន​ញ៉ាំ​ញី​ដោយ​ក្រុម​ជ្រុលនិយម Boko Haram ដែល​បានធ្វើ​ការបះបោរ​កាលពី​៩​ឆ្នាំមុន​ដោយមាន​គោលបំណង​បង្កើត​រដ្ឋ​ឥស្លាម​មួយ​។ មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​សម្លាប់ ហើយ​សិស្សស្រី​រាប់រយ​នាក់​ត្រូវបាន​ចាប់ជំរិត ខណៈដែល​ក្រុម​នេះ​ត្រូវបាន​គេ​ដឹងឮ​គ្រប់គ្នា ហើយ​បាន​រីកសាយ​ដល់​ប្រទេសជិតខាង​ទៀត និង​បាន​បង្ក​ឲ្យ​មានការ​គំរាមកំហែង​ខ្លាំង​បំផុត​ទៅកាន់​តំបន់ Sahel នៃ​អាហ្វ្រិក​ខាងលិច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​កាលពី​ឆ្នាំមុន រដ្ឋបាល​របស់លោក ត្រាំ បានអនុម័ត​លក់​យន្តហោះ​វាយប្រហារ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​និង​សម្ភារៈ​ដែលមាន​តម្លៃ​៦០០​លាន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រតិបត្តិការ​យោ​ធានី​ហ្សេ​រី​យ៉ា​ប្រឆាំងនឹង​ក្រុម Boko Haram និង​ក្រុម​រដ្ឋ​ឥស្លាម និង​ដើម្បី​ត្រួតពិនិត្យ​លើ​ថ្នាំញៀន សព្វាវុធ និង​ការជួញដូរ​មនុស្ស​ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ផ្អាក​ក្រោម​រដ្ឋបាល​របស់លោក អូ​បា​ម៉ា ស្រប​ពេលដែល​មានការ​ព្រួយបារម្ភ​ទៅលើ​ការបំពាន​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​។
​ខណៈដែល​លោក Buhari ប្រឈម​នឹង​ការបោះឆ្នោត​កាន់តំណែង​ម្តងទៀត គេ​រំពឹងថា លោក​នឹង​បញ្ចុះបញ្ចូល​សហរដ្ឋអាមេរិក​ឲ្យ​ផ្តល់​ការគាំទ្រ​ផ្នែក​យោធា​បន្ថែមទៀត​ដើម្បី​បំពេញ​ទៅតាម​ការសន្យា​របស់លោក​ក្នុង​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថា​នឹង​កម្ចាត់​ក្រុម Boko Haram ឲ្យ​បាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com