ជាតិ
រថយន្ត
សេដ្ឋកិច្ច
​ផ្លូវដែក​ពី​ប៉ោយប៉ែត ដល់​បាត់ដឹង​ខេត្តកំពង់ស្ពឺ ចំណាយ ៧៦​លាន​ដុល្លារ នឹង​ដំណើរការ​នៅ​ខែកក្កដា​
30, Apr 2018 , 8:59 pm        
រូបភាព
​រដ្ឋាភិបាល​កំពុង​ស្ដារ​ផ្លូវដែក​ភាគ​ខាងលិច​ប៉ោយប៉ែត​-​ភ្នំពេញ ប្រវែង ៣៨៦​គីឡូម៉ែត្រ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ជា​ស្ថាពរ​មុន​ដំណាច់ឆ្នាំ​២០១៨​នេះ​។



​តែ​មុន​បញ្ចប់​ការស្ដារ​ផ្លូវដែក​ជា​ស្ថាពរ រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​បណ្ដោះអាសន្ន​ជា​ដំណាក់កាល ជា​បន្តបន្ទាប់​។ សព្វថ្ងៃ​ខ្សែ​រថភ្លើង ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ពី​ប៉ោយប៉ែត មក​បាត់ដំបង ហើយនឹង​បន្ត​ដល់​ខេត្តពោធិ៍សាត់​នៅ​ខែក្រោយ និង​ដល់​ស្ថានីយ​បាត់ដឹង ខេត្តកំពង់ស្ពឺ ក្នុង​ខែកក្កដា ខាងមុខនេះ​។

​ការស្ដារ​ផ្លូវដែក​ពី​ប៉ោយប៉ែត មកដល់​បាត់ដឹង ត្រូវ​ចំណាយ​ថវិកា ៧៦,៦ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ១៣​លាន​ដុល្លារ​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ (ADB) និង ៦៣,៦ ជា​ទឹកប្រាក់​របស់​រដ្ឋាភិបាល ហើយ​ក៏មាន​ជំនួយ​ជា​ដែក​ពី​ប្រទេស​ម៉ាឡេស៊ី​មួយចំនួន​ផងដែរ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ថ្លែង​ក្នុង​ឱកាសលោក​អញ្ជើញ​សម្ពោធ​ខ្សែ​រថភ្លើង​សិរីសោភ័ណ​-​បាត់ដំបង នៅ​ថ្ងៃទី​២៩​ខែមេសា​។​

​រីឯ​ផ្លូវដែក​ពី​បាត់ដឹង ដល់​ភ្នំពេញ​ប្រវែង​ប្រមាណ​ជាង ៣០​គីឡូម៉ែត្រ​ទៀត ក្រសួង​សាធារណការ កំពុង​កៀងគរ​ទុន​ដើម្បី​ស្ដារ​កំណាត់​ផ្លូវដែក​នេះ​។​
​លោក ស៊ុន ចាន់ថុល អះអាងថា ផ្លូវដែក​ភាគ​ខាងលិច​នេះ នឹងត្រូវ​បញ្ចប់​ការស្ដារ​ឡើងវិញ​ជា​ស្ថាពរ​ក្នុងឆ្នាំនេះ​។ ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏​នឹង​បញ្ចប់​ការចរចា​ដើម្បី​ភ្ជាប់​ផ្លូវដែក​ជាមួយ​ថៃ ក្នុងពេល​ខាងមុខ​ឆាប់ៗ​ផងដែរ​៕


Tag:
 ផ្លូវ​រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com