អន្តរជាតិ
កូរ៉េ​ទាំងពីរ​ចាប់ផ្ដើម​ដក​ឧបករណ៍​បំពង​សំឡេង​តាម​បណ្ដោយ​ព្រំដែន​
01, May 2018 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១ ខែឧសភា កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានចាប់ផ្ដើម​ដក​ឧ​គ្ឃោ​សន​សព្ទ​រៀងៗ​ខ្លួន​ចេញពី​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ឧបករណ៍​បំពង​សំឡេង​នេះ ត្រូវបាន​ដំឡើង​តាម​នៅតាម​បណ្ដោយ​ព្រំដែន​ក្នុង​គោលដៅ​វាយប្រហារ​គ្នា​ទៅវិញទៅមក​តាមរបៀប​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ​។ ការដកចេញ​នេះ ជា​ជំហាន​ដំបូង​នៃ​ការផ្សះផ្សា​កូរ៉េ​ទាំងពីរ ដែល​លេចចេញ​ក្រោយ​ជំនួប​មេដឹកនាំ​កំពូល​កូរ៉េ​លើក​ទី​បី​កាលពី​សប្ដាហ៍​មុន​។



​បី​ថ្ងៃក្រោយ​ជំនួប​មេដឹកនាំ​លើក​ទី​បី កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​បានចាប់ផ្ដើម​អនុវត្ត​ពាក្យសន្យា​ដែល​ធ្វើឡើង​ក្នុង​ការចរចា​កាលពី​សប្ដាហ៍​មុន​។ នៅ​ថ្ងៃទី​១ ខែឧសភា មន្ត្រី​យោធា​កូរ៉េខាងត្បូង​បានចាប់ផ្ដើម​ដក​ឧ​គ្ឃោ​សន​សព្ទ​ចេញពី​ព្រំដែន​ជាមួយ​កូរ៉េខាងជើង ឯ​កូរ៉េខាងជើង​ក៏បាន​ដកយក​ឧបករណ៍​បំពង​សំឡេង​ចេញពី​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង​ដូចគ្នា​ដែរ​។ ដ្បិត​នេះ​ជា​មិនមែនជា​រឿង​ធំ តែ​បង្ហាញ​ពី​ឆន្ទៈ​របស់​កូរ៉េ​ទាំងពីរ​ក្នុង​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap យោធា​កូរ៉េខាងត្បូង​បាន​ដកយក​ប្រព័ន្ធ​បំពង​សំឡេង​ពី​តំបន់​ជួរមុខ​នៅក្នុង​ខេត្ត Gyeonggi នៅពេល​ថ្ងៃ ខណៈ​យោធា​កូរ៉េខាងជើង​ចាប់ផ្ដើម​នៅពេល​ព្រឹក​។ កូរ៉េខាងត្បូង​ចាប់ផ្ដើម​ដំឡើង​ឧ​គ្ឃោ​សន​សព្ទ​ក្នុង​ឆ្នាំ​១៩៦៣ នៅ​ប្រមាណ​៤០​ទីតាំង​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង​។

​តាមរយៈ​ប្រព័ន្ធ​បញ្ចេញ​សំឡេង​ខ្លាំងៗ ក្រុង​សេ​អ៊ូ​ល​បាន​ចាក់ផ្សាយ​ការរិះគន់​របប​ដឹកនាំ​របស់​ក្រុង​ព្យុងយ៉ាង ព័ត៌មាន​ស្ដីពី​កូរ៉េខាងត្បូង និង​ចម្រៀង K-pop ដែរ​។ សេ​អ៊ូ​ល​បាន​ផ្អាក​ការចាក់ផ្សាយ​សំឡេង​នៅមុន​ជំនួប​រវាង​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ឯ​ក្រុង​ព្យុងយ៉ាង​ក៏បាន​ចាក់ផ្សាយ​សំឡេង​រិះគន់​ក្រុង​សេ​អ៊ូ​ល និង​បញ្ចេញ​សារ​លើកសរសើរ​ប្រព័ន្ធ​ដឹកនាំ​បែប​សង្គមនិយម​របស់​ខ្លួន​ផង​។​

​ក្នុងជំនួប​ទល់មុខ​នៅ​តំបន់​គ្មាន​យោធា DMZ លោក មូ​ន និង​លោក គីម បាន​ប្ដេជ្ញាចិត្ត​ក្នុងការ​បញ្ឈប់​សកម្មភាព​បង្កហេតុ​ដាក់គ្នា​ទៅវិញទៅមក និង​លុបបំបាត់​មធ្យោបាយ​ដែល​អាច​បង្ក​ជាស​កម្ម​អុជអាល​ផង​។ មិន​ត្រឹមតែ​ការដកចេញ​ប្រព័ន្ធ​បំពង​សំឡេង​នេះឡើយ កូរ៉េ​ទាំងពីរ​ក៏​ឯកភាពគ្នា​បញ្ឈប់​ការ​បង្ហោះ​ខិ​ត្ត​បណ្ណ​ឆ្លង​ព្រំដែន​ទៀតផង​។ ការ​បង្ហោះ​ខិ​ត្ត​បណ្ណ​ដែល​ចងភ្ជាប់​ប៉េងប៉ោង តែង​ធ្វើឡើង​ដោយ​សកម្មជន​កូរ៉េខាងត្បូង ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹងសម្បារ​យ៉ាងខ្លាំង​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការ​ដកយក​ប្រព័ន្ធ​បញ្ចេញ​សំឡេង​ពេលនេះ បង្ក​ឲ្យ​មានការ​សង្ស័យ​ពី​ទីតាំង​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​។ ក្នុងជំនួប​ដែល​លោក ត្រាំ អះអាង​ផ្ទាល់មាត់​ថា នឹងធ្វើ​នៅ​បី ឬ​បួន​សប្ដាហ៍​នោះ លោក ត្រាំ ហាក់​ចង់បាន​តំបន់​គ្មាន​កងទ័ព​ជា​ម្ចាស់ផ្ទះ​ជំនួប​លើកដំបូង​៕


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com