អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​ធៀ​៖ «​កំ​ហុសឆ្គង​ធំ​របស់ខ្ញុំ​គឺ​ជ្រើសរើស ណា​ជីប ឲ្យ​កាន់តំណែង​នាយករដ្ឋមន្ត្រី​»
02, May 2018 , 1:47 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រី និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់សម្ព័ន្ធបក្សប្រឆាំងលោក មាហាធៀ មហាម៉ាត់ (រូបភាព AFP)
អតីតនាយករដ្ឋមន្ត្រី និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់សម្ព័ន្ធបក្សប្រឆាំងលោក មាហាធៀ មហាម៉ាត់ (រូបភាព AFP)
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង​លោក មហា​ធៀ មហាម៉ាត់ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ទី ១ ខែឧសភា​ថា កំហុស​ធំ​បំផុត​របស់លោក គឺ​បណ្តោយ​ឲ្យ​លោក ណា​ជីប រ៉ា​ហ្សា​ក់ កាន់អំណាច​។ លោក​អះអាងថា លោក​ចង់​លាង​កំហុសឆ្គង​នេះ ខណៈដែល​ម៉ាឡេស៊ី​កំពុង​ត្រៀមខ្លួន​បោះឆ្នោត​សភា​នៅ​ថ្ងៃ ៩ ខែឧសភា​ខាងមុខនេះ​ផង​។​


 
​នាយករដ្ឋមន្ត្រី​ទី​បួន និង​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់អំណាច​យូរ​ជាងគេ​របស់​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ សង្ឃឹមថា ប្រជាជន​ម៉ាឡេស៊ី​នឹងចូលរួម​និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាពិសេស​លាង​កំហុស​ចាស់​របស់លោក​តែម្តង​។​
 
​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​រាប់រយ​នាក់​ដែល​អង្គុយ​រង់ចាំ​លោក​ទាំង​កណ្តាល​ភ្លៀង​នៅ​តំបន់ Titiwangsa មហា​ធៀ បាន​ថ្លែងថា លោក​សោកស្តាយ​ដែល​បាន​បង្កើត​កំហុសឆ្គង​ដ៏​ធំ​មួយ​ក្នុង​ជីវិត​។ កំហុសឆ្គង​ដ៏​ធំ​នោះ​គឺ​ការជ្រើសរើស​យក​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែលជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ឲ្យ​កាន់អំណាច​នោះ​។​

​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia អ្នកនយោបាយ​ជើងចាស់​វ័យ ៩២ ឆ្នាំ​រូបនេះ​បាន​ថ្លែងថា​៖«​កំ​ហុង​ឆ្គង​ធំ​បំផុត​ដែល​ខ្ញុំ​បាន​បង្កើតឡើង​ក្នុង​ជីវិត​នេះ​គឺ​ជ្រើស​រើសយក​លោក ណា​ជីប​។ បងប្អូន​ប្រជាជន​ទាំងអស់គ្នា ខ្ញុំ​ចង់​លុបលាង​កំហុសឆ្គង​នេះ ហើយ​ខ្ញុំ​កំពុង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​»​។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កាន់តំណែង​យូរ​ជាងគេ​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ នេះ ត្រឡប់មក​ចូល​ឆាកនយោបាយ​ជាថ្មី ហើយ​គោលដៅ​ចម្បង​របស់លោក​ក្នុងការ​ចាប់ដៃ​សត្រូវ​ចាស់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​ឈរជើង​ក្នុង​ជំរំ​បក្សប្រឆាំង​គឺ ទម្លាក់​លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿងអាស្រូវ​ពុករលួយ​ពី​តំណែង​។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ហើយក៏​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឈរ​ជា​តំណាងរាស្ត្រ​នៅ​កោះ Langkawi ផងដែរ​។​

​វា​ហាក់បីដូចជា​ស្រដៀង​នឹង​ការលើកឡើង​របស់លោក​កន្លងមក​ដែរ ដោយ​លោក​បង្ហាញ​ការសោកស្តាយ​ចំពោះ​អ្នក​ស្នង​តំណែង​ក្រោយ​លោក​ចុះ​ចេញពី​តំណែង​ឆ្នាំ ២០០៣​។ អ្នក​ស្នង​តំណែង​លោក​កាលនោះ​គឺ​លោក Abdullah Badawi ហើយ​ក្រោយមក​លោក មហា​ធៀ​ក៏​តស៊ូ​មតិ​ជំរុញ​ឲ្យ​លោក ណា​ជីប ឡើងកាន់តំណែង​ម្តង ដោយ​លោក​មាន​ជម្លោះ​ជាមួយ​នាយករដ្ឋមន្ត្រី​ទី​ប្រាំ Badawi ។​

​យ៉ាងណាមិញ លោក មហា​ធៀ និង​លោក ណា​ជីប មាន​ជម្លោះ​ជាមួយគ្នា​ទៀត ដោយសារ​លោក មហា​ធៀ រិះគន់​នាយករដ្ឋមន្ត្រី​ប​ច្ច​ប្បន្ន​មិន​សំចៃមាត់​រឿង​ពាក់ព័ន្ធ​ពុករលួយ​លុយ​រដ្ឋ 1MDB ដែលជា​រឿងអាស្រូវ​ធំ​បំផុត​មួយ​សម្រាប់​ម៉ាឡេស៊ី​។​

​ក្រោយ​មាន​ជម្លោះ​ពាក្យសម្តី លោក មហា​ធៀ បានសម្រេច​ដើរចេញ​ពី​បក្ស​កាន់អំណាច UMNO ដែលជា​បក្ស​ដែល​គ្រប់គ្រង​ម៉ាឡេស៊ី​ចាប់ពី​ពេល​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ឆ្នាំ ១៩៥៨ មក​នោះ​។ បន្ទាប់មក លោក​ចាប់ផ្តើម​បើក​គណបក្ស​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះ​ជា​ភាសា​ម៉ាឡាយូ​ថា Parti Pribumi Bersatu Malaysia ឬ​គណបក្ស​រួបរួម​ជាតិ​ជាតិ​ភាគតិច​ម៉ាឡេស៊ី (MUIP) នៅ​ឆ្នាំ ២០១៦ ហើយ​ចូល​រួមជាមួយ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan តែម្តង​។ 

​ក្នុងការ​ដណ្តើម​អាសនៈ​ក្នុងការ​បោះឆ្នោត​សភា​ខាងមុខ លោក​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ប្រឆាំង​នេះ ហើយ​លោក​នឹង​ត្រឡប់​ទៅធ្វើជា​នាយករដ្ឋមន្ត្រី​បើ​បក្សប្រឆាំង​ឈ្នះឆ្នោត​កាន់កាប់​រដ្ឋាភិបាល​នោះ​។ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នឹងត្រូវ​មក​ជំនួស​តំណែង​លោក មហា​ធៀ នៅពេលដែល​លោក​រួច​ពី​ពន្ធនាគារ​ផងដែរ​។ អាន់​វ៉ា ជាប់ទោស​ដោយសារ​លោក​មាន​ពាក់ព័ន្ធ​ការ​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​ដែល​វា​ជា​អំពើ​ខុសច្បាប់​នៅ​ម៉ាឡេស៊ី ប៉ុន្តែ​ខាង​សិទ្ធិមនុស្ស​ចាត់ទុក​វា​ជា​រឿង​នយោបាយ​៕ 
 
 

Tag:
 មហា​ធៀ មហាម៉ាត់​
  ណា​ជីប រ៉ា​ហ្សា​ក់​
  ណា​ជីប រ៉ា​ហ្សា​ក់​
  បោះឆ្នោត​សាកល​ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com