ជាតិ
​ឃ្លី​ប​វីដេអូ​ជនបរទេស នាំ​ឲ្យ​មន្ត្រីប៉ូលិស​ចរាចរណ៍​ខ្មែរ​ពីររូប បាត់បង់​ការងារ​
03, May 2018 , 11:07 am        
រូបភាព
​វីដេអូ​របស់​ជនជាតិ​បរទេស​ម្នាក់​ដែល​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម បានធ្វើ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​២​រូប បាត់បង់​ការងារ​។ មន្ត្រី​ទាំងពីរ​នោះ រង​ការ​ចោទ​ពីបទ​ផាកពិន័យ​ក្រៅផ្លូវការ ដោយ​ទារប្រាក់​ជនបរទេស​ដែល​ជិះ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​នោះ ចំនួន​២០​ដុល្លារ​អាមេរិក​។​



​ជនបរទេស​ដែលមាន​ការអះអាង​ថា​ជា​ជនជាតិ​វៀតណាម ហាក់​មាន​ចេតនា​ជិះ​ម៉ូតូ​ដោយ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ដើម្បី​ចាប់កំហុស​មន្ត្រី​ប៉ូលិសចរាច​រណ៍​កម្ពុជា​។ គេ​បានដាក់​កាមេរ៉ា​ជាប់​ខ្លួន ហើយ​ថត​រាល់​សកម្មភាព​មន្ត្រី​ទាំងនោះ​។​

​ក្នុង​ឃ្លី​ប​វីដេអូ មន្ត្រី​ចរាចរណ៍​បាន​ទារ​ឲ្យ​ជនបរទេស​បង់​ការផាកពិន័យ​២០​ដុល្លារ​អាមេរិក ជា​ថ្នូរ​ក្នុង​ការមិន​បញ្ជូន​ម៉ូតូ​ខុសច្បាប់​ចរាចរណ៍​ទៅកាន់​ការិយាល័យ​ប៉ូលិស​។ ក្រោយ​ការផ្សព្វផ្សាយ​វីដេអូ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចាត់ទុក​សកម្មភាព​ម​ន្ត្រី​ខ្មែរ ថា បានធ្វើ​ឲ្យ​ជាតិ​អាប់ឱន​។​

​យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក សែម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា មន្ត្រីនគរបាល​ចរាច​រទាំង​២​នាក់​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​កងកម្លាំង​នោះ ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​។

​លោក​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​ចរាច​រណ៍ ទាំងពីរ បាន​ប្រព្រឹត្ត​ខុស​នូវ​វិន័យ​០០៦​របស់​កម្លាំង​នគរបាលជាតិ ដោយ​ផាកពិន័យ​លើស​គោលការណ៍​និង​មិន​បានចេញ​វិក្កយបត្រ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រីនគរបាល​ផ្សេងទៀត​។​

​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រូបនេះ បាន​សង្កត់ធ្ងន់ថា ទង្វើ​របស់​មន្ត្រី​ទាំងពីរ មិនអាច​អប់រំ​ណែនាំ​បន្តទៀត​នោះទេ ដោយ​លោក​បាន​ស្នើសុំ​គោលការណ៍​ពីស​ម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោក នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ បណ្តេញ​ចេញពី​ក្របខណ្ឌ​នគ​បាល​ជាតិ​តែម្តង ៕


Tag:
 ភ្នំពេញ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com