ជាតិ
សង្គមជាតិ
សារព័ត៌មាន​ខ្មែរ​ទី​១​ឈ្មោះ​«​នគរវត្ត​» មាន​អាយុ​៨២​ឆ្នាំ​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០១៨
03, May 2018 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ ក្នុងខណៈ​ពេលដែល​កាសែត​បរទេស​ជា​សន្លឹក​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​ឆ្នាំ​១៦០៥​នៅក្នុង​ទ្វីបអឺរ៉ុប កាសែត​ខ្មែរ​ជា​សន្លឹក​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ខែធ្នូ​ឆ្នាំ​១៩៣៦​។ កាសែត​ខ្មែរ​ដំបូង​គេ​បង្អស់​មាន​ឈ្មោះថា​«​នគរវត្ត​»​។ ឆ្នាំ​១៩៣៦-២០១៨ កាសែត​ខ្មែរ​មួយ​នេះ មាន​អាយុ​៨២​ឆ្នាំ បើ​គិត​ត្រឹម​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ​១៩៤៦ សា​ព័ត៌មាន កម្ពុជា មួយទៀត ក៏បាន​បោះពុម្ពផ្សាយ​ជា​ភាសា​ខ្មែរ​ដែរ​។



​លោក ស៊ន សំណាង បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរ ធ្លាប់បាន​អោយដឹងថា កាសែត​ប្រចាំ​សប្តាហ៍​ខ្មែរ​ទី​១​ជា​ភាសា​ខ្មែរ​ត្រូវបាន​គេ​បង្កើតឡើង​នៅ​ឆ្នាំ ១៩៣៦ នៅ​ទីក្រុង​ភ្នំពេញ​ដោយមាន​ចាងហ្វាង​ឈ្មោះ ប៉ាច ឈឺ​ន​។ លោក ប៉ាច ឈឺ​ន ទទួលបាន​មនោគមន៍វិជ្ជា​ប្រជាធិបតេយ្យ​ច្រើន​ពី​ប្រទេស​បារាំង មុនពេល​ដែល​គាត់​សម្រេចចិត្ត​បង្កើត​កាសែត​សន្លឹក​នៅ​ឆ្នាំ​១៩៣៦​។ ថ្ងៃ​បង្កើត​សារព័ត៌មាន នគរវត្ត ត្រូវបាន​គេ​ផ្តល់ព័ត៌មាន​ពីរ​ផ្សេងគ្នា​។ មតិ​ទី​១​ថា សារព័ត៌មាន នគរវត្ត បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​១៩៣៦ តែ​មតិ​ទី​២​ថា កាសែត​នេះ បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​១៩៣៦​។ តែ​ទោះជា​យ៉ាងណា ប្រភព​ទាំងពីរ​នៅតែ​បញ្ជាក់ថា កាសែត នគរវត្ត បាន​បង្កើតឡើង​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​១៩៣៦​ដដែល​។

​លោក ប៉ាច ឈឺ​ន គឺជា​អតីត​អ្នកបកប្រែ​អោយ​រដ្ឋបាល​បារាំង​ក្នុង​សង្គ្រាមលោកលើកទី​១​ពី​ឆ្នាំ​១៩១៤-១៩១៨​។ ក្នុង​បេសកកម្ម​របស់លោក​នៅក្នុង​ប្រទេស​បារាំង​ក្នុងនាម​ជា​អ្នកបកប្រែ​អោយ​រដ្ឋបាល​បារាំង លោក​បាន​រៀនសូត្រ​មនោគមន៍វិជ្ជា​ប្រជាធិបតេយ្យ​ជាច្រើន​ពី​ប្រទេស​បារាំង ហើយ​លោក​ក៏​ជា​អ្នក​ប្រឆាំងនឹង​អាណានិគមនិយម​បារាំង​ដ៏​ខ្លាំងក្លា​ម្នាក់​ដែរ​។ អាចារ្យ ហែម ចៀវ ដែលជា​បញ្ញវន្ត​ប្រឆាំងនឹង​បារាំង​ដែរនោះ ក៏បាន​ចូលរួម​បង្កើត​ការ​សែត​«​នគរវត្ត​» នោះដែរ​។

​លោក ស៊ន សំណាង បាន​កត់សម្គាល់ថា អ្នក​សំណេរ​កាលនោះ​ភាគច្រើន​ដាក់ឈ្មោះ​ដូចជា អាចារ្យ កង​, អាចារ្យ កុយ​។​ល​។​

​អត្ថបទ​មួយ​ដែល​លោក ស៊ន សំណាង កត់សម្គាល់​នៅក្នុង​សំណេរ​កាលនោះ គឺ​អ្នកនិពន្ធ​បាន​ចោទ​ជា​សំណួរ​ក្នុង​បទ​អត្ថាធិប្បាយ​ថា ហេតុអ្វី​បានជា​ខ្មែរ​ក្រ​? ចម្លើយ គឺ​ដោយសារ​ខ្មែរ​ខ្ជិល​។ អត្ថបទ​ភាគច្រើន​បណ្តុះ​គំនិត​អោយ​ខ្មែរ​កុំ​ពឹងផ្អែក​លើ​គេ​។ ព័ត៌មាន​ក្នុង​កាសែត​ភាគច្រើន​ត្រូវបាន​អាន​ដោយ​មន្ត្រីរាជការ រីឯ​ពលរដ្ឋ​ធម្មតា​ភាគច្រើន​ទទួលបាន​ព័ត៌មាន​តាមរយៈ​ព្រះសង្ឃ​នៅក្នុង​វត្ត​ទៅវិញ​។

​មុន​មាន​វត្តមាន​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​ជា​ផ្លូវការ បទបញ្ជា​ផ្សេងៗ​ពី​រដ្ឋាភិបាល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាមរយៈ​សេវា​រដ្ឋបាល​របស់​រដ្ឋ​។ មុន​ឆ្នាំ​១៩៣៦ មាន​កាសែត​ជា​ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ L’avenir du Cambodge et L’écho du Cambodge​។ នៅ​ឆ្នាំ​១៩៤៦ សា​ព័ត៌មាន កម្ពុជា មួយទៀត ក៏បាន​បោះពុម្ពផ្សាយ​ជា​ភាសា​ខ្មែរ​ដែរ​។

​ផ្អែកលើ​ប្រភព​ផ្សេងៗ សារព័ត៌មាន​បរទេស​ជា​សន្លឹក​ត្រូវបាន​គេ​បោះពុម្ពផ្សាយ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​អឺរ៉ុប​នៅ​ឆ្នាំ ១៦០៥ នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៦៩០ នៅ​អាស៊ី​ក្នុងប្រទេស​ឥណ្ឌា​ឆ្នាំ ១៨២២​។ វិទ្យុរ​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​ទសវត្សរ៍ ១៨៦០ ក្នុងខណៈ​ពេលដែល​ទូរទស្សន៍​ត្រូវបាន​គេ​បង្កើតជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩២៦​។

​ប្រព័ន្ធ​សារព័ត៌មាន​អេឡិចត្រូនិក​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវបាន​គេ​បង្កើត​ក្នុង​ឆ្នាំ​១៩៧៤ តែ​ទើប​ចុងឆ្នាំ​១៩៩០ កាសែត​អាមេរិក​ជាច្រើន​រយ បាន​ផ្សាយ​ជា​អន​ឡាន​បន្ថែមទៀត​។​ព័ត៌មាន​តាម​បណ្តាញ​សង្គម ត្រូវបាន​កើតឡើង​ស្របពេល​នៃ​កំណើត Facebook នៅ​ឆ្នាំ​២០០៤៕


Tag:
 នគរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com