ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​សង្គ្រោះ​ជាតិ នៅតែ​សង្ឃឹមថា​បាន​ចូលរួម​បោះឆ្នោត​
03, May 2018 , 1:19 pm        
រូបភាព
គណបក្សសង្គ្រោះជាតិ ដែលមិនទាន់ត្រូវបានរំលាយ ធ្វើយុទ្ធនាការរកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ។ ថតដោយ ថាន រស្មី
គណបក្សសង្គ្រោះជាតិ ដែលមិនទាន់ត្រូវបានរំលាយ ធ្វើយុទ្ធនាការរកសំឡេងឆ្នោត កាលពីពេលបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ។ ថតដោយ ថាន រស្មី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថិតក្នុង​កាលៈទេសៈ​ដែល​គណបក្ស​នានា កំពុង​យកពាក្យ​ទៅ​ដា​ក់នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ឈរឈ្មោះ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយចោល និង​លែងមាន​ទីស្នាក់ការ​ក្នុងប្រទេស​កម្ពុជា​ហើយ​នោះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីក្តី​រំពឹងថា នឹង​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជាមួយ​គេឯងដែរ​។



​តាមរយៈសេចក្តីថ្លែងការណ៍ ដែលធ្វើចេញ​ពី​ក្រៅប្រទេស នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅតែ​ចាត់ទុក​ខ្លួន​ជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា និង​ជា​ដៃគូ​ប្រកួត​តែមួយគត់​របស់​គណបក្ស​កាន់អំណាច  បានប្រកាសជំហរបែបនេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ ទ​ទួ​ច​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ ដើម្បី​បង្រួបបង្រួម​ជាតិ និង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​»​។

មកដល់ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​៥​ទៀត បាន​យកពាក្យ​ទៅ​ដា​ក់នៅ​គ​.​ជ​.​ប​. រួចហើយ ដើម្បីចូលរួមប្រកួតប្រជែងយកអាសនៈក្នុងរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​។ ឯ​គណបក្ស​ដទៃទៀត កំពុង​បំពេញបែបបទ និង​ត្រៀម​យកពាក្យ​ទៅ​ដាក់​នៅពេល​ខាងមុខ​។​ ការចុះឈ្មោះគណបក្ស ដែលចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែមេសា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​. បាន​អះអាងថា ការចុះឈ្មោះ​គណបក្ស នឹងមិន​ត្រូវបាន​ពន្យា​រ​ពេល​នោះទេ​។ លោក ថែមទាំង​បញ្ជាក់​ពី​ផ្លូវច្បាប់​ថា គណបក្ស​ណា មិនបាន​ចុះឈ្មោះ គឺ​ស្មើនឹង​គណបក្ស​នោះ មិនបាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​។

​យ៉ាងណាក៏ដោយ លោក អ៊ូ  ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​សុទិដ្ឋិនិយម​ថា ដំណោះស្រាយ​អ្វី​ក៏​អាចទៅរួច​ដែរ ឲ្យ​តែ​អ្នកនយោបាយ មាន​ឆន្ទៈ​។ លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​បែបនេះ​ថា​៖«​ខ្ញុំ​យល់ថា អាច​ពន្យារពេលបាន ដូច​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងមក គឺ​យើង​ពន្យារ​បាន​»​។

​លោក សម រង្ស៊ី  អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​នានា និង​បានផ្តល់​បទ​សម្ភាស​ដល់​ប្រព័ន្ធផ្សព្វ​​ផ្សាយ​ជា​ញឹកញាប់  ដោយ​អះអាង​ដដែលៗ​ថា គណបក្ស​របស់លោក នឹង​រស់​ឡើងវិញ ហើយ​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាមិនខាន​។ លោក សង្កត់ធ្ងន់ថា ការបោះឆ្នោត ដែល​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ​។

​លោក សម រង្ស៊ី ដែល​កំពុង​និរទេស បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ជឿជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​វត្តមាន​លើ​ឆាកនយោបាយ​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​នេះ​»​។

​ប៉ុន្តែ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ផ្ទុយ​ពី​លោក សម រង្ស៊ី ទាំងស្រុង​។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​-​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ប្រធាន​គណបក្ស​អំណាច និង​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​ចំអក​ឲ្យ​គណបក្សប្រឆាំង យ៉ាង​ដូច្នេះ​ថា​៖«​គេ​ដុត​រលួយ​ឆ្អឹង​ហើយ ឲ្យ​រស់​ឡើងវិញ​យ៉ាងម៉េច​។ វា​មិន​រស់​ឡើងវិញ​ទេ​»​។  

​ឯ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​យល់ថា ការបោះឆ្នោត នឹង​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ប៉ុន្តែ​លោក សន្និដ្ឋាន​ជាមុន​ថា ទោះជា​គ្មាន​គណបក្សប្រឆាំង ក៏​ប្រជាពលរដ្ឋ​ភាគច្រើន នៅតែ​ទៅ​បោះឆ្នោត​ដដែល ដោយ​មិន​បោះបង់​ឱកាស​នេះ​ចោល​ឡើយ​។

​សម្រាប់​សហគមន៍​អន្តរជាតិ​មួយចំនួន ការបោះឆ្នោត​នៅ​កម្ពុជា នឹង​មិនមាន​ភាពស្រព​ច្បាប់ និង​មិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ​នោះទេ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​។ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទើបនឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​គូសបញ្ជាក់ថា ការបោះឆ្នោត​មួយ មិនអាច​ជាការ​បោះឆ្នោត​ពិតប្រាកដ​ឡើយ ប្រសិនបើ​គណបក្សប្រឆាំង​ធំជាងគេ ត្រូវបាន​រារាំង​។

​ទោះ​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​សហគម​ន៍​អន្តរជាតិ​បែបនេះ​ក្តី តែ​រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហរ​ថា ការបោះឆ្នោត នឹង​ដំណើរការ​តាម​គោលការណ៍​ច្បាប់ និង​លទ្ធិ​ប្រជាជ​ធិបតេយ្យ​។ ម្យ៉ាងទៀត រដ្ឋាភិបាល​កម្ពុជា ក៏បាន​បកស្រាយ​ដែរ​ថា ការបោះឆ្នោត មិន​តម្រូវ​ឲ្យ​មានការ​ទទួលស្គាល់​ឬ​ការមិន​ទទួល​ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕


Tag:
 បោះឆ្នោត​
  CNRP
  CPP
  ហ៊ុន សែន​
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com