អន្តរជាតិ
Oxfam៖​ជំនួយ​សម្រាប់​ប្រទេស​ក្រីក្រ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ នៅ​តិចជាង​ការរំពឹងទុក​ឆ្ងាយ​
04, May 2018 , 2:33 pm        
រូបភាព
​អង្គការ Oxfam បាន​អះអាងថា ប្រទេស​អ្នកមាន​ប្រហែលជា​មិនអាច​គោរព​ការសន្យា​ផ្តល់​ហិរញ្ញវត្ថុ ១០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ត្រឹម​ឆ្នាំ ២០២០ សម្រាប់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឡើយ​។ តាម​ស្ថានភាព​បច្ចុប្បន្ន គោលដៅ​សម្រេច​ឲ្យ​បាន​១០០​ពាន់​លាន​ដុល្លារ​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ការរំពឹងទុក​ខ្លាំង​។



​អនុលោម​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ បណ្តា​ប្រទេស​អភិវឌ្ឍ​បាន​សន្យា​ប្រមែរ​ប្រមូល​ហិរញ្ញវត្ថុ​ឲ្យ​បាន ១០០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។

​ប៉ុន្តែ​របាយការណ៍​អង្គការ Oxfam ដែលមាន​កម្រាស់ ២៨ ទំព័រ​ស្តីពី ការវាយតម្លៃ​ហិរញ្ញវត្ថុ​អាកាសធាតុ​ឆ្នាំ ២០១៨ និង​ទើប​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ ខែឧសភា​នេះ​បាន​បង្ហាញថា ការប្តេជ្ញាចិត្ត​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ការ​ពិតណាស់ បើតាម​ស្ថានភាព​បច្ចុប្បន្ននេះ​។ ជំនួយ​ផ្តល់​ពី​ប្រទេស​អ្នកមាន​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅតែ​ទាប និង​យឺតយ៉ាវ​ខ្លាំង​។ 

​របាយការណ៍​នេះ​កត់សម្គាល់ថា ឆ្នាំ ២០១៥-២០១៦ ប្រទេស​អ្នកមាន​ផ្តល់​ហិរញ្ញវត្ថុ​ក្នុង​ទំហំ​ត្រឹម ៤៨ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ជិត​ស្មើនឹង ៥០​ភាគរយ​នៃ​ទំហំ​ហិរញ្ញវត្ថុ​ដែល​ប្រទេស​អ្នកមាន​ទាំងនេះ​សន្យា​ជួយ​ចាប់ពី​ឆ្នាំ ២០២០ ប៉ុណ្ណោះ​។ បន្ថែម​ពីនេះ អង្គការ​នេះ​ក៏​រកឃើញថា ប្រទេស​ម្ចាស់ជំនួយ​ផ្តល់​ហិរញ្ញ​វត្ថ​លើ​គម្រោង និង​ផ្តល់ជំនួយ​ច្រើន​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដោយផ្ទាល់​ឡើយ​។

​តាមពិតទៅ ហិរញ្ញវត្ថុ​នេះ​នឹងត្រូវ​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​ក្រីក្រ​ដើម្បី​ជំរុញ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​ធានាបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ​ផង​។ គោលដៅ​សំខាន់​គឺ កម្រិត​សីតុណ្ហភាព​ពិភពលោក​កុំ​ឲ្យ​កើនឡើង​ហួស ១,៥ អង្សា​សេ (​ច្រើន​បំផុត ២ អង្សា​សេ​) ត្រឹម​ឆ្នាំ ២១០០​។​

​ខណៈដែល​អង្គការ Oxfam បញ្ចេញ​របាយការណ៍​នេះ តំណាង​រដ្ឋាភិបាល​លើ​ពិភពលោក កំពុង​ជួបប្រជុំ​ពិភាក្សាគ្នា​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ ២០១៥ នៅក្នុង​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់ ចាប់ពី​សប្តាហ៍​នេះ​ដល់​សប្តាហ៍​ក្រោយ ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC)​។ ហិរញ្ញវត្ថុ​អាកាសធាតុ​នេះ​នៅតែ​ជា​រឿង​ស្នូល តែ​ស្មុគស្មាញ​ជាងគេ​ក្នុង​កិច្ចពិភាក្សា​ដែរ​៕


Tag:
 Oxfam
  ប្រែប្រួល​អាកាសធាតុ​
  កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com