តោះ​! ទៅ​មើល​គំរូ​ផ្ទះ​បុរាណ​នៅ​បាត់ដំបង នៅ​សាលា​រចនា​

ជាតិ
តោះ​! ទៅ​មើល​គំរូ​ផ្ទះ​បុរាណ​នៅ​បាត់ដំបង នៅ​សាលា​រចនា​
04, May 2018 , 4:08 pm         4623
រូបភាព
​ផ្ទះ​បុរាណ​នៅក្នុង​ខេត្តបាត់ដំបង បាន​ក្លាយជា​គោលដៅ​ស្រាវជ្រាវ របស់​ក្រុមនិស្សិត​ឆ្នាំ​ទី​២ ផ្នែក​ស្ថាបត្យកម្ម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​(​សាលា​រចនា​)​។ គំរូ​ផ្ទះ​នីមួយៗ ត្រូវបាន​សិក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ទំហំ​ផ្ទះ សម្ភារ​ដែលមាន​នៅក្នុង​ផ្ទះ ទំហំ​ដី និង​រុក្ខជាតិ​ទីធ្លា​ផ្ទះ​ផងដែរ​។ ក្រុមនិស្សិត បាន​យក​គំរូ​ផ្ទះ​ទាំងនោះ  មក​តាំងពិព័រណ៍ ក្នុង​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ ដែល​រៀបចំ​នៅ​សាលា​រចនា​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែឧសភា​។​



​យុវជន ញាត ឈុន​ហួរ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ស្ថាបត្យកម្ម នៅ​សាកលវិទ្យាល័យ វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​រូបគេ​ទៅ​ស្រាវជ្រាវ មាន​អាយុកាល​ជិត​១០០​ឆ្នាំ ហើយ​ការសិក្សា ត្រូវបាន​ធ្វើឡើង​យ៉ាង​ល្អិតល្អន់ តាំងពី​ទំហំ​ផ្ទះ ប្រភេទ​ឈើ​ធ្វើ​ផ្ទះ រនាប​ផ្ទះ គ្រឿង​ដង្គុំ​ផ្ទះ​ផ្សេងៗ និង​ការតុបតែង​លម្អ​ក្នុងផ្ទះ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការរៀបចំ​នៅលើ​ដី ដូចជា ពាងទឹក អណ្ដូងទឹក ទ្រុងមាន់ ទ្រុង​គោ បង្គន់ និង​ដើមឈើ​ជាដើម ក៏ត្រូវ​បានធ្វើ​តាម​ទាំងអស់​ដែរ​។

អត្ថបទទាក់ទង




​និស្សិត ឈុន​ហួរ បញ្ជាក់​ដូច្នេះ​៖«​ផ្ទះ​នោះ​មាន​អ្វីខ្លះ ខ្ញុំ​ធ្វើតាម​ទាំងអស់ លើកលែងតែ​ទំហំ​ដី​ទេ ព្រោះ​វា​មាន​បណ្ដោយ​ប្រហែល​១០០​ម៉ែត្រ​។ ដូច្នេះ​នៅទីនេះ មិនមាន​កន្លែង​ដាក់​ទេ ទើប​យើង​កាត់​ដី​ចោល​ខ្លះ​។ យើង​ធ្វើតាម​ទាំងស្រុង​បែបនេះ ដើម្បី​ឲ្យ​អ្នកមើល​នៅទីនេះ គាត់​បានឃើញ​ជាក់ស្ដែង ហើយ​យើង​ចង់បង្ហាញ​ពី​គំរូ​ផ្ទះ​បុរាណ​ពិតៗ ដែល​វា​មាន​ដល់​សព្វថ្ងៃ ហើយ​វា​មាន​សភាព​បែបណាខ្លះ​»​។​



​និស្សិត​មួយរូប​ទៀត គឺ​និស្សិត សៀ សុ​មាន ក៏បាន​ទៅ​សិក្សា​ផ្ទះ​បុរាណ អាយុប្រមាណ​៩០​ឆ្នាំ​នៅ​បាត់ដំបង​ដែរ ប៉ុន្តែ​ផ្ទះ​នោះ​មាន​ទំហំ​ផ្ទៃដី​តូច និង​ធ្លាប់​ឆេះ​ម្តង​។ ដូច្នេះ​ក្រៅតែពី​ទំហំ​ផ្ទះ និង​រចនាបទ​របស់​ផ្ទះ ក្រុម​របស់​សុ​មាន បាន​ពង្រីក​ផ្ទៃដី​បន្ថែម​ដើម្បី​ដាំ​ដើមឈើ​លម្អ​បន្ថែម​។ សៀ​សុ​មាន បញ្ជាក់បន្ថែម​៖«​សម្រាប់​ផ្ទះ​ទាំងមូល យើង​យក​គំរូ​តាម​ទាំងស្រុង ពី​ផ្ទះ​បុរាណ​។ តែ​ផ្ទៃដី​បច្ចុប្បន្ន និង​ដើមឈើ យើង​ច្នៃ​ដាក់​បន្ថែម ដើម្បី​លើក​សម្រស់​ផ្ទះ និង​ឲ្យ​វា​ស៊ី​នឹង​ផ្ទះ​បុរាណ​»​។



​ខាងក្រោម​នេះ ជា​គំរូ​ផ្ទះ​បុរាណ នៅ​ខេត្តបាត់ដំបង ដែល​ធ្វើ​ដោយ និស្សិត​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​ឆ្នាំ​ទី​២ នៃ​សាលា​រចនា​។ សូម​ទស្សនា​ដូច​ទៅ​៖






































Tag:
 ផ្ទះ​បុរាណ​
 ​សិល្បៈ​
 ​សាលា​រចនា​
 ​ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com