ជាតិ
ចិន​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​
04, May 2018 , 8:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖(ឆ្វេង) លោក Liu Shaobin អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសរបស់ក្រសួងការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ)
រូបពីហ្វេសប៊ុកក្រសួង៖(ឆ្វេង) លោក Liu Shaobin អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសរបស់ក្រសួងការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ)
​ភ្នំពេញ​៖ ចិន ប្រកាស​ជំហរ​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ។ ការប្រកាស​របស់​ចិន​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក Liu Shaobin អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ក្រៅប្រទេស​របស់​ក្រសួងការបរទេស​ចិន និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​៣ ឧសភា​។​



​ថ្លែង​ក្នុងជំនួប​គ្នា​នោះ លោក Liu Shaobin បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន នៅតែ​រក្សា​ជំហរ​ខ្លួន មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​។ លោក​ថា ចិន​គោរព​អធិបតេយ្យភាព និង​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា លើ​ការចាត់វិធានការ​នានា ក្នុងការ​ការពារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ក្នុងប្រទេស​កន្លងមក​។ នេះ​បើតាម​លោក ជុំ ស​ន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​បន្ថែមថា ចិន​ក៏បាន​ប្រកាស​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។

​ដើម្បី​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​ការគាំទ្រ​របស់​ចិន​នេះ រដ្ឋមន្ត្រីក្រសួង​ការបទេស​លោក ប្រាក់ សុខុន បាន​អះអាងថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅតាម​ផែន​ប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដ ដោយសារ​មានការ​ចូលរួម​ពី​គ្រប់ភាគី​គណបក្សនយោបាយ ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។

​លោក ជុំ ស​ន្ទ​រី បាន​ស្រង់​សម្ដី​លោក ប្រាក់ សុខុន ដែល​បាន​និយាយ​ជាមួយ​ប្រតិភូ​ចិន មក​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​ការខិតខំ​របស់​រដ្ឋា​ភិ​បាល ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ខាងមុខ ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ និង​រលូន ដោយមាន​ការចូលរួម​តាម​ការប៉ាន់ស្មាន មិនតិចជាង​១០​គណបក្សនយោបាយ​ទេ ។ ហើយ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​នោះ ភាគច្រើន​ជា​គណបក្សនយោបាយ​មួយចំនួន ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល​ផងដែរ​»​។​

អត្ថបទទាក់ទង


​ក្រៅពី​រដ្ឋាភិបាល​ចិន​នេះ ក៏មាន​ជប៉ុន ដែល​ប្រកាស​គាំទ្រ​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា​ដែរ​។ ជំហរ​គាំទ្រ​របស់​ជប៉ុន បានបង្ហាញ​នៅក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពីពេល​ថ្មីៗ​នេះ​។​

​ទាំង​រដ្ឋាភិបាល​ចិន និង​ជប៉ុន សុទ្ធតែ​ធានារ៉ាប់រង​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ ចិន​ផ្ដល់​ថវិកា​២០​លាន​ដុល្លារ ខណៈ​ជប៉ុន​ផ្ដល់ជំនួយ​៧,២​លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ដំណើរការ​បោះឆ្នោត​នេះ ។ ការធានារ៉ាប់រង​រប​ស់​ចិន និង​ជប៉ុន ធ្វើឡើង​បន្ទាប់ពី​មានប​ដិ​មតិ​ពី​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​សម្រេច​ផ្អាក​ជំនួយ​បោះឆ្នោត ដោយ​ភ្ជាប់​លើ​បញ្ហានយោបាយ​កម្ពុជា​កន្ល​ង​មក​។​

​គិត​ត្រឹម​ថ្ងៃទី​៤ ឧសភា​នេះ មាន​គណបក្ស​ចំនួន​៦​ហើយ ដែល​បាន​ចុះឈ្មោះ​គណបក្ស និង​បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​។​

​បើទោះជា​លទ្ធផល​ការបោះឆ្នោត​មិនទាន់​មកដល់​ក្តី តែ​លទ្ធភាព​ឈ្នះឆ្នោត​នោះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ នេះ​ជាការ​យល់ឃើញ​របស់​អ្នកវិភាគ​នយោបាយ ដែល​បាន​បន្ថែមថា គណបក្សកាន់អំណាច និង​លេង​នយោបាយ​យកឈ្នះ​ការបោះឆ្នោត​នេះ​។ សម្រាប់​លោក ហង្ស វិទូ ការយក​ឈ្នះ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លេង​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ គឺ​ការបិទផ្លូវ​មិន​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ និង​គ្មាន​ផ្លូវ​ចូលរួម​ការបោះឆ្នោត បើទោះជា​ត្រូវ​ប្រឈមមុខ​នឹង​ការរិះគន់​ពី​សំណាក់​សហគម​អន្តរជាតិ​ក្តី​។

​វិធី​មួយទៀត ដែល​លោក ហង្ស វិទូ មើលឃើញ​គណបក្ស​ប្រជាជន​នៅតែ​ឈ្នោះ​ឆ្នោត​នោះ ត្រង់​ថា បើសិនជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ មាន​ផ្លូវ​ចូលរួម​ប្រកួតប្រជែង​នយោបាយ វា​ក៏​ស្ថិតនៅក្នុង​រូបភាព​ចរចា​សម្បទាន​នយោបាយ​អ្វីមួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មានប្រៀប​ជាង​គណបក្សប្រឆាំង​នេះដែរ​។ សម្រាប់​លោក វិទូ គណបក្ស​ប្រជាជន​កម្ពុជា នឹង​លេង​សន្លឹក​បៀ​ធំ​នៅក្នុង​ដៃ​ស្រាប់​នេះ ដើម្បី​ការ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​អាណត្តិ​ក្រោយនេះ​៕
 


Tag:
 ចិន
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com