ជាតិ
សង្គមជាតិ
ផ្លែព្រីងរបស់អ្នកភូមិសណ្ដាន់ ខេត្តសៀមរាប!
× សៀមរាប៖ រដូវផ្លែព្រីងរបស់អ្នកភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប បានផ្តើមពីពាក់កណ្ដាលខែមេសាមក។ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីខាងលិចរង្វង់មូលព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប អ្នកភូមិសណ្ដាន់ជាច្រើនបានដាក់លក់ផ្លែព្រីងនៅលើកញ្ច្រែង ល្អីជាហូរហែរ។
ផ្លែព្រីងរបស់អ្នកភូមិសណ្ដាន់ បានទាក់ទាញអ្នកដំណើរជាច្រើនឱ្យឈប់យានយន្តរបស់ពួកគេ ដើម្បីចូលទិញ និងភ្លក់ព្រីងធម្មជាតិនេះ ដែលមានតែម្ដងក្នុងមួយឆ្នាំ។ ស្ទើរគ្រប់ផ្ទះរបស់អ្នកភូមិសណ្ដាន់ គឺមានដើមព្រីងចាប់ពី៣ដើម រហូតដល់ច្រើនដើម ខ្លះមានដល់ទៅ១០ដើមក៏មាន។
អ្នកស្រី ផល្លា អ្នកភូមិសណ្ដាន់ និងបានលក់ព្រីងរៀងរាល់ឆ្នាំមក បានឱ្យដឹងថា ព្រីងដែលអ្នកស្រីកំពុងលក់នេះ គឺខ្លះមានដើមនៅផ្ទះខ្លួនឯង និងខ្លះទៀតបានទិញបន្ដពីអ្នកផ្ទះក្បែរខាង។ អ្នកស្រីបន្ថែមថា ព្រីងដែលអ្នកស្រីយកបន្ដពីគេតម្លៃពី២០០០ ទៅ២៥០០រៀលក្នុងមួយកំប៉ុង តាមគ្រាប់តូច គ្រាប់ធំ ហើយអ្នកស្រីលក់ចេញវិញ ចាប់ពី២៥០០ ទៅ៣០០០រៀល ដែលក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចន្លោះពី ៧០ទៅ១០០កំប៉ុងឯណោះ។
ចំណែកអ្នកស្រី ផល្លី ឯណោះវិញ បាននិយាយថា ផ្លែព្រីងបានបង្កើនប្រាក់ចំណូលមួយចំនួនដល់គ្រួសារអ្នកស្រី ដែលក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានប្រាក់ចំណេញចាប់ពី៥ម៉ឺនរៀលឡើងទៅ។ ដូចអ្នកស្រី ផល្លា អ្នកស្រី ផល្លី បានដើរប្រមូលទិញផ្លែព្រីងពីអ្នកភូមិដើម្បីយកមកលក់បន្ដ ដែលក្នុងមួយឆ្នាំអ្នកស្រីអាចលក់ព្រីងរយៈពេល២ខែ គឺចាប់ពីពាក់កណ្ដាលខែ មេសា ដល់ពាក់កណ្ដាល មិថុនា។
ព្រីងដែលអ្នកភូមិសណ្ដាន់កំពុងលក់នេះជាប្រភេទព្រីងដោះក្របី ដែលវាមានផ្លែធំៗ ខ្លះទៀតក៏មានតូចដែរ ដែលគេឱ្យឈ្មោះថា ព្រីងបាយ និងព្រីងអួល ហើយវាមានរសជាតិផ្អែម ខ្លះជូរអែម ហើយគេនិយមយកវាទៅក្រឡុកជាមួយស្ករ និងអំបិល ដើម្បីបន្ថែមរសជាតិ។ អ្នកដំណើរដែលនិយមចូលទិញព្រីង ច្រើនជាអ្នកដំណើរផ្លូវឆ្ងាយដែលបានឆ្លងកាត់ខេត្តសៀមរាប មានខ្លះមកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com