ជាតិ
មក​ស្គាល់​ចាស់​ព្រឹទ្ធិ​ចា​រ្យ​បងប្អូន​២​រូប​ដែលមាន​ជំនាញ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ដែល​កម្រ​មាន​អ្នកចេះ​
05, May 2018 , 9:19 pm        
រូបភាព
លោកតា ស៉ឹ​ម អៃ (ឆ្វេង) និងលោកតា ស៉ឹ​ម អឿ​ម
លោកតា ស៉ឹ​ម អៃ (ឆ្វេង) និងលោកតា ស៉ឹ​ម អឿ​ម
សៀមរាប​៖ បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​ប្រាង្គ​ប្រាសាទបុរាណ​ជាច្រើន​ដល់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ប្រាសាទ​ទាំងនោះ​ខ្លះ​សង់​ពី​ថ្មភក់ ថ្មបាយក្រៀម និង​ដីឥដ្ឋ​។ អ្នកជំនាញ​បានបង្ហាញ​ថា ការជួសជុល​ប្រាសាទ​ធ្វើ​ពី​ថ្មភក់ គឺមាន​ភាពងាយស្រួល ខុសពី​ប្រាសាទ​ធ្វើ​ពី​ឥដ្ឋ ដែលមាន​ភាពផុយស្រួយ ត្រូវការ​ពេលវេលា ភាព​អត់ធ្មត់ ពិសេស​គឺ​ត្រូវមាន​ជំនាញ​ច្បាស់លាស់​ទើប​អាច​ជួសជុល​ស្របទៅតាម​ទម្រង់​ដើម​នៃ​ប្រាសាទ​នោះ​ឡើងវិញ​។ ចាស់​ព្រឹទ្ធិ​ចា​រ្យ​ជា​បងប្អូន​២​រូប មាន​ជំនាញ​ច្បាស់លាស់​លើ​ការងារ​ជួសជុល​ប្រាសាទ​ឥដ្ឋ​នេះ ដែល​ពួកគាត់​ចេះ​ជំនាញ​នេះ​ត​ពី​ឪពុក​របស់លោក​។​

 
​លោកតា ស៉ឹ​ម អៃ និង​លោកតា ស៉ឹ​ម អឿ​ម បានបង្ហាញ​ការបារម្ភ​ទៅលើ​កង្វះ​អ្នកជំនាញ​ការជួសជុល​ប្រាសាទ​ឥដ្ឋ ដែល​លោក​ទាំងពីរ​បាននិងកំពុង​ប្រើពេល​ជាង​២០​ឆ្នាំ​មកហើយ​ទៅលើ​ប្រាសាទបុរាណ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក​ទាំងពីរ​ថា បច្ចុប្បន្ន​យុវជន​មិនសូវមាន​អ្នក​ស្រឡាញ់ និង​ចង់​ធ្វើការ​ងារ​ដ៏​លំបាក​នេះ​ទេ ពិសេស​គឺ​ការជួសជុល​ប្រាសាទ​ឥដ្ឋ​តែម្ដង​។ លោកតា ស៉ឹ​ម អៃ ពន្យល់ថា​៖« ការងារ​ឥដ្ឋ​មិន​ដូច​ការងារ​ថ្ម (​ភក់​) ទេ លំបាក​ណាស់​។ ថ្ម​យើង​អាច​លើក​មួយ​ដុំ​បាន​កម្ពស់​ពី​៥​ទៅ​៦​តឹក តែ​ឥដ្ឋ លើក​១០​ដុំ​មិនទាន់បាន​ប្រហែល​ថ្ម​មួយ​ដុំ​ផង ម្លោះ​ហើយ​ធ្វើឱ្យ​ការងារ​យឺត​»​។ ចំណែក​លោកតា ស៉ឹ​ម អឿ​ម ដែលជា​ប្អូន​វិញ ពន្យល់ថា​៖« ការរៀប​ឥដ្ឋ​នេះ យើង​ត្រូវ​ពិនិត្យ​ផ្ទៃ​ឥដ្ឋ​ចាស់​របស់​វា​ដែរ មិនមែន​ចេះតែ​ដាក់ៗ​ទេ ដូច​ឥដ្ឋ​ចាស់​របស់​វា ប្រសិន​ណា​យើង​ដក​ពី​កន្លែង​មួយ​ហើយ យើង​យកទៅដាក់​វិញ​អត់​ត្រូវ​ទេ​។ ធម្មតា​ឥដ្ឋ​ពេល​ចាស់​ទៅ វា​មានការ​ពុកផុយ ហើយ​យ​កវាម​កលាង​សម្អាត​ទៀត ដាក់​វិញ​វា​នឹង​ទាប​ជាង ដល់​ចឹ​ង​ត្រូវយក​អា​ផ្សេង​មក​ជំនួស​។ អត់​ដូច​ថ្មភក់​ទេ ថ្មភក់​ជ្រុះ​មួយ​ដុំ យើង​អាច​រើស​យកទៅដាក់​កន្លែង​ហ្នឹង​វិញ​បាន​»​។​
 
​ប្រវត្តិ​ត្រួសៗ​របស់​លោកតា ស៉ឹ​ម អៃ លើ​ការងារ​ជួសជុល​ប្រាសាទ​នាពេល​កន្លងមក​

 
​លោកតា អៃ នៅ​ឆ្នាំ​២០១៨​នេះ​មាន​អាយុ ៧៦​ឆ្នាំ​ហើយ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ លោកតា​ចូល​បម្រើ​ការងារ​ជួសជុល​ប្រាសាទ​ដំបូង​នៅ​ឆ្នាំ​១៩៩៤ ដោយ​ផ្តើម​នៅ​ការដ្ឋាន​ប្រាសាទ​ព្រះ​គោ ជាមួយ​ស្ថាប័ន​ប្រទេស​ហុង​គ្រី​។ ក្នុងការ​ជួសជុល​ប្រាសាទ លោកតា អៃ មានបទពិសោធន៍​ទាំង​ការជួសជុល​ប្រាសាទ​ថ្ម និង​ប្រាសាទ​ឥដ្ឋ ហើយ​ចាប់ពី​ឆ្នាំ​១៩៩៤​មក លោកតា​ធ្លាប់​ជួសជុល​ប្រាសាទ​ព្រះ​គោ ប្រាសាទភ្នំបាខែង ប្រាសាទ​គោកចក និង​សព្វ​ថ្ងៃជា​ប្រធាន​ក្រុម​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រាសាទលលៃ​។​
 
​សម្រាប់​លោកតា អៃ លោក​មានបំណង​ចង់​បម្រើ​ការងារ​នេះ​រហូត​ដល់ពេល​ចុងក្រោយ​របស់លោក ទោះ​វា​មិន​ទទួលបាន​ការគាំទ្រ​ពី​កូនៗ​របស់លោក​យ៉ាងណាក្ដី​។ កូន​ទាំងពីរ​របស់​លោកតា ចង់ឱ្យ​លោក​សម្រាក​និង​មាន​ពេលវេលា​ច្រើន​សម្រាប់​នៅ​ជាមួយ​កូន​និង​ចៅៗ​។ យ៉ាងណា លោកតា អៃ​ថា លោក​ស្រឡាញ់ និង​ចង់​ធ្វើ​ការងារ​ទាំងនេះ​ដើម្បី​កូនចៅ និង​មរតក​ដូនតា​ខ្មែរ សម្រាប់​ទុកឱ្យ​កូនចៅ​ទៅ​ជំនាន់​ក្រោយ​ទៀត​។ គោលបំណង​របស់លោក​តា លោក​សុំឱ្យ​បញ្ញាវន្ដ​ទាំងអស់ ត្រូវ​ពង្រឹង​ការជួសជុល​ប្រាសាទ​ឥដ្ឋ​ឡើងវិញ ព្រោះថា​វា​រង​ការខូចខាត​ច្រើន​។ លោក​បន្ថែមថា​៖« បើ​យើង​មិនបាន​ធ្វើឱ្យ​ដូចដើម​វិញ សុំ​ត្រឹម​ធ្វើយ៉ាងណា ថា​ប្រាសាទ​១០​ឱ្យនៅ​ទាំង​១០​វិញ កុំឱ្យ​ថយចុះ​ដល់​៧ ដល់​៨»​។​
 
​ប្រវត្តិ​ត្រួសៗ​របស់​លោកតា ស៉ឹ​ម អឿ​ម លើ​ការងារ​ជួសជុល​ប្រាសាទ​នាពេល​កន្លងមក​


 ​លោកតា អឿ​ម កើត​នៅ​ឆ្នាំ​១៩៥២ បច្ចុប្បន្ន​មាន​អាយុ​៦៦​ឆ្នាំ​។ លោកតា​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ លោក​ចូលរួម​ការងារ​ជួសជុល​ប្រាសាទ​នៅ​ឆ្នាំ​១៩៩៤ ដោយ​ផ្តើម​ពី​ការងារ​នៅ​ប្រាសាទ​ព្រះ​គោ ជាមួយ​ស្ថាប័ន​ហុង​គ្រី និង​អ៉ី​តា​លី​។ មុននឹង​បាន​ចូលរួម​ជួសជុល​ប្រាសាទ លោកតា អឿ​ម ធ្លាប់ជា​ជាងសំណង់​ផ្នែក​ឥដ្ឋ មុន​អ្នកជំនាញ​ការបរទេស​ជ្រើសរើស​លោក​ឱ្យទៅ​ជួសជុល​នៅ​ប្រាសាទ​ព្រះ​គោ​។​
 
​លោកតា អឿ​ម រម្លឹកថា ឪពុក​របស់លោក​ធ្លាប់​ជួសជុល​ប្រាសាទបាគង​ដែរ​នៅ​ជំនាន់​បារាំង កាល​ឪពុក​លោក​នៅ​ជា​យុវជន ហើយ​លោក​រៀន​ចេះ​ជំនា​ញក​ឥដ្ឋ ក​កំបោរ​ពី​ឪពុក​លោក​ផងដែរ​។ បច្ចុប្បន្ន​លោកតា អឿ​ម ជា​ប្រធាន​ក្រុមការងារ​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រាសាទបាគង​។ ការ​ប្រឈម​របស់​ប្រាសាទ​ឥដ្ឋ នោះ​គឺ​ដើមឈើ​តូចៗ​ដែល​ឬ​សរប​ស់វា បាន​ចាក់​ញែក​ដីឥដ្ឋ ដែល​ធ្វើឱ្យ​តួ​ប្រាសាទ​បាក់​រំលំ​បាន​យ៉ាង​ងាយ បើ​គ្មាន​ការថែទាំ​ត្រឹមត្រូវ​។ 
 
 
​លោកតា អឿ​ម ថ្លែង​ដោយ​ទឹកចិត្ត​មុតមាំ​ថា លោក​ពេញ​ចិត្តនឹង​ការងារ​ជួសជុល​ប្រាសាទ​នេះ​ណាស់ ពិសេស​ការជួសជុល​ប្រាសាទ​ឥដ្ឋ ដែល​ទាមទារ​ឱ្យមាន​ភាព​អត់ធ្មត់​ខ្ពស់​។ លោកតា​បន្ថែមថា លោក​មិនដែល​ធុញទ្រាន់​នឹង​ការងារ​នេះឡើយ វា​ដូច​ឆ្នាំងបាយ​របស់​លោកតា​យ៉ាង​ដូច្នោះ​ដែរ ហើយ​លោកតា​ធ្វើ​ដើម្បី​បម្រើ​មនុស្សជាតិ និង​សង្គម​ខ្មែរ​ទាំងមូល​។​
 
​លោកតា​បាន​ផ្ដាំ​ដល់​កូនចៅ​ជំនាន់​ក្រោយ​យ៉ាង​ដូច្នេះ​ថា​៖« កូនចៅ ពេល​ឃើញ​ថ្ម ឬ​ចម្លាក់ កុំ​ដើរ​ជាន់​វា មាន​ច្រើនណាស់​ដែល​ដើរ​ប្រាសាទ​បានត្រឹមតែ​មើលៗ គួរឱ្យ​តម្លៃ​ដល់​ប្រាសាទ​ដែល​ដូនតា​បន្សល់​ឱ្យ​»៕
 


 

 

Tag:
 ស៉ឹ​ម អឿ​ម​
  ស៉ឹ​ម អៃ​
  ប្រាសាទបាគង​
  ប្រាសាទលលៃ
© រក្សាសិទ្ធិដោយ thmeythmey.com