ជាតិ
អាហា​រដ្ឋា​ន​ចំការ​ត្រាវ​ទី​កម្សាន្ដ​បែប​ស្រុកស្រែ​កំពុង​ទាក់ទាញ​អ្នកទីក្រុង​សៀមរាប​
06, May 2018 , 3:06 pm        
រូបភាព
សៀមរាប​៖ បច្ចុប្បន្ននេះ មានការ​រៀបចំ​ជា​អាហារ​ដ្ឋា​ន​លក្ខណៈ​ស្រុកស្រែ មាន​ដើមឈើ ស្រះ​ទឹក និង​មាន​រោង​ស្លឹក​អង្គុយ​ជាច្រើន​នៅ​ជាយៗ​ប្រជុំជន​។ តួយ៉ាង ការរៀបចំ​បែបនេះ​ក៏មាន​ច្រើន​ផងដែរ​នៅ​ជាយក្រុង​សៀមរាប​។ អាហា​រដ្ឋា​ន​ចំការ​ត្រាវ ជា​អាហារ​ដ្ឋា​ន​មួយកន្លែង ដែល​រៀបចំឡើង​ដើម្បី​បំពេញ​បំណង​ដល់​អតិថិជន​ដែល​ចង់បាន​ភាពស្ងប់ស្ងាត់  និង​មាន​បរិយាកាស​ស្រស់ស្រាយ អមដោយ​ធម្មជាតិ​ជុំវិញ​។​

 
​លោក យ៉ាន វិវត្តន៍ ម្ចាស់​អាហា​រដ្ឋា​ន​ចំការ​ត្រាវ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ័យ ឃុំ​ទឹក​វិល ក្រុង​សៀមរាប​បានឱ្យដឹងថា អាហារ​ដ្ឋា​ន​របស់លោក​បាន​បើក​ដំណើរការ​រយៈ​៨​ខែ​មកហើយ ហើយ​ទទួលបាន​ភ្ញៀវ​ជា​ហូរហែ​រទាំង​អ្នក​ក្នុង​ក្រុង​សៀមរាប និង​ខ្លះ​មកពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​អំឡុងពេល​បុណ្យទាន​ម្ដងៗ​។ លោក​បន្ថែមថា លោក​បាន​មើលឃើញ​ពីស​ក្កា​នុព​ល​នៃ​អាហារ​ដ្ឋា​ន​បែប​ជនបទ​នេះ ព្រោះ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង ពួកគេ​ចង់​មាន​ពេល​សម្រាក និង​ហូប​អាហារ​នៅ​កន្លែង​ស្ងប់ស្ងាត់ និង​បរិយាកាស​ស្រស់​សាយ ដែល​ខុសពី​នៅក្នុង​ទីប្រជុំជន មាន​ភាព​អ៊ូអរ និង​ចង្អៀត​។ ចំការ​ត្រាវ មាន ទេសភាព​វាលស្រែ និង​អមដោយ​រុក្ខជាតិ​ជុំវិញ​។​
 
 
​ចំការ​ត្រាវ​មាន​រោង​អង្គុយ​ជាង​១០ មាន​ស្រះ​ទឹក និង​ដីស្រែ​ចំការ ដែលមាន​ទំហំ​សុ​រប​ជាង​មួយ​ហិកតា​។ ភ្ញៀវ​ជាច្រើន​បានមក​កម្សាន្ត និង​ហូប​អាហារ​នៅ​កន្លែង​នេះ មាន​ជា​រៀងរាល់ថ្ងៃ ហើយ​ចេញចូល​ច្រើន​នៅ​រាល់ថ្ងៃ​សម្រាក​បុណ្យទាន​។ លោក វិវត្តន៍ បានឱ្យដឹង​ទៀតថា ម្ហូប​នៅ​អាហា​រដ្ឋា​ន​លោក​មាន​ជាង​១០​មុខ ហើយ​ភ្ញៀវ​ក៏​អាច​ធ្វើការ​កុម្ម៉ង់​មុខ​អាហារ​ដែល​ខ្លួន​ពេញចិត្ត​បាន​ផងដែរ​។ មុខម្ហូប​ប្រចាំ​អាហា​រដ្ឋា​ន​ចំការ​ត្រាវ រួមមាន ប្រហុក​លើ​ជ្រុ​ញ ខ្យង​ខ្លឹម​ស និង​ម្ជូរ​ស្រុកស្រែ​។ 
 
​ភ្ញៀវ​មួយរូប លោក ស៊ូ​ទី ដែល​បាន​នាំ​ក្រុមគ្រួសារ​មក​ហូប​អាហារ​នៅ​អាហារ​ដ្ឋា​ន​ចំការ​ត្រាវ បាន​និយាយថា លោក​ទើបនឹង​មក​ទីនេះ​ជា​លើកទីមួយ ហើយ​លោក​ពេញចិត្ត​ការរៀបចំ​ទីនេះ​ជាខ្លាំង​។ ក្រៅពីនេះ​លោក​ក៏បាន​កោត​សើរ​ចំពោះ​រសជាតិ​អាហារ​ផងដែរ ហើយ​ការរៀបចំ​បានល្អ និង​មាន​អនាម័យ​។ 
 
 
​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ហាង​អាហារ​ដែល​រៀបចំ​ជា​លក្ខណៈ​ស្រុកស្រែ មាន​ដើមឈើ និង​ស្រះ​ទឹកជា​ដើម​នោះ បាន​បង្កើត​ឡើងជា​ហូរហែរ ដូចជា​នៅ​តំបន់​ក្របី​រៀល ទឹក​វិល ភ្នំ​ក្រោម ស្រះស្រង់ និង​ហៀរ​ដល់​តំបន់​ត្រាវ​កុដិ ខាង​ស្រុក​បន្ទាយស្រី​ឯណោះ​ក៏មាន​។ ទោះ​ស្ថិតក្នុង​កម្រិត​ប្រកួតប្រជែង​បែបនេះ​ក្ដី ម្ចាស់​អាហា​រដ្ឋា​ន​ចំការ​ត្រាវ​ហាក់​មិន​ព្រួយបារម្ភ​ឡើយ លោក​ថា ហាង​របស់​លោកមា​នភា​ព​ពិសេស​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​បាន ដូចជា កត្ដា​ម្ហូបអាហារ និង​បរិយាកាស​ការរៀបចំ​ហាង គឺ​ហ៊ុំព័ទ្ធ​ដោយ​ធម្មជាតិ​ស្រស់ស្អាត​៕
 
 

 

Tag:
 ចំការ​ត្រាវ
© រក្សាសិទ្ធិដោយ thmeythmey.com