រថយន្ត
អន្តរជាតិ
PodRide កង់​អគ្គិសនី​ដែល​សណ្ឋាន​ជា​រថយន្ត​
07, May 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
PodRide ជា​ទោចក្រយាន​អគ្គិសនី (e-bike) ដែលមាន​កង់​៤ និង​មាន​ទម្រង់​ជា​រថយន្ត​។ វា​ត្រូវបាន​រចនា​ដោយ​លោក Mikael Kjellman អ្នកជំនាញ​ជនជាតិ​ស៊ុយអែត អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនទាន់​បង្ហាញ​វត្តមាន​លើ​ទីផ្សា​ឡើយ​។​



«​គំនិត​ដើម​នៃ​ការបង្កើត PodRide គឺ​ដើម្បី​ចូលរួមចំណែក​ថែរក្សា​អាកាសធាតុ និង​ផ្តល់នូវ​យានជំនិះ​ប្រកបដោយ​ផាសុកភាព​មួយ​»​។ លោក Kjellman បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ Daily Mail​។ បុរស​ស៊ុយអែត​រូបនេះ បាន​លើក​ថា PodRide នឹង​ជួយ​ពង្រឹង​ផ្នែក​សុខភាព ការ​សន្សំសំចៃ ជាពិសេស​ការយកចិត្ត​ទុកដាក់​លើ​បរិស្ថាន​។​



PodRide ដែលមាន​ទម្រង់​ដូចជា​រថយន្ត​ដែល​ក្មេងៗ​ជិះ​លេង​នេះ មាន​កម្លាំង​ម៉ាស៊ីន​២៥០​វ៉ា​ត់ ដែល​អាច​បើក​ក្នុង​ល្បឿន​ប្រមាណ​២៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ល្បឿន​នឹង​អាច​លឿន​ជាង​នេះ ទៅតាម​កម្លាំង​ធាក់​របស់​អ្នកជិះ​។​

​តាមរយៈ​គេហទំព័រ​របស់ខ្លួន PodRide http://mypodride.com/ ក៏​ប្រកាស​ស្វែងរក​ដៃគូ​វិនិយោគ​ផងដែរ ដោយ​បើកឱកាស​សម្រាប់​មនុស្ស​ទាំងអស់​លើ​ពិភពលោក (​លើកលែង​សហរដ្ឋអាមេរិក កាណ​ដា ឬ British Virgin Islands) ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​ម្ចាស់​ភាគហ៊ុន​។​



​ដោយ​គិត​ត្រឹម​ថ្ងៃទី​២៥ ខែមេសា គម្រោង PodRide ទទួលបាន​អ្នកគាំទ្រ​ហិរញ្ញវត្ថុ​៣៧​នាក់ មកពី​១៥​ប្រទេស​ដោយមាន​ទឹកប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​គោលដៅ​ដែល​ក្រុមហ៊ុន StartUp នេះ ជា​អប្បបរមា គឺ​ក្នុង​រង្វង់​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។​



​តម្លៃ​កង់ PodRide ដែល​គ្រោង​ដាក់លក់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ មិនទាន់​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នោះឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com