ជាតិ
សិក្ខាសាលា​ស្តីពី​«​របៀប​ជ្រើសរើស​ដៃគូ​ជីវិត​ក្នុង​សតវត្ស​ទី​២១»​ផ្តល់​បទពិសោធន៍​ច្រើន​ដល់​យុវជន
08, May 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សិក្ខាសាលា​ស្តីពី «​របៀប​ជ្រើសរើស​ដៃគូ​ជីវិត​ក្នុង​សតវត្ស​ទី​២១» ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុម យុវជន​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​សង្គម​(YVSD)​។ សិក្ខាសាលា​នេះ មានការ​ទាក់ទាញ​ពី​ក្រុមយុវជន មកពី​សា្ថ​ប័ន និង​បុគ្គលិក​ក្រុមហ៊ុន​ផ្សេងៗ ដោយ​សិក្ខាសាលា​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​បញ្ហា​ស្នេហា​របស់​យុវជន និង​លើកយក​ដំណោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​យុវជន​ទទួលបាន​បទពិសោធន៍ មុន​សម្រេចចិត្ត​ជ្រើសរើស​ដៃគូ និង​កសាង​គ្រួសារ​បន្ទាប់ពី​រៀបការ​។



​របៀប​ជ្រើសរើស​ដៃគូ​ជីវិត និង​គន្លឹះ​កសាង​គ្រួសារ​ឲ្យ​មាន​សុភមង្គល ត្រូវបាន​លើកឡើង​ក្នុង​វេទិកា​តុមូល​ស្តីពី​«​របៀប​ជ្រើសរើស​ដៃគូ​ជីវិត​ក្នុង​សតវត្ស​ទី​២១» ដោយមាន​វាគ្មិន​ល្បីៗ​ដែល​ជោគជ័យ​លើ​ស្នេហា ការសិក្សា និង​ការងារ ដើម្បី​មក​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ដល់​យុវជន​ដែល​ចូលរួម​។

​យុវជន​ដែល​ទទួលបាន​ដៃគូ​ក្នុង​ជីវិត​ដែល​ស័​ក្កិ​សម គឺ​តែង​ផ្តើមចេញពី​ទំនាក់ទំនង​រវាង​មិត្ត​រួម​សាលា និង​រួម​កន្លែង​ការងារ ដែលជា​កន្លែង​សាង​ស្នេហ៍​របស់​យុវជន​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា នាង សុ​វ៉ាត​នា ហៅ Dj Na Na ពិធី​ការិនី និង​ជា​អ្នកដោះស្រាយ​វិបត្តិ​ស្នេហា គ្រួសារ និង​ការងារ​ដល់​យុវជន​។ បើតាម​កញ្ញា Dj Na Na៖ «​ការស្វែងរក​ដៃគូ​ដែល​ត្រឹមត្រូវ គួរតែ​ជា​ដៃគូ​ដែល​ស្គាល់គ្នា​តាមរយៈ​កន្លែង​ជួបគ្នា​ញឹកញាប់ ដូចជា​សាលារៀន ឬ​ក្រុមហ៊ុន​នានា ទើប​ធ្វើ​ឲ្យ​ដៃគូ អាច​ស្វែងរក​ចិត្ត​គ្នា និង​ស្គា​ល់ពី​គុណសម្បត្តិ​គ្នា​ទៅវិញទៅមក​»​។

​លោក ឃីម សុខ​ហេង  ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI) បាន​ប្រាប់​ពី​គន្លឹះ​កសាង​គ្រួសារ​ឲ្យ​មាន​សុភមង្គល​ក្រោយពេល​រៀបការ​។ លោក ឃីម សុខ​ហេង បញ្ជាក់ថា សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ពិតជា​រឿង​ដ៏​សំខាន់ ដើម្បី​ឲ្យ​គ្រួសារ​ទទួលបាន​សុភមង្គល​ពិត គឺ​សំដៅ​ដោយ​ចេះ​យល់ចិត្ត​គ្នា ចេះ​ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​គ្រួសារ​នោះ​មានជីវិត​សប្បាយរីករាយ​។ លោក​បាន​អះអាងថា​៖«​គ្រួសារ​ដែល​កក់ក្តៅ មិនមែន​ដោយសារតែ​គ្រួសារ​នោះ​មាន​លុយ​ទេ តែ​កើតចេញពី​សេចក្តីសុខ​ផ្លូវចិត្ត ដែល​ចេះ​អធ្យាស្រ័យ​គ្នា និង​សេចក្តីសុខ​ផ្លូវកាយ មិន​ប្រើ​អំពើហិង្សា​ទៅវិញ​»​។ 



​យុវជន ផុន ម៉េង​ហុង ដែល​បាន​ចូលរួម​ពេញ​មួយថ្ងៃ​នៅក្នុង​សិក្ខា​សាល​នេះ យល់ថា​រូបគេ​ទទួលបាន​យោបល់ និង​គន្លឹះ​ល្អៗ​ជាច្រើន​ពី​វាគ្មិន​។ ផុន ម៉េង​ហុង ក៏​ចង់​ឲ្យ​មាន​កម្មវិធី​បែបនេះ​ទៀត ដើម្បី​ជួយ​ជា​ដំណោះស្រាយ​ដល់​យុវជន​ដែលមាន​វិបត្តិ​ស្នេហា​។

«​ខ្ញុំ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​បទ​បង្ហាញ​របស់​វាគ្មិន ដែលមាន​បទពិសោធន៍ ហើយ​ខ្ញុំ​នឹក​យក​ចំណុច​ល្អៗ​ទាំងនោះ ដើម្បី​ចែករំលែក​ទៅ​ឲ្យ​មិត្តភក្តិ​ដទៃ​ផងដែរ​»​។  នេះ​ជាការ​បញ្ជាក់​របស់ យុវជន​ម្នាក់ទៀត​ឈ្មោះ  គង់ សំអុល ដែល​បាន​ចំណាយពេល​ជាច្រើន​ស្តាប់ និង​សួរ​សំណួរ​ទៅកាន់​វាគ្មិន​នៅក្នុង​សិក្ខាសាលា​នេះដែរ​។ គង់ សំអុល បញ្ជាក់ទៀតថា កម្មវិធី​នេះ បានធ្វើ​ឲ្យ​លោក​អាច​ស្វែងយល់​ពី​ការជ្រើសរើស​ដៃគូ​ជីវិត និង​របៀប​កសាង​សុភមង្គល​ក្នុង​គ្រួសារ​។​

«​របៀប​ជ្រើសរើស​ដៃគូ ជីវិត​នៅ​សតវត្ស​ទី​២១» ជា​សិក្ខាសាលា​លើក​ទី​៥  ដែល​ត្រូវបាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍន៍​សង្គម រៀបចំឡើង​ដើម្បី​ឲ្យ​យុវជន មាន​ដំណោះស្រាយ​ច្បាស់លាស់ មុនពេល​ជ្រើសរើស​ដៃគូ​ជីវិត និង​រៀបចំ​កសាង​សុភមង្គល​គ្រួសារ​លោក តន់ រតនា ប្រធាន​គម្រោង​នៃ​សិក្ខា​សាល​«​របៀប​ជ្រើសរើស​ដៃគូ ជីវិត​នៅ​សតវត្ស​ទី​២១»​នេះ បាន​កត់សម្គាល់ថា អ្នកចូលរួម​មាន​សេចក្តី​ពេញ​ចិត្តនឹង​កម្មវិធី​នេះ​។ លោក រតនា បាន​លើកឡើងថា​៖« យុវជន​បាន​យល់​ពី​ចំណេះដឹង គំនិត និង​បទពិសោធន៍​ថ្មីៗ​ជាច្រើន ពី​វាគ្មិន​ល្បីៗ​។ ព្រមទាំង​ទទួលបាន​រង្វាន់​ពី​កម្មវិធី​ផងដែរ​»៕


Tag:
 ស្នេហា​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com