ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប ទទួលស្គាល់​គណបក្ស​៣​ជា​ផ្លូវការ សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​
08, May 2018 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៧ ឧសភា មាន​គណបក្សនយោបាយ​ចំនួន​៣ ហើយ ដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ឈរឈ្មោះ​បោះឆ្នោត អាណត្តិ​ទី​៦ ខាងមុខនេះ​។​



​គណបក្ស​ចំនួន​៣ នេះ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​។ ការទទួលស្គាល់​នេះ ធ្វើ​បន្ទាប់ពី​គណបក្ស​ទាំង​៣ បាន​បំពេញបែបបទ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់ គ​.​ជ​.​ប ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដែល​បាន​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ឈរឈ្មោះ​ទាំង​២៥​រាជធានី​-​ខេត្ត រីឯ​គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​តែ​១៧​រាជធានី​-​ខេត្ត​ប៉ុណ្ណោះ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ក្រៅពី​គណបក្ស​ទាំង​៣​នេះ ក៏មាន​គណបក្ស​ចំនួន​៧​ទៀត បាន​បំពេញបែបបទ​តម្កល់​ប្រាក់​នៅ​រតនាគារជាតិ​ផងដែរ ខណៈដែល​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បានដាក់​ប្រាក់​តម្កល់​នៅ​រតនាគារជាតិ​រួចហើយ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​សន្លឹកឆ្នោត​។​

​បើតាម​គ​.​ជ​.​ប គណបក្សនយោបាយ​ចំនួន​៨​ទៀត បាន​មកសុំ​ពាក្យ និង​កំពុងដំណើរការ​បំពេញ​បែបបទ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈ្មោះ​បោះឆ្នោត​។ មកដល់ពេលនេះ គ​.​ជ​.​ប កំពុង​បំពេញបែបបទ​ជាមួយ​គណបក្ស​ចំនួន​២១ ដែលមាន​បំណង​ចង់​ឈរឈ្មោះ​បោះឆ្នោត​។

​ទាក់ទង​ដំណើរការ​បោះឆ្នោត​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជួយ​សម្រួល​ដល់​កិច្ចការ​បោះឆ្នោត​ដល់​គណ​បក្សនយោបាយ ដែល​ចង់​ប្រកួតប្រជែង​សន្លឹកឆ្នោត នៅ​អាណត្តិ​ទី​៦ ខាងមុខនេះ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការបោះឆ្នោត​ដោយមាន​ការចូលរួម​ពី​គណបក្សនយោបាយ​ច្រើន​នេះ បង្ហាញថា ការបោះឆ្នោត​ប្រកបដោយ​ប្រជាធិបតេយ្យ ដែល​ផ្ទុយ​ពី​ការរិះគន់​ពី​សំណាក់​អន្តរជាតិ​។​

​តែ​យ៉ាងណា​សហគម​អន្តរជាតិ និង​អ្នកតាមដាន​ស្ថានការណ៍​នៅ​កម្ពុជា នៅតែ​ចង់​ឲ្យ​ការបោះឆ្នោត​ខាងមុខ ប្រព្រឹត្តទៅ​ដោយមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់ជា​គណបក្ស​ដ៏​ធំជាងគេ ចូលរួម​ប្រកួតប្រជែង​នេះ ដើម្បី​បង្ហាញ​ពី​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​។ ពួកគេ​ទាំងនោះ យល់ថា មានតែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ប្រកួត​ជាមួយ​គណបក្សកាន់អំណាច​។​

​គួរ​បញ្ជាក់ថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានរៀបចំ​ទទួល​ពាក្យ​នេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ មេសា ដល់​១៤​ឧសភា​។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​៕


Tag:
 គជប​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com