ជាតិ
សង្គមជាតិ
ក្រោម​ប្រធានបទ «​មិន​ទុក​នរណាម្នាក់​ចោល​» កាកបាទក្រហមកម្ពុជា​បាន​ថវិកា​សប្បុរស​ជាង​១៨​លាន​ដុល្លារ​
08, May 2018 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​របស់ខ្លួន បាន​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​នោះ បានបញ្ជាក់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​កថា គិត​ត្រឹម​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​អង្គារ​នេះ មូលនិធិ​បឋម​ដែល​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ពី សប្បុរស​ជនជាតិ និង​អន្តរជាតិ​មាន​ចំនួន​សរុប ១៨,០២៨៦,៦៨ (១៨​លាន ពីរម៉ឺន ប្រាំបី​ពាន់ ប្រាំមួយរយ ហុកសិប​ប្រាំបី​) ដុល្លារ​អាមេរិក​។​



​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានលើកឡើង​ពី​សារសំខាន់​នៃ​ការរួមចំណែក​របស់​ស​ប្បុរ​សជន​ជាតិ និង​អន្តរជាតិ ដែល​បានធ្វើ​ឲ្យ​កាកបាទក្រហមកម្ពុជា​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​សេចក្តីត្រូវកា​រ​ជាក់ស្តែង​របស់​អ្នករងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​នៅតាម​សហគមន៍​។

​ស្ត្រី​ទីមួយ​របស់​កម្ពុជា បាន​អះអាងថា កាកបាទក្រហមកម្ពុជា បន្ត​អនុវត្ត​យុទ្ធសាស្ត្រ ២០១១-២០២០ របស់ខ្លួន​ផ្តោតលើ​វិស័យ​ស្នូល​ទាំង​៤ គឺ​គ្រប់គ្រង​គ្រោះមហន្តរាយ អប់រំ ថែទាំ​សុខភាព​តាម​សហគមន៍ លើកកម្ពស់​តម្លៃ​មនុស្សធម៌ និង​អភិវឌ្ឍ​ស្ថាប័ន​។​

​យោងតាម​របាយការណ៍​ក្នុង​ឆ្នាំ​២០១៧ រហូតដល់​ខែមេសា ឆ្នាំ​២០១៨​នេះ កាកបាទក្រហមកម្ពុជា ជួយ​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ជាង​១​ម៉ឺន​គ្រួសារ​ឲ្យ​ទទួលបាន​អណ្តូង​ទឹកស្អាត និង​ស្រះ​ទឹក​សហគមន៍ ថែមទាំង​ផ្តល់​ការឧបត្ថម្ភ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត គឺ​ចាស់​ឥត​ទីពឹង កុមារកំព្រា កុមារ​ខ្សោយ​សតិបញ្ញា ស្ត្រី​មេម៉ាយ អ្នក​ពិការ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នកមាន​ជម្ងឺ​រាំ​រ៉ៃ ជាង​១០​ម៉ឺន​គ្រួសារ​។​

​កាកបាទក្រហមកម្ពុជា ក៏បាន​លើកឡើង​ពី​ការរួមចំណែក​រប​ស់បុ​គ្គ​លិ​ក និង​អ្នកស្ម័គ្រចិត្ត​របស់ខ្លួន​ក្នុង​ការជួយ​អប់រំ​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការចូលរួម​ក្នុង​សកម្មភាព មិត្ត​អប់រំ​មិត្ត សំអាត​បរិស្ថាន ដាំ​ដើមឈើ និង​បរិច្ចាក​ឈាម ជាដើម​។​
​ជាមួយគ្នានេះ​ផងដែរ កាកបាទក្រហមកម្ពុជា បាន​លើក​ពី​ការចុះ​អប់រំ​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន លើ​សារ​គន្លឹះ​ស្តីពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ការផ្តល់​ប្រាក់កម្ចី ឥត​ការប្រាក់​ដើម្បី​ធ្វើជា​ដើមទុន​ប្រកប​មុខ របរ​មាន​ជីវភាព​ប្រសើរឡើង រួមទាំង​សេវាកម្ម​ថែទាំ​សុខភាព​ផ្សេងៗ​។​

«​ក្រៅពី​សមិទ្ធផល​សំខាន់ៗ​ខាងលើនេះ​កាកបាទក្រហមកម្ពុជា​បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់ពី​ឆ្នាំ ២០១២ មក ដោយ​ក្នុង​មួយឆ្នាំៗ ចំនួន មួយ​លាន​ដុល្លារ​អាមេរិក និង​បាន​ជួយ​សាងសង់ និង​ជួសជុល លំនៅឋាន បាន​រាប់រយ​ខ្នង ធ្វើ​បង្គន់​អនាម័យ រាប់ពាន់​បន្ទប់ ផ្តល់​ស៊ីទែន​ទឹក និង​ធុង​ចម្រោះ​ទឹក ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម ខេត្ត​នានា និង​បាន​ជួយ​ស្វែងរក គ្រួសារ​ដែល​បែក​គ្នា ជាង​៤០​ឆ្នាំ ឱ្យបាន​ជួបគ្នា​ឡើងវិញ បាន​ជួយ​សាងសង់​អគារ សិក្សា អគារ​ស្នាក់នៅ នៅតាម​អង្គការ សមាគម និង​មណ្ឌល​កុមារកំព្រា​មួយចំនួន​»​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​ក្នុងឱកាស​នោះដែរ សម្តេច ហ៊ុន សែន មានប្រសាសន៍​រំលឹក​ពី​គុណូបការៈ​របស់​សម្តេច​ព្រះបាទ​នរោត្តម សីហនុ និង​សម្តេចម៉ែ ដែល​កន្លងមក​ព្រះអង្គ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​សកម្មភាព កាកបាទក្រហមកម្ពុជា​។ តាមរយៈ​ប្រធានបទ​ឆ្នាំនេះ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា ដោយ​មិន​ទុក​នរណា ម្នាក់​ចោល​» សម្តេច​វាយតម្លៃថា ពិតជា​មានន័យ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​រួម​របស់​កាកបាទក្រហម​កម្ពុជា​៕


Tag:
 កាកបាទក្រហមកម្ពុជា​
  សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com