ជាតិ
ក្រុមហ៊ុន​ចិន​ដែល​ខួង​ថ្ម​នៅ​ក​សិន្ធុ​អង្គរវត្ត​ប្រាប់​អប្សរា​ថា​ខ្លួន​ចុះ​សិក្សា​នីវ៉ូទឹក​លើ​គម្រោង​ស្ដារ​ផ្លូវទឹក​
08, May 2018 , 11:14 am        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​សៀមរាប​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ឧសភា ឆ្នាំ​២០១៨ ដោយ​ជនជាតិ​ចិន​ចំនួន​៤​រូប បានធ្វើ​សកម្មភាព​ខួង​ថ្ម​ក​សិន្ធុ​អង្គរវត្ត​។ ភ្លាមៗ មន្ត្រីប៉ូលិស​ការពារ​បេតិកភណ្ឌ​បាន​ចុះ​ឃាត់​សកម្មភាព​របស់​ជនជាតិ​ចិន​ទាំងនោះ និង​បាន​សួរនាំ​អំពី​ដើមហេតុ​ធ្វើឱ្យ​មានការ​ខួង​ថ្ម​បុរាណ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​បែបនេះ​។​



​តំណាង​ក្រុមហ៊ុន​ចិន បាន​ចូលខ្លួន​មក​បំភ្លឺ​ពី​ដើម​ហេតុដែល​ធ្វើឱ្យ​ពួកគេ​ខួង​ថ្ម​ក​សិន្ធុ​ខាងត្បូង​អង្គរវត្ត ដែលមាន​ទីតាំងនៅ​ចំណុច​រង្វង់​មូល​ចំបក់​កំណប់​។ លោក XIE HONGDING តំណាង​ក្រុមហ៊ុន ស្ពាន​-​ថ្នល់​ចិន (CRBC) បាន​ប្រាប់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​៧ ឧសភា ថា ខ្លួន​មានបំណង​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​នីវ៉ូទឹក​នៅ​ប្រាសាទអង្គរវត្ត លើ​គម្រោង​ស្ដារ​ផ្លូវទឹក​ពី​ទន្លេមេគង្គ ទៅ​ទន្លេសាប​។ នេះ​បើតាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​

​លោក ឡុង កុសល បន្ថែមថា តំណាង​ក្រុមហ៊ុន​ចិន​ខាងលើ​បាន​បំភ្លឺ​ទៀតថា លោក​និង​ក្រុមការងារ​មិនដឹងថា តំបន់​ខាងលើ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​នោះឡើយ ដោយ​នឹកស្មានថា សកម្មភាព​ការងារ​ខ្លួន​បាន​ដឹងឮ​អស់ហើយ ទើប​ក្រុមការងារ​លោក​ធ្វើការ​ខួង​ថ្ម​នៅ​ចំណុច​ខាងលើ​របៀបនេះ​។ លោក XIE ព្រម​ទទួលស្គាល់​កំហុស និង​ថា​នេះ​ជា​កំហុស​អ​ចេតនា ហើយ​ក្រុមហ៊ុន​របស់លោក​ក៏​គ្មាន​បំណង​ជីក​កកាយ​នៅ​កន្លែង​ផ្សេង​ក្នុង​រមណីយដ្ឋាន​អង្គរ​ទៀត​ដែរ​។

​បើតាម​ការលើកឡើងរ​ប​ស់លោក ឡុង កុសល បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា និង​ប៉ូលិស​ការពារ​បេតិកភណ្ឌ កំពុង​បន្ដ​ស៊ើបអង្កេត​ករណី​ខាងលើ ដោយ​ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា មិនទាន់​អាច​ទទួលយកបាន​នូវ​ហេតុផល​ភាគី​ចិន ដោយ​ថា​ចុះ​វាស់​កម្រិត​នីវ៉ូទឹក​នៅ​ចំណុច​ក​សិន្ធុ​អង្គរវត្ត​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បន្ថែមថា​៖« ហេតុផល​រឿង​វាស់​នីវ៉ូទឹក​យើង​មិនទាន់​អាច​ទទួលយកបាន ព្រោះថា​កម្រិត​នីវ៉ូទឹក​នៅ​បឹង​ទន្លេសាប​ទាប​ជាង​នៅ​អង្គរវត្ត​ឆ្ងាយ​ណាស់ ហេតុអ្វី​ពួកគេ​យក​ចំណុច​ទាំង​២​នេះ​មក​ធៀប​គ្នា​បែបនេះ​»​។​

​លោក រុំ រ័ត្ន​យ៉ា​រិ​ទ្ធ មន្ត្រីប៉ូលិស​ការពារ​បេតិកភណ្ឌ បាន​លើកឡើងថា ក្រុមការងារ​របស់លោក​បានធ្វើ​ការឃាត់​សកម្មភាព​ជនជាតិ​ចិន​ដែលមាន​គ្នា​៤​នាក់ នៅ​ចំណុច​ក​សិន្ធុ​ខាងត្បូង​អង្គរវត្ត​នៅវេលា​ម៉ោង ៩​និង​៥០​នាទី ព្រឹក​ថ្ងៃទី​៦ ខែឧសភា​។ ថ្ម​ដែល​ជនជាតិ​ចិន​បាន​ខួង​មាន​ទំហំ​មុខកាត់ ១.៦​ស​.​ម និង​ជម្រៅ ១១​ស​.​ម​។ លោក​បន្ថែមថា ក្រុមការងារ​លោក​បាន​ធ្វើការ​ថតចំលង​លិខិតឆ្លងដែន​ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ​រួចហើយ​ដែរ និង​បាន​បន្ដ​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​បន្ដបន្ទាប់​។

​គួរ​បញ្ជាក់ថា យោងតាម​លិខិត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លេខ ១២៧៣ បាន​ជូនដំណឹង​ដល់​អភិបាល​រាជធានី​ភ្នំពេញ អភិបាលខេត្ត កណ្ដាល កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និង​សៀមរាប លើ​កម្មវត្ថុ​សុំ​ជួយ​សហការ​គាំទ្រ​ដល់​ដំណើរការ​សិក្សា​របស់​ក្រុមហ៊ុន​សាជីវកម្ម ស្ពាន​-​ថ្នល់​ចិន លើ​ការស្ដារ​ផ្លូវទឹក​ពី​ទន្លេមេគង្គ ទៅ​ទន្លេសាប​។ ក្នុង​លិខិត​ដែលមាន​ចុះ​ហត្ថ​នៅ​ថ្ងៃទី​៦ មេសា ឆ្នាំ​២០១៨ ដោយ​រដ្ឋលេខាធិការ លោក លឹម ស៊ី​ដេ​នី​ន ស្នើឱ្យ​អភិបាល​រាជធានី និង​ខេត្ត​ខាងលើ ជួយ​អន្ដរាគមន៍ និង​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុមហ៊ុន​ចិន​ខាងលើ ដើម្បី​អនុវត្តន៍​ដំណើរការ​សិក្សា ប្រកបដោយ​ភាពរលូន និង​ទទួលបាន​ជោគជ័យ​៕


Tag:
 ក​សិន្ធុ​អង្គរវត្ត​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com