​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី៖ បក្ស​កាន់​អំណាច​ចាញ់ឆ្នោតលើកដំបូងក្រោយក្តាប់អំណាចជាង​៦០ឆ្នាំ
10, May 2018 , 7:59 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ចុងក្រោយ សម្ព័ន្ធបក្ស​កាន់​អំណាចម៉ាឡេស៊ី​ Barisan Nasional ចាញ់ឆ្នោតលើកដំបូងក្រោយក្តាប់អំណាចជាង​៦០ឆ្នាំ។ សម្ព័ន្ធបក្បប្រឆាំង Pakatan Harapan ឈ្នះបានអាសនៈភាគច្រើនអាចបង្កើតរដ្ឋាភិបាលបាន ហើយបើគ្មានអ្វីប្រែប្រួលទេ មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីទីបួនរបស់ម៉ាឡេស៊ីនោះនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃនេះតែម្តង។


 រលកយក្សស៊ូណាមិនយោបាយពិតជាកើតឡើងនៅក្នុង​ការបោះឆ្នោតម៉ាឡេស៊ី ដោយបក់យកសម្ព័ន្ធគណបក្សកាន់អំណាច​ Barisan Nasional ទៅជាមួយផង។ វាជារឿងដែលមិនគួរឲ្យនឹកស្មានដល់ព្រោះបក្សនេះបានក្តោបក្តាប់អំណាចតាំងពីក្រោយម៉ាឡេស៊ីប្រកាស​ឯករាជ្យពី​ចក្រភពអង់គ្លេសឆ្នាំ ១៩៥៧ មកម្ល៉េះ។ ចំណែកសម្ព័ន្ធបក្សប្រឆាំងដែលមានលោក មហាធៀ មហាម៉ាត់ជាប្រមុខនោះបានដណ្តើមយកជ័យជម្នះដោយក្តាប់បានអាសនៈភាគច្រើនសរុប ១១៣ ល្មមអាចបង្កើតរដ្ឋា​ភិបាលសហព័ន្ធ​បាន។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia គណបក្សកាន់អំណាច​នេះបានដណ្តើមអាសនៈសរុបចំនួន ៧៩,​គណបក្សឥស្លាមម៉ាឡេស៊ី​ (PAS) បានទទួល ១៨ អាសនៈ ហើយគណបក្ស Warisan ដែលជាសម្ព័ន្ធមិត្តសម្ព័ន្ធបក្សប្រឆាំងបានទទួល ៨អាសនៈ។ ក្រុមអ្នកឈរឈ្មោះឯករាជ្យបាន ៣ អាសនៈ និងចុងក្រោយបក្ស​សម្ព័ន្ធរួបរួម Sabah (USA) បានទទួលមួយអាសនៈ។ 

ក្រោយ​ទទួលជ័យជម្នះ​នេះ សម្ព័ន្ធបក្សប្រឆាំង​នឹងចាប់ផ្តើមរៀបចំបង្កើតរដ្ឋាភិបាលថ្មី ហើយនៅថ្ងៃនេះ បើសិនជាមិនមាន​បញ្ហាឬស្ថានភាពប្រែប្រួលទេ លោក​ មហាធៀ មហាម៉ាត់ នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មីទៀត។ ស្ថិត​ក្នុងវ័យ ៩២ឆ្នាំ លោកនឹង​ក្លាយជានាយករដ្ឋមន្ត្រីទី ៧ របស់សហព័ន្ធម៉ាឡេស៊ី។   

អត្ថបទទាក់ទង
 

 មហាធៀ ធ្លាប់​ធ្វើជានាយករដ្ឋមន្ត្រី​ទីបួនរបស់ម៉ាឡេស៊ី ហើយក៏ជាប់ឈ្មោះជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេដែរពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ ឯណោះ។ អ្វីដែលសំខាន់លោក ត្រូវបានគេចាត់​ទុកជាមេដឹកនាំផ្តាច់ការផងដែរព្រោះ​ពេល​លោកកាន់អំណាច​ រាល់មេដឹកនាំបក្ស​ប្រឆាំងត្រូវប្រឈមការចាប់ចងជាដើម។  
 
តាមពិតទៅ ក្នុង​ការបោះឆ្នោត​លើកនេះ យុវជនជាគន្លឹះដែលធ្វើឲ្យបក្សកាន់អំណាចចាញ់ឆ្នោត។ ក្នុងការឃោសនាកន្លងមក បញ្ហា​ត្រូវ​គណបក្សនយោបាយ​ទាំង​ប្រឆាំង ទាំង​កាន់អំណាច​ប្រឹងផ្តោតសំខាន់គឺបញ្ហា​ជីវភាព​ប្រជាជន​។ ការកើនឡើង​នៃ​ការចំណាយ​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ រួមទាំង​ការបង្កើន​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម ក៏ដូចជា​ការកាត់បន្ថយ​ការឧបត្ថម្ភ​ធន​លើ​ប្រេង ជា​កង្វល់​ធំ​របស់​ពលរដ្ឋ​ជាពិសេស​ពលរដ្ឋ​វណ្ណៈ​កណ្តាល ហើយ​ប្រជាជន​ក្មេង​ស្រេកឃ្លាន​ចង់បាន​ការផ្លាស់ប្តូ​រដែ​លអាច​ជំរុញ​ការកែទម្រង់​ស្ថាប័ន​និង​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​ផង​​។ 
 
​​បក្ស​កាន់អំណាច​បានព្យាយាមសន្យា​រក្សា​កំណើនសេដ្ឋកិច្ច និង​ជួយ​ប្រជាជន​ក្រីក្រ​ខ្វះ​ខ្វាត​នៅតាម​ទីជនបទ​។ រដ្ឋាភិបាល​សន្យា​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា និង​ធានា​ពង្រីក​សេវា​ធានារ៉ាប់រង​ដល់ក​ម្មករ ពលករ និង​កសិករ​ថែមទៀត​បើ​ខ្លួន​ជាប់ឆ្នោត​។  ប្រជាជន​ម៉ាឡេស៊ី​ក្រីក្រ​តាម​ជនបទ​នៅតែ​គាំទ្រ​បក្ស​កាន់អំណាច​ដែល​ដឹកនាំ​ប្រទេស​ចាប់ពី​ពេល​ទទួលបាន​ឯករាជ្យ​ឆ្នាំ ១៩៥៧ ព្រោះ​បក្ស​នេះ​នាំ​ការរីកចម្រើន​ដល់​សង្គម​ម៉ាឡេស៊ី​ជាពិសេស​សេដ្ឋកិច្ច​កន្លងមក​។ 
 
ឯសម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan វិញ​នោះ បានសន្យា​ដោះស្រាយ​កង្វល់​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​សង្គម​ជាពិសេស​រឿងអាស្រូវ​ពុករលួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ​កន្លងមក​នោះ​។ បក្ស​នេះ​សន្យា​ដាក់​កម្រិត​អាណ​តិ្ត​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ និង​ដកហូត​អំណាច​មួយចំនួន​របស់​ប្រមុខ​រដ្ឋាភិបាល​ផង ហើយ​បក្ស​នេះ​ក៏​សន្យា​ត្រួត​ពិនិត្យឡើងវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​គម្រោង​វិនិយោគ​របស់​ចិន​នៅ​ម៉ាឡេស៊ី​ផងដែរ​។​ នេះជាគោលនយោបាយដែល​ដែលទាក់ទាញចិត្តប្រជាជន​ខ្លាំង៕

© រក្សាសិទ្ធិដោយ thmeythmey.com