អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីចាញ់ឆ្នោត ណាជីប៖ «ខ្ញុំទទួលការកាត់ក្តីរបស់ប្រជាជនម៉ាឡេស៊ី» នាយករដ្ឋមន្ត្រីចាំផ្ទះ ណាជីប រ៉ាហ្សាក់ (រូបភាព AFP)
× នាយករដ្ឋមន្ត្រីចាំផ្ទះម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ ខែឧសភានេះ។ លោកបានថ្លែងទៅកាន់ប្រជាជនម៉ាឡេស៊ីជាអ្នកគាំទ្រថា លោកទទួលស្គាល់ការកាត់សេចក្តីរបស់ប្រជាជនម៉ាឡេស៊ី ក្នុងការបោះឆ្នោតម្សិលមិញ។ បើសិនជាមិនមានការប្រែប្រួលទេ លោក មហាធៀ មហាម៉ាត់ វ័យ ៩២ ឆ្នាំ អះអាងថា លោកនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៧ នៅថ្ងៃនេះដែរ។
ការទទួលស្គាល់លទ្ធផលបោះឆ្នោតប្រហែលជារឿងពិបាកបំផុតមួយសម្រាប់អ្នកនយោបាយបើសិនជាគេចាញ់ឆ្នោត។ ប៉ុន្តែនាយករដ្ឋមន្រ្តីចាំផ្ទះម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ មិនបានរត់គេចពីការពិតឡើយ។ លោកបានចេញមុខប្រកាសទទួលស្គាល់លទ្ធផលដែលបង្ហាញថា សម្ព័ន្ធបក្សកាន់អំណាចរបស់លោកពិតជាចាញ់ឆ្នោតមែននៅថ្ងៃពុធទី ៩ ឧសភាម្សិលមិញនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងសន្និសីទព័ត៌មាន លោក ណាជីប បានប្រកាសថា លោកទទួលយកការកាត់ក្តីរបស់ប្រជាជនម៉ាឡេស៊ីក្នុងការបោះឆ្នោត ដែលជ្រើសរើសយកបក្សប្រឆាំងដែលដឹកនាំដោយលោក មហាធៀ មហាម៉ាត់ នោះ។ លោកបន្ថែមថា វានឹងមានការផ្លាស់ប្តូរមួយមែន ហើយលោកប្តេជ្ញាចិត្តជួយធានាឲ្យមានដំណោះស្រាយត្រឹមត្រូវផងដែរ។
ប៉ុន្តែក្រៅពីប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត លោក ណាជីប បានឆ្លៀតបញ្ជាក់ថា ការបោះឆ្នោតសភាម្សិលមិញនេះមិនមានការបន្លំ និងរឿងមិនប្រក្រតីដូចគេចោទឡើយ។ អ្នកនយោបាយរូបនេះក៏បញ្ជាក់ផងដែរថា តាមលទ្ធផលបោះឆ្នោត គ្មានបក្សណាមួយឈ្នះបានសំឡេងភាគច្រើនធម្មតាឡើយ។ ដូច្នេះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនឹងស្ថិតក្រោមការសម្រេចរបស់ព្រះមហាក្សត្រម៉ាឡេស៊ី។
យ៉ាងណាក៏ដោយចុះ គេរំពឹងថា អតីតនាយករដ្ឋមន្ត្រី មហាធៀ នឹងត្រូវគេតែងតាំងជានាយករដ្ឋមន្ត្រីទីប្រាំពីរនៃសហព័ន្ធម៉ាឡេស៊ី ដោយសារសម្ព័ន្ធបក្សកាន់អំណាចរបស់លោកឈ្នះបានអាសនៈសភាសរុប ១១៣ ហើយបើរាប់ទាំងបក្សសម្ព័ន្ធមិត្ត Warisan ផង អាសនៈសរុបកើនដល់ ១២១ ឯណោះ។ លោក មហាធៀ ខ្លួនឯងបានប្រកាសហើយថា ការស្បថកាន់តំណែងនឹងត្រូររៀបចំឡើងនៅថ្ងៃនេះផងដែរ។
យ៉ាងណាមិញ ទូរទស្សន៍សិង្ហបុរី Channel News Asia បានស្រង់ប្រភពពីរាជវាំងម៉ាឡេស៊ីថា លោក មហាធៀ មិនអាចស្បថចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍នេះឡើយ ដ្បិតរដ្ឋាភិបាលថ្មីក៏មិនទាន់ត្រូវបានបង្កើតឡើងផងនោះ។
សូមបញ្ជាក់ថា ប្រជាជនម៉ាឡេស៊ីជិត ១៥ លាននាក់មានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតសភានីតិកាល ១៤ នេះ។ ចំណែកអាសនៈសរុបទូទាំងរដ្ឋទាំង ១៣ នៅម៉ាឡេស៊ីគឺ ២២២ ហើយបើសិនបក្សណាមួយដណ្តើមបានអាសនៈច្រើនជាងគេ បក្សនោះនឹងឈ្នះការបោះឆ្នោត និងដឹកនាំរដ្ឋាភិបាល ទោះបីទទួលបានសំឡេងឆ្នោតទូទាំងប្រទេសតិចក៏ដោយ។ ក្នុងការបោះឆ្នោតលើកនេះ គណបក្សកាន់អំណាចនេះបានដណ្តើមអាសនៈសរុបចំនួន ៧៩,គណបក្សឥស្លាមម៉ាឡេស៊ី (PAS) បានទទួល ១៨ អាសនៈ ហើយគណបក្ស Warisan បានទទួល ៨អាសនៈ។ ក្រុមអ្នកឈរឈ្មោះឯករាជ្យបាន ៣ អាសនៈ និងចុងក្រោយបក្សសម្ព័ន្ធរួបរួម Sabah (USA) បានទទួលមួយអាសនៈ៕
Tag:
បោះឆ្នោតម៉ាឡេស៊ី
ណាជីប រ៉ាហ្សាក់
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com