ជាតិ
អ្នកវិភាគ លោក ហង្ស វិទូ​៖ CPP ពិតជា​លេង​សន្លឹក​បៀ​ធីប​មេដឹកនាំ CNRP
10, May 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់មាន​ច្រកចូល​ប្រកួតប្រជែង​ការបោះឆ្នោត​ឡើងវិញ​ឡើយ ក្រោយពី​គណបក្សកាន់អំណាច ប្រកាស​ដាច់អហង្ការ​ថា មិន​បើក​ផ្លួ​វ​ចរចា​ជាមួយ​មេ​ដឹក​នា​អតីត​បក្សប្រឆាំង ។ អ្នកវិភាគ មើលឃើញថា «​ដើម្បី​ឈ្នះ​» គណបក្សកាន់អំណាច ពិតជា​លេង​សន្លឹក​បៀ​នៅក្នុង​ដៃ ធីប​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​បក្ស​មែន ដោយ​មិន​មានការ​ស្ដាយក្រោយ​ឡើយ​។​



​នៅសល់តែ​រយៈពេល​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការចុះឈ្មោះ​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹងត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៤ ឧសភា​។ ខណៈពេល​នេះ ដំណឹង​ល្អ​នៃ​ការ​រស់​ឡើងវិញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ច្រកចូល​របស់​មេដឹកនាំ​បក្ស​នេះ មិនទាន់មាន​ជា​ផ្លូវការ​ឡើយ​។​

​វា​គ្មាន​មន្ទិលសង្ស័យ​ទៀត​ទេ ដែលថា​គណបក្សកាន់អំណាច​កំពុង​ប្រើ​សន្លឹក​បៀ​ក្នុង​ដៃ ដើម្បី​បំបាត់​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ បាន​និយាយថា សន្លឹក​បៀ​ធំ​ក្នុង​ដៃ​គណបក្សកាន់អំណាច​នេះ គឺ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​មិន​ឲ្យ​អតីត​មេដឹកនាំ​បក្ស​នេះ ចូលធ្វើ​នយោបាយ​ប្រកួតប្រជែង​នៅ​អាណត្តិ​ទី​៦ នា​ចុងខែ​កក្កដា ខាងមុខ​។​

​សម្រាប់​លោក ហង្ស វិទូ គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​លេងល្បែង​យកឈ្នះ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដោយ​មិន​មានការ​ស្ដាយក្រោយ​ឡើយ​។ អ្វីដែល​លោក ហង្ស វិទូ មើលឃើញ​នោះ គឺ​គណបក្សកាន់អំណាច នឹង​យកឈ្នះ​ការបោះឆ្នោត​ជាមួយ​គូប្រកួត​ប្រជែង ដែលមាន​លទ្ធភាព​ខ្សោយ​ជាង​ខ្លួន តាម​រូបភាព​ស្របច្បាប់​កម្ពុជា ដោយ​មិន​ខ្វល់​ការរិះគន់​ពី​សំណាក់​សហគម​អន្តរជាតិ ឬ​ការ​ឡាំប៉ា​របស់​អតីត​មេដឹកនាំ​បក្សប្រឆាំង​នៅក្រៅ​ប្រទេស​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស វិទូ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្សកាន់អំណាច​គេ​នឹង​លេង​សន្លឹក​បៀ​ដោយ​បោះ​ទៅដោយ​មិន​ខ្លាច​អ្វី​ទេ ព្រោះ​គេ​លេង​ជាមួយ​គណបក្ស​ច្រើន ហើយក៏​មាន​អ្នក​ជួយ​សម្ដែង​ឲ្យ​ស្របតាម​ច្បាប់​កម្ពុជា ដោយ​មិនចាំបាច់​មាន​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ប៉ុន្តែ​អ្វី​ជា​បញ្ហា​ត្រង់​ថា នៅពេល​បោះឆ្នោត​ហើយ​តើ​ពលរដ្ឋ ឬ​សហគមន៍​អន្តរជាតិ ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ឬ​អត់​? បើ​អត់​នោះ​វា​អាច​នឹងមាន​សម្ពាធ​ខ្លះ​ពី​អន្តរជាតិ​។ ប៉ុន្តែ​គណបក្សកាន់អំណាច ពួកគាត់​ឆ្លាត​ណាស់ ពួកគាត់​នឹង​ប្រើ​សន្លឹក​បៀ​ក្នុង​ដៃ​មួយទៀត​ទម្លាក់​មក គឺ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក ,​ដោះលែង​លោក កឹម សុខា និង​ឲ្យ​គណបក្សប្រឆាំង​រស់​ឡើងវិញ ឬ​សម្របសម្រួល​នយោបាយ​ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​។ ប៉ុន្តែ​ជា​លទ្ធផល​នោះ គណបក្ស​ប្រជាជន​បានឈ្នះ​ឆ្នោត​ដដែល​»​។​

​កាលពីពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្ដេច​នឹងមិន​បើក​ច្រក​ចរចា ឬ​ស្នើ​លើកលែងទោស​ឲ្យ​អ្នកណា​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជាក់ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​រស់​ឡើងវិញ​ដែរ​។ បើ​និយាយ​ពី​ការបោះឆ្នោត​វិញ សម្ដេច បាន​បញ្ជាក់ថា វា​នឹង​ប្រព្រឹត្ត​ជាធម្មតា ដោយ​មិន​ឲ្យ​មានការ​រំខាន​ដល់​ការបោះឆ្នោត​ឡើយ​។ ប្រធាន​គណបក្ស​ប្រជាជន​រូបនេះ ក៏​មិន​ខ្វល់​ពី​បរទេស ដែល​មិន​ចង់​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​។​

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា ។ សម្រាប់​ដំណើរការ​បោះឆ្នោត​នេះ គ​.​ជ​.​ប បាន​ត្រៀម​ថវិកា​៥៣​លាន​ដុល្លារ ខណៈដែល​រដ្ឋាភិបាល​ចិន និង​ជប៉ុន បានផ្ដល់​ជំនួយ​ថិ​វ​កា និង​បច្ចេកទេស សម្រាប់​ជួយ​ទ្រទ្រង់​ការបោះឆ្នោត​។ នេះ​បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ​៕


Tag:
 ហង្ស វិទូ​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com