ជាតិ
លោកស្រី ជូ ប៊ុន​អេង​៖ ស្ត្រី​ខ្មែរ​រងគ្រោះ​ច្រើនជាងគេ​នៅ​ចិន តាមរយៈ​ការជួញដូរ និង​រៀបការ​
10, May 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ បង្ហាញ​របាយការណ៍​ថា ស្ត្រី​ខ្មែរ​រងគ្រោះ ដោយសារ​ការជួញដូរ និង​ចាញ់បោក​មេខ្យល់​លួងលោម​ច្រើនជាងគេ គឺ​នៅ​ប្រទេស​ចិន​។ សមត្ថកិច្ច​កម្ពុជា​-​ចិន បាន​ជួយ​ស្ត្រី​រងគ្រោះ​ខ្មែរ​ទាំងនោះ ត្រលប់មក​ស្រុកកំណើត​វិញ យ៉ាងហោចណាស់ ៦០​នាក់​ក្នុង​១​ឆ្នាំ​។​



​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុន​អេង បាន​និយាយថា ស្ត្រី​ខ្មែរ​ច្រើនណាស់​ដែល​រងគ្រោះ និង​ជួ​ញ​ដូរ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ចិន ។ ពួកគេ​ភាគច្រើន​រងគ្រោះ ដោយសារ​ការរៀប​អាពាហ៍ពិពាហ៍​ប្រថុយប្រថាន និង​ចាញ់បោក​មេខ្យល់​លួងលោម​។ លោកស្រី បន្ថែមថា ដោយសារ​បញ្ហា​នេះ​ទើប​កម្ពុជា​-​ចិន រៀបចំ​ប្រជុំ​បង្កើត​ផែនការ​សម្រាប់​ជួយសង្គ្រោះ​ស្រី្ត​ខ្មែរ ហើយ​ទប់ស្កាត់​ការជួញដូរ និង​តាម​ក្រោមរូបភាព​ផ្សេងៗ មិន​ឲ្យ​កើតមាន​បន្តទៀត​នោះទេ​។​

​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ស្ដីពី «​ភាព​រីកចម្រើន​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ផែនការ​សកម្មភាព​»  រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​លើក​ទី​២ ជាមួយ​ភាគី​ចិន​នាពេលនេះ គឺជា​ការត្រួតពិនិត្យ​រួមគ្នា​លើ​កិច្ចសហប្រតិបត្តិការ ដែល​ក្រុម​អ្នកទទួលបន្ទុក​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ប្រទេស​ទាំងពីរ បាននិងកំពុង​ធ្វើការ​ងារ​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​»​។​

​សូម​រម្លឹកថា កិច្ចប្រជុំ​លើក​ទី​១ បានធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៧ នៅ​ខេត្ត​អាន​ហួយ ប្រទេស​ចិន ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា ស្តីអំពី​ភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បង្ក្រាប និង​ជួញដូរ​ជនរងគ្រោះ​ដែល​បាន​រៀបការ​ទាំង​ប្រថុយប្រថាន និង​ផ្ទុយ​ពី​ឆន្ទៈ​សាមីខ្លួន​៕


Tag:
 ស្ដ្រី​ខ្មែរ​រងគ្រោះ​
 ​ចិន​
 ​ជូរ ប៊ុន​អេង​
© រក្សាសិទ្ធិដោយ thmeythmey.com