កីឡាជាតិ
ជាតិ
ធឿន ធារ៉ា ប្តេជ្ញា​យកឈ្នះ Kitti សិស្ស​ប្អូន សែន​ស្ថាន បើ​ជួបគ្នា​ម្តងទៀត​
11, May 2018 , 7:39 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ ធឿន ធារ៉ា បាន​ប្តេជ្ញា​ថា បើ​រូបគេ​មានឱកាស​ជួប​សិស្ស​ប្អូន សែន ស្ថាន គឺ​កីឡាករ គិ​តិ​(Kitti)​ម្តងទៀត នឹងមិន​ធ្វើ​អ្នកគាំទ្រ​ខកចិត្ត​នោះឡើយ​។  ក្រៅពី​ប្រាប់​មូលហេតុ ដែល​នាំ​ឲ្យ​ខ្លួន​បរាជ័យ ធារ៉ា បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ចោទ​រូបគេ​លក់​ការប្រកួត​ទៀតផង​។​

 
​នា​ពិធី​ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​១,២០០​ដុល្លារ ពី​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កីឡាករ ធឿន ធារ៉ា បាន​ប្តេជ្ញា​យកឈ្នះ​កីឡាករ គិ​តិ សិស្ស​ប្អូន សែន ស្ថាន ឲ្យ​បាន បើ​មានឱកាស​ជួបគ្នា​ម្តងទៀត​នៅ​លើក​ក្រោយ​។ ការប្តេជ្ញា​នេះ បន្ទាប់ពី​រូបគេ​បាន​បរាជ័យ​ដោយ​សន្លប់​ក្នុង​ទឹក​ទី​២ ក្រោម​ស្នាដៃ​កីឡាករ​ថៃ​រូបនេះ លើស​ង្វៀន Max Muay Thai កាលពី​ថ្ងៃទី​៦ ឧសភា កន្លងទៅ​។ 
 
«​ខ្ញុំ​ប្តេជ្ញា​ថា នឹង​យកឈ្នះ​រូបគេ​(​គិ​តិ​)​ឲ្យ​បាន​នៅ​លើក​ក្រោយ​»​។ នេះ​ជាការ​ប្តេជ្ញា​របស់​កីឡាករ ធឿន ធារ៉ា នៅ​ចំពោះមុខ​លោក ពេជ្រ ស្រស់ ដែល​ធានារ៉ាប់រង​ផ្គត់ផ្គង់​ការហ្វឹកហាត់​ទាំងស្រុង​រយៈពេល​៣​ខែ​ដល់ ធារ៉ា មុន​ប៉ះ​កីឡាករ​ថៃ គិ​តិ ម្តងទៀត​។ 
 
​កីឡារ​កមាន​ដើមកំណើត​នៅ​ខេត្តព្រៃវែង​រូបនេះ​បាន​និយាយថា បញ្ហា​សុខភាព​មិនសូវ​ល្អ និង​របួស​ដៃ​អាចជា​មូលហេតុ​ដែល​នាំ​ឲ្យ​រូបគេ​បរាជ័យ​ទាំង​សោក​ស្តាយក្រោម​ស្នាដៃ​គូប្រកួត​។ តែ​យ៉ាងណា​រូបគេ​ទទួលស្គាល់ថា កីឡាករ គិ​តិ ដែលមាន​កម្ពស់​ខ្ពស់ជាង​ខ្លួន​មាន​សមត្ថ​ភាពខ្លាំង និង​ប្រើប្រាស់​ជង្គង់​បានល្អ​។ 
 
​ទន្ទឹមនឹង​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​គាំ​ទ្រ​វិស័យ​កីឡាប្រដាល់ កីឡាករ ធឿន ធារ៉ា បាន​អះអាងថា រូបគេ​មិនបាន​លក់​ឧ​ត្ត​ម​គតិ​ជាតិខ្មែរ​នោះឡើយ​។ លើសពីនេះ រូបគេ​បាន​ច្រានចោល​រាល់​ពាក្យ​ចចាមអារ៉ាម​របស់​មហា​ជន​មួយចំនួន​ដែល​បាន​ចោទប្រកាន់​រូបគេ ថា​បាន​លក់​ការប្រកួត​ទៀតផង​។ 
 
​នា​ការប្រកួត​លើស​ង្វៀន Max Muay Thai កាលពី​ថ្ងៃទី​៦ ឧសភា អ្នកលេង​គុន​ខ្មែរ ធឿន ធារ៉ា ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ទឹក​ទី​១ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​រំពឹងថា រូបគេ​នឹង​ទទួលបាន​ជ័យជម្នះ​។ តែ​នៅក្នុង​ទឹកទី​២ ធារ៉ា ត្រូវបាន​កីឡាករ​ថៃ Kitti ប្រើ​កណ្តាប់ដៃ​និង​ជង្គង់​ពេញៗ​រហូត​អាជ្ញាកណ្តាល​រាប់​រូបគេ​ម្តង​នៅ​ដើម​ទឹក​ទី​២​។ ក្រោយ​ការរាប់​របស់​អាជ្ញាកណ្តាល ធារ៉ា បាន​ព្យាយាម​បិទ​ពី​ការ​វាយ​សង្គ្រប់​របស់​គូប្រកួត តែ​ត្រូវ​កីឡាករ គិ​តិ ប្រើ​ជង្គង់​ជា​បន្តបន្ទាប់​មកលើ​ក្បាលពោះ​រហូត​ធ្វើ​ឲ្យ​រូបគេ​សន្លប់​នៅ​ពាក់កណ្តាល​ទឹក​ទី​២​នេះ​តែម្តង​។​


 
​ក្រោយ​ការ​ចាញ់​របស់​កីឡាករ ធឿន ធា​រា់ មាន​អ្នក​គាំ​ខ្លះ​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ឲ្យ​រូបគេ​បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ អ្នកខ្លះ​បាន​លើក​ជា​ចម្ងល់​ថា ហេតុអ្វី ធារ៉ា ថ្ងៃនេះ​វាយ​អន់​ជាង​លើក​មុន​? តែមាន​អ្នកគាំទ្រ​មួយចំនួន​តូច​បាន​ចោទ​រូបគេ​ថា លក់​ការប្រកួត​ទៀតផង​៕    

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ធឿន ធារ៉ា​
  សែន​ស្ថាន​
  Kitti
© រក្សាសិទ្ធិដោយ thmeythmey.com