អត្ថបទពាណិជ្ជកម្ម
ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ​CSR ជា​អ្វី​?
12, May 2018 , 12:30 pm        
រូបភាព
​ពាក្យ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ CSR ត្រូវបាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​យកទៅ​ប្រើ នៅពេលដែល​ពួកគាត់​ធ្វើ​សកម្មភាព​សង្គម​។ យ៉ាងណាមិញ អ្នកជំនាញ​បាន​អះអាងថា ទំនួល​ខុសត្រូវ​សង្គម មិនមែន​មានន័យ​ត្រឹមតែ​ជា​សកម្មភាព​មនុស្សធម៌ សប្បុរសធម៌​ខាងក្រៅ​ប៉ុណ្ណោះ​នោះទេ​។ តើ​ទំនួល​ខុសត្រូវ​សង្គម ឬ​CSR  មាន​អត្ថន័យ​ពិតប្រាកដ​ដូចម្តេច​?
​សូម​ទស្សនា​បទ​យកការណ៍​ដូចតទៅ​៖ 

 
​ពាក្យ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ឬ CSR ត្រូវបាន​សាធារណជន​ទូទៅ​ឱ្យនិយមន័យ​ផ្សេងៗ​គ្នា ទៅតាម​កម្រិត​នៃ​ការយល់​ឬ​បទពិសោធ​ដែល​ធ្លាប់​ឆ្លងកាត់​ផ្សេងៗ​គ្នា​របស់​មនុស្ស​ម្នាក់​។ ទន្ទឹមនឹងនេះ​ក៏មាន​ពលរដ្ឋ​មួយចំនួន​មិន​ទាំង​ស្គាល់ ឬ​ធ្លាប់​ឮ ពាក្យ​ទំនួល​ខុសត្រូវ​សង្គម​នេះ​ផងដែរ​។​
 
​ឆ្លើយតប​នឹង​ចម្ងល់​នេះ នាយក​អង្គការ CSR Asia លោក Richard Welford ដែល​បានធ្វើ​ការទាក់ទិន​នឹង​ការលើកកម្ពស់​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ជិត​១​ទស្សវត្ស​មកហើយ​នោះ ពន្យល់ថា ពាក្យ​ទំនួល​ខុសត្រូវ​សង្គម មិនមែនជា​ការបរិច្ចាគ ឬ​អំពើ​មនុស្សធម៌ ដូចដែល​ការយល់ច្រឡំ​របស់​ពល​រដ្ឋ​ទូទៅ​នោះទេ​។ នាយក​អង្គការ CSR Asia រូបនេះ​បន្តថា CSR ជាការ​ប្រកប​របរ​រ​ក​ស៊ី​ដែលមាន​ការយកចិត្តទុកដាក់​ទាំង​ធនធាន​ក្រុមហ៊ុន និង​សង្គម ក្នុងពេល​តែមួយ​។​
 
​ឯកសារ​ស្តីពី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា បោះពុម្ព​ក្នុង​ឆ្នាំ​២០១៦ បញ្ជាក់​រថា CSR ផ្តោតលើ​ការជួយ​ទំនុកបម្រុង​ក្រុមហ៊ុន ដើម្បី​ធានាថា​ជំនួញ​នោះ ប្រកបដោយ​សីលធម៌ និង​គុណធម៌​។ ឯកសារ​កម្រាស់​២០​ទំព័រ​នេះ បញ្ជាក់​ផងដែរ​ថា នៅ​កម្ពុជា CSR មាន​ទម្លាប់​យោងតាម​គំរូ​នៃ​ការបរិច្ចាគ ដែល​ក្រុមហ៊ុន​សហគ្រាស​ទទួលបាន​ប្រាក់ចំណេញ តាម​វិធី​ណាក៏ដោយ តែ​ក្រោយមក​ក៏​យកប្រាក់​ចំណេញ​មួយ​ភាគ ទៅធ្វើ​សកម្មភាព​សប្បុរសធម៌​។​
 
​ប្រភព​ដដែល​ក៏​បញ្ជាក់ទៀតថា សម្រាប់​ទំនោរ​បច្ចុប្បន្ន CSR គឺជា​ការរួមបញ្ចូល​ការអភិវឌ្ឍ ដើម្បីឱ្យ​ពាណិជ្ជកម្ម​អាច​បន្តបាន​យូរអង្វែង ដោយ​ភ្ជាប់​ជាមួយនឹង​ការយកចិត្តទុកដាក់​លើ​សង្គម និង​បរិស្ថាន​នៅក្នុង​ការអនុវត្ត​នៃ​ជំនួយ​នោះ ដូចជា​ការយកចិត្តទុកដាក់​ទៅលើ​បុគ្គលិក​និយោជិត សហជីព អតិថិជន អ្នកផ្គត់ផ្គង់ ពាណិជ្ជករ អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​សហគមន៍​ជារួម​៕

© រក្សាសិទ្ធិដោយ thmeythmey.com