កីឡាជាតិ
ជាតិ
ប្រាក់ មុន្នីឧត្តម ចាត់ទុកបរាជ័យដំបូងនៅម៉ាឡេស៊ីជាបទពិសោធ និងមេរៀនដ៏ល្អសម្រាប់អនាគត
× ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម បានបញ្ចេញសារតាមហ្វេសប៊ុកជាលើកដំបូង ក្រោយចែកផ្លូវជាមួយក្លិបNegeri Sembilan នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី។ ប្រាក់ មុន្នីឧត្តម ប្តេជ្ញាយកបទពិសោធបរាជ័យលើកដំបូងនៅម៉ាឡេស៊ី ធ្វើជាមេរៀនអភិវឌ្ឍន៍ សមត្ថភាពរបស់គេទៅថ្ងៃអនាគត។
ខ្សែបម្រើឆ្នើមកម្ពុជា ប្រាក់ មុន្នីឧត្តម បានចាត់ទុកការបរាជ័យនៅលីគកំពូលម៉ាឡេស៊ី ជាបទពិសោធក្រៅប្រទេសដំបូងសម្រាប់រូបគេ។ តាមរយៈការប្រឡូកជាមួយក្លិបក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ីជាច្រើនខែមកនេះ ធ្វើឲ្យ ប្រាក់ មុន្នីឧត្តម ទទួលបានបទពិសោធសមល្មម ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមឲ្យកាន់តែល្អប្រសើរ។
ក្រោយចែកផ្លូវជាមួយ Negeri Sembilan ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម បានបញ្ចេញសារតាមហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ពេលនេះអ្វីៗត្រូវបានចប់ហើយ អ្វីដែលសំខាន់នោះ គឺថ្ងៃតទៅមុខទៀត ខ្ញុំនឹងយកបទពិសោធ៏ទាំងអស់នោះ មកហាត់រៀនបន្ថែមទៀត ព្រោះនេះជាលើកដំបូង»។
អតីតប្រធានក្រុមព្រះខ័នរាជស្វាយរៀងរូបនេះបានលើកឡើងថា សម្រាប់កីឡាករគ្មានឡើយពាក្យថាគ្រប់គ្រាន់។ ក្នុងន័យរូបគេចង់បញ្ចាក់ថា កីឡាករគ្រប់រូបត្រូវព្យាយាមហ្វឹកហាត់ជាប្រចាំ ពិសេសស្វែងរកអ្វីដែលថ្មីក្នុងការអភិវឌ្ឍន៍សមត្ថភាព។ «ពាក្យថាកីឡាករ គឺគ្មានថ្ងៃគ្រប់គ្រាន់ឡើយ»។ នេះជាការបញ្ជាក់របស់កីឡាករ ប្រាក់ មុន្នីឧត្តម។
កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានក្លិប Negeri Sembilan របស់ម៉ាឡេស៊ីប្រកាសចែកផ្លូវកាលពីថ្ងៃទី១១ ឧសភា ក្រោយរូបគេបានបង្ហាញខ្លួនជិតពាក់កណ្តាលរដូវកាល។ ក្រោយបញ្ចប់កុងត្រាមុនកំណត់ជាមួយ មុន្នីឧត្តម ក្លិបនេះបានដាក់ខ្សែប្រយុទ្ធហ្វីលីពីន Angel Guirado ជំនួសវិញម្តង ក្នុងនាមកីឡាករបរទេសកូតាអាស៊ាន៕
Tag:
បាល់ទាត់
ប្រាក់ មុន្នីឧត្តម
Negeri Sembilan
© រក្សាសិទ្ធិដោយ thmeythmey.com