ជាតិ
អគ្គ​កុងស៊ុល​ចិន បារម្ភ​ពី​បញ្ហា​ខ្វះ​បន្ទប់​ស្នាក់នៅ និង​ភោជនីយដ្ឋាន​សម្រាប់​បម្រើ​ឲ្យ​អ្នកទេសចរ​ចិន​
14, May 2018 , 7:39 am        
រូបភាព
​សៀមរាប​៖ អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ខ្វះ​បន្ទប់​ស្នាក់នៅ និង​ភោជនីយដ្ឋាន សម្រាប់​បម្រើ​ឲ្យ​អ្នកទេសចរ​ចិន មក​កម្សាន្ត​នៅ​កម្ពុជា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ AKP​។​


​អគ្គ​ស្ថាន​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំខេត្ត​សៀមរាប​លោក លី ជី​ជា បាន​និយាយថា ស្រប​ពេលដែល​ចំនួន​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​កើនឡើង តែ​បែ​ជាមាន​បញ្ហា​ខ្វះ​បន្ទប់​ស្នាក់នៅ ក​ង្វៈ​បរិក្ខារ និង​ភោជនីយដ្ឋាន សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ចិន​ទៅវិញ​។ បើតាម​លោក លី ជី​ជា ភ្ញៀវ​ទេស​ចិន​មួយចំនួន ដែល​មក​ទស្សនា​ខេត្តសៀមរាប គឺ​ខ្វះ​បន្ទប់​ស្នាក់នៅ កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ចិន​កន្លងមកនេះ​។ 
 
​អគ្គ​កុងស៊ុល​ចិន​រូបនេះ បាន​បញ្ជាក់ថា «​ចំនួន​អ្នកទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​នឹង​កើនឡើង​ច្រើនជាង​នេះ ហើយ​អាច​ប៉ាន់​ស្មានថា អ្នកទេសចរ​ម្នាក់​បាន​ចំណាយ​ថវិកា​ប្រមាណ​៥០០​ដុល្លារ​អាមេរិក ដូច្នេះ​កម្ពុជា នឹង​ទទួលបាន​ចំណូល​ថវិកា​រាប់លាន​ដុល្លារ​អាមេរិក​»​។​
 
​កម្ពុជា​កំពុង​ទាកទាញ់​ភ្ញៀវទេសចរ​ចិន​ឲ្យ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន ហើយ​កម្ពុជា​កំពុងតែ​ពង្រីក​សេវាកម្ម​ទេសចរណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ។​
 
​ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ចិន​ចំនួន​ជាង​៦៧​ម៉ឺន​នាក់ ។ ចំណែក​ឆ្នាំ​២០១៧ មាន​ចំនួន​៩១​ម៉ឺន​នាក់ និង​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​ចិន បាន​កើន​ឡើងដល់​ជាង​៥០​ម៉ឺន​នាក់​ហើយ​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​កុងស៊ុល​ចិន ដែល​បាន​បន្ថែមថា ជើងហោះហើរ​ត្រង់​កម្ពុជា​-​ចិន​ត្រូវបាន​បង្កើន​ច្រើន ក៏ដូចជា​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ផងដែរ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ចិន​។​
 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប នៅក្នុង​ខេត្តសៀមរាប​មាន​សណ្ឋាគារ​ចំនួន​២២០​កន្លែង ស្មើ​១៣.៤៦០​បន្ទប់ ផ្ទះសំណាក់​មាន​ចំនួន​២៩៦​កន្លែង​ស្មើ​៤.៨១១​បន្ទប់ ភោជនីយដ្ឋាន​ចំនួន​១៧១​កន្លែង​៕

Tag:
 ចិន​
  ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com