តើ​ក្រុមហ៊ុន​ណាខ្លះ​អាចធ្វើ​CSR បាន​?

អត្ថបទពាណិជ្ជកម្ម
តើ​ក្រុមហ៊ុន​ណាខ្លះ​អាចធ្វើ​CSR បាន​?
13, May 2018 , 10:54 am         9091
រូបភាព
​ពាក្យ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា CSR ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ យ៉ាងណាមិញ ទស្សនៈ​មួយចំនួន​បាន​លើកឡើងថា CSR អាច​អនុវត្តបាន​ចំពោះតែ​ស្ថាប័ន​មួយចំនួន​ប៉ុណ្ណោះ​។ តើ​ក្រុមហ៊ុន​ណាខ្លះ​អាចធ្វើ​CSR បាន​?
 
​សូម​ទស្សនា​បទ​យកការណ៍​ដូចតទៅ​៖ 


 
​ស្ថាប័ន​ជំនួញ​និង​ម្ចាស់​ភាគហ៊ុន​ភាគច្រើន​នៅតែ​មិនទាន់​យល់ច្បាស់​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត CSR ដែលជា​មធ្យោបាយ​ក្នុងការ​ពង្រឹង​ការប្រកួតប្រជែង ទាំង​នៅ​កម្រិត​ស្ថាប័ន និង​សហគ្រាស​ឧស្សាហកម្ម​។ នេះ​បើ​យោងតាម​គេហទំព័រ វេទិកា​ទំនួល​ខុសត្រូវ​សង្គម​កម្ពុជា​។​
 
​ប្រភព​ដដែល​នេះ​បន្តថា មានតែ​ការអនុវត្ត​ដោយ​យកចិត្តទុកដាក់​តាម​គោលការណ៍ CSR ទេ ទើប​អាច​នាំមក​នូវ​ភាព​រីកចម្រើន ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​សង្គម សេដ្ឋកិច្ចកម្ពុជា ដោយ​ពឹង​ផ្អែកលើ​ការជំរុញ និង​ប្រកួតប្រជែង​ស្ថាប័ន​ដែលមាន​ស្រាប់ ព្រមទាំង​ការបើកចំហ​ទីផ្សារ​ថ្មី និង​ឱកាស​ដទៃទៀត​។ 
 
​ឆ្លើយតប​ទៅនឹង​សំណួរ​ថា តើ​ក្រុមហ៊ុន​ណាខ្លះ អាចអនុវត្ត​CSR​បាន​នោះ​? អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែក​អភិបាលកិច្ច​ធនធានធម្មជាតិ​នៃ​អង្គការ Oxfam ប្រចាំ​កម្ពុជា លោក សុខ ឃីម បានដឹងថា  ក្រុមហ៊ុន​ណា ក៏​អាចអនុវត្ត CSR បានដែរ​។ ការអនុវត្ត​នោះ គឺ​មិន​សំដៅ​ចំពោះតែ​ក្រុមហ៊ុន​ធំៗ ឬ​ក្រុមហ៊ុន​ឯកជន​លក្ខណៈ​គ្រួសារ ក្រុមហ៊ុន​ដែល​ទើបតែ​បង្កើត​ថ្មីៗ​ដោយ​ក្រុមយុវជន​នោះទេ ព្រោះថា​អត្ថប្រយោជន៍​នៃ​CSR គឺ​មិន​ទាមទារ​ឱ្យមាន​ការចំណាយ​ក្រៅពី​ចង្វាក់​ផលិតកម្ម​នោះទេ ប៉ុន្តែ​CSR បានផ្តល់​ផល​វិជ្ជមាន ដល់​ទាំង​ស្ថាប័ន មនុស្សជាតិ និង​បរិស្ថាន​ទៅវិញ​។ 
 
​លោក សុខ ឃីម បញ្ជាក់ថា​៖ «​ទំនួល​ខុសត្រូវ​សង្គម​ឬ​ហៅ​កាត់​ថា CSR គឺជា​សេចក្តីសម្រេចចិត្ត​ឬមួយ​ក៏​ជាការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​អាចមាន​ផលប៉ះពាល់​ជា​វិជ្ជមាន​ទៅលើ​ផ្នែក​សង្គម ផ្នែក​បរិស្ថាន ហើយ​ជាមួយ​សហគមន៍​ដែល​គាត់​ពឹង​អាស្រ័យ​ជាមួយ នឹង​ខ្សែចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ជា​វិជ្ជមាន ហើយ​ជាពិសេស​គឺ​ផ្តោតទៅលើ​និរន្តរភាព​របស់​អាជីវក​ម្ម​របស់​ក្រុមហ៊ុន​»​។ 
 
​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​កត់សម្គាល់ថា ជា​ក្រុមហ៊ុន​ជំនួញ​លើ​វិស័យ​កសិកម្ម ដែល​អនុវត្ត​CSR តាំងពី​ចាប់ផ្តើម​វិនិយោគ​ដំបូង​មកម្ល៉េះ គឺ​សហករណ៍​សរីរាង្គ​ខ្មែរ​។ សហករណ៍​សរីរាង្គ​ខ្មែរ ជា​ស្ថាប័ន​ក្នុងស្រុក​មួយ ដែល​ដាំ​ដុះ និង​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ សរីរាង្គ​ទៅ​ទីផ្សារ​កម្ពុជា​។ ស្ថាបនិក​សហករណ៍​ស​រី​រា​ង្គ​ខ្មែរ លោក អៀង សុធា​រ៉ា បានឱ្យដឹងថា ការគិតគូរ និង​អនុវត្ត CSR បាន​ជំរុញ​ក្រុមហ៊ុន​លោក​បន្តិច​ម្តងៗ ឱ្យមាន​ការរីកចម្រើន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​។ 
 
​លោក សុធា​រ៉ា បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ពេលដែល​យើង​និយាយថា បន្លែ​ផ្លែឈើ​សរីរាង្គ​ហ្នឹង​គឺ​យើង​បានគិត​អស់​អំពី​អ្វីៗ​ដែល​ពាក់ព័ន្ធ​ដល់​បរិស្ថាន ពាក់ព័ន្ធ​នឹង​ផែនដី​។ ដូច្នេះ​វា​ចូលដល់​លក្ខខណ្ឌ​ទី​២ នៅក្នុង​CSR​ហ្នឹង​។ ហើយ​នៅពេលដែល​យើង​បើក​កសិដ្ឋាន​ហ្នឹង យើង​បាន​សួរ​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង សួរ​ទាំង​អាជ្ញាធរ​ហ្នឹង ថា​តើ​គាត់​ស្ម័គ្រចិត្ត គាត់​ចង់​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ នឹង​កសិកម្ម​ហ្នឹង​ទេ​?... សព្វថ្ងៃនេះ យើង​បានផ្តល់​ការងារ​មួយចំនួនធំ ទៅឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ធ្វើ​កិច្ច​ការដែល​ប៉ះពាល់ បរិស្ថាន ងាក​មក​ធ្វើ​កិច្ច​ការដែល​បម្រើឱ្យ​មនុស្សជាតិ ហើយ​ជា​កិច្ចការ​មួយ​ដែល​ជួយ​ដល់​បរិស្ថាន​ថែមទៀត​។ នេះ​គឺ​ចូលដល់​លក្ខណៈ​ទី​១ ដែល​យើង​និយាយថា​ជួយ​ដល់​ប្រជាពលរដ្ឋ​»​។​
 
​លោក​បន្តថា​៖ «​ហើយ​នៅក្នុង​ហ្នឹង​ដែរ​យើង​ផ្តល់ឱ្យ​គាត់ ឧទាហរណ៍​ថា​យើង​ទិញ​បណ្ណ​ធានារ៉ាប់រង​សុខភាព ហើយ​យើង​បង្ហាត់បង្រៀន​គាត់​បន្ថែម​ទាំង​បុគ្គលិក ទាំង​កសិករ​ផ្ទាល់ បង្រៀន​ឱ្យ​ចេះ​ធ្វើ​ជីកំប៉ុស បង្រៀន​ដាំ បង្រៀន​ឱ្យ​ចេះ​ប្រមូល​ផល​អី​ជាដើម​។ អាហ្នឹង​គឺ​យើង​ជួយ​ដល់​ពួកគាត់ មានន័យថា​យើង​ជួយ​ដល់​មនុស្ស​។ ដល់​ចូល​លក្ខណៈ​ទី​៣ ហ្នឹង​គឺថា ធ្វើឱ្យ​ប្រាក់ចំណូល​របស់​យើង​ហ្នឹង​បន្តិច​ម្តងៗ​គឺថា​មានការ​កើនឡើង​ជា​លំដាប់​»​។​
 
​ស្រដៀង​គ្នា​នេះ អគ្គនាយក​នៃ​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ លោក សុង សារ៉ន រៀបរាប់ថា មុនពេល​លោក​ជ្រើស​យក​ការអនុវត្ត​CSR នៅក្នុង​ជំនួញ គឺ​តែងមាន​ភាគី​ចំណេញ និង​ភាគី​មួយទៀត​ខាត​។ សម្រាប់​លោក​ជា​វិនិយោគិន​យល់ថា វា​មិនមែនជា​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​នោះទេ​។ ប៉ុន្តែ​ក្រោយ​លោក​ជ្រើស​យក​ការអនុវត្ត CSR វិញ ដែល​មិនមែន​ត្រឹមតែ​ជា​សកម្មភាព​មនុស្សធម៌ លោក​ឃើញថា​ទាំង​ប្រជាកសិករ និង​ក្រុមហ៊ុន​ទទួលបាន​ការរីកចម្រើន​។ 
 
​លោក សុង សារ៉ន​៖ «​បើសិនជា​យើង​គ្រាន់តែ​ជាការ​ឱ្យ​ពូជ ខ្ញុំ​ឧទាហរណ៍ ឬក៏​ឱ្យ​ជា​រង្វាន់ ឬក៏​ឱ្យ​ជាការ​លើកទឹកចិត្ត ប្រហែលជា​គាត់​បាន​មួយ​សារ​ហ្នឹង ឆ្នាំក្រោយ​គាត់​ក្រ​ដដែល​។ ដែល​(​អ៊ីចឹង​)​បាន​យើង​កំណត់​និយមន័យ​របស់​យើង​អម្បាញ់មិញ​ហ្នឹង​គឺ Economic (​សេដ្ឋកិច្ច​) Environment(​បរិស្ថាន​) ហើយ​និង Human Rights (​សិទ្ធិមនុស្ស​) ហើយ​និង Quality (​គុណភាព​) Safety (​សុវត្ថិភាព​) ហ្នឹង ដើម្បី​ទាញ​ឱ្យ​គាត់​មាន​គេ​ហៅថា​មានលទ្ធភាព​កសាង​ខ្លួនឯង​ហ្នឹង មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​ខ្លួន​ខ្ញុំ​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន គឺ​យើង​វិលជុំ បានន័យថា​ជួយ​គ្នា​ទៅវិញទៅមក​បាន​»​។​
 
​អង្គការ​ស្តង់ដា​អន្តរជាតិ (ISO) បានឱ្យដឹងថា ពាក្យ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​(CSR) មាន​គោលការណ៍​គន្លឹះ​ចំនួន​៧​ជាស​កល គឺ​អភិបាលកិច្ច​ស្ថាប័ន សិទ្ធិមនុស្ស គោលការណ៍​ពលកម្ម បរិស្ថាន គោលការណ៍​ការងារ​យុត្តិធម៌ ដោះស្រាយ​បញ្ហា​អតិថិជន និង​ការចូលរួម​និង​អភិវឌ្ឍ​សហគមន៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com