ជាតិ
របាយការណ៍​៖ កុមារ​ពិការ​ជិត​៣០​ភាគរយ នៅតែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា​
13, May 2018 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កុមារ​ពិការ​កម្ពុជា​ជិត​៣០​ភាគរយ នៅតែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ ភាពជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល (NEP) កាលពី​ថ្ងៃទី​១០ ខែឧសភា​។​

 
​អ្នកស្រាវជ្រាវ នៃ​វិទ្យាស្ថាន​បើក​ទំលាយ លោក ផុន គឹម​ឆូ​យ បាន​និយាយថា  កុមារ​ពិការ​មិន​ធ្លាប់បាន​ចូលរៀន​នៅ​ថ្នាក់បឋមសិក្សា មាន​ចំនួន ១៤,៧ ភាគរយ ដែល​ពួកគេ​ភាគច្រើន ពិការ​ផ្នែក​សតិបញ្ញា ក្នុងការ​លំបាក​ទទួល​ព័ត៌មាន ហើយ​អាណាព្យាបាល​គ្មាន​ថវិកា ដើម្បី​ផ្គត់ផ្គង់​លើ​ការសិក្សា​របស់​ពួកគេ​។ ចំណែក​កុមារ​ពិការ​ជើង ពិការភ្នែក និង​ថ្លង់ ចំនួន​១៤,៦​ភាគរយ ត្រូវបាន​បោះបង់​ការសិក្សា ដោយសារតែ​កង្វះ​សាលារៀន (​នៅតាម​តំបន់​ជនបទ​) និង​កង្វះ​ការគាំទ្រ​ឧបត្ថម្ភ​សម្ភារ​សិក្សា ។​


 រូបភាព លោក ផុង គឹមឆូយ អ្នក​​​ស្រាវ​​​ជ្រាវ នៃវិទ្យា​​​ស្ថាន​​​បើក​​ទូលាយ

​លោក ផុន គឹម​ឆូ​យ បាន​បន្ថែមថា បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​កុមារ​ពិ​ការមិនទទួលបាន​កា​រ​អប់រំ​ត្រឹមត្រូវ ដូច​កុមារ​ធម្មតា​ដទៃទៀត គឺ​ទាក់ទង​នឹង​ចំណេះដឹង​របស់​គ្រូបង្រៀន នៅមានកម្រិត​នៅឡើយ​។ ក្នុង​របាយការណ៍​វាយតម្លៃ​អំពី​ការអប់រំ​របស់​កុមារ​ពិការ នៅ​កម្រិត​បឋមសិក្សា​នៅ​កម្ពុជា អ្នកស្រាវជ្រាវ​រូបនេះ បាន​សង្កត់​ដូច្នេះ​ថា​៖ «​គ្រូបង្រៀន​មិនអាច​គ្រប់គ្រង​ការបង្រៀន​សិស្ស​ពិការ​បាន​គ្រប់​ប្រភេទ​នោះទេ​។ ភាគច្រើន​នៃ​សិស្ស​ពិការ​ត្រូវការ​បង្រៀន​យ៉ាង​ដិតដល់ ប៉ុន្តែ​គ្រូបង្រៀន​ទាំងនោះ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បង្រៀន​ឡើយ​»​។ 
 
​បន្ថែម​ពីនេះ​នាយក​ប្រតិបត្តិ​នៃ​អង្គការ ភាពជា​ដៃគូ​អប់រំ​អង្គការក្រៅរដ្ឋាភិបាល (NEP)​លោក ជិន ច័ន្ទ​វាសនា បាន​កត់សម្គាល់ថា ទោះបី​កុមារ​ពិការ​មួយចំនួន​ទទួលបាន​ការអប់រំ​ទូទៅ​នៅ​ថ្នាក់បឋមសិក្សា និង​មួយចំនួនទៀត​ទទួលបាន​ការអប់រំ​វិជ្ជាជីវៈ​ផ្សេងៗ ក៏​នៅតែមាន​កុមារ​ពិការ​ប្រមាណ​២៩,៣​ភាគរយ មិនទាន់​ទទួលបាន​ការអប់រំ​ឲ្យ​ពេញលេញ​នៅឡើយ​ទេ​។ 


 រូបភាព លោក​ជិន ច័ន្ទ​​វាសនា​ នាយក​​​អង្គការ (NEP)

« បញ្ហា​នេះ​បណ្តាលមកពី​កង្វះ​ការផ្តល់​សេវាកម្ម​គ្រប់គ្រាន់ និង​កង្វះ​ការយកចិត្តទុកដាក់​ដ​ល់​ពួកគេ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជិន ច័ន្ទ​វាសនា ដែល​ប្ដេជ្ញា​លើកទឹកចិត្ត និង​រក​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ជួយ​ដល់​កុមារ​ពិការ​ទាំងនោះ​ឲ្យ​មានលទ្ធភាព​ក្នុងការ​សិក្សា និង​ទទួលបាន​អនាគត​ល្អ​នៅក្នុង​សង្គម​៕ 



Tag:
 កុមារ​ពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com