កម្ពុជា ទទួលបាន​ទេសចរ​ឥណ្ឌា ជិត​២​ម៉ឺន​នាក់ នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៨
ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបាន​ទេសចរ​ឥណ្ឌា ជិត​២​ម៉ឺន​នាក់ នៅ​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៨
13, May 2018 , 8:59 pm        
រូបភាព
រដ្ឋមន្រ្តី​​ក្រសួង​​​ទេស​​​​ចរណ៍ ថោង ខុន
រដ្ឋមន្រ្តី​​ក្រសួង​​​ទេស​​​​ចរណ៍ ថោង ខុន
​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ឥណ្ឌា​មាន​ចំនួន ១,៦​ម៉ឺន​នាក់ កើនឡើង​១៧​ភាគរយ ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៨ បើ​ធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​បញ្ជាក់ថា ឥណ្ឌា គឺជា​ទីផ្សារ​ទេសចរណ៍​ធំ​មួយ​សម្រាប់​កម្ពុជា ហើយ​លោក​រំពឹងថា កម្ពុជា​នឹង​ទទួល​ទេសចរណ៍​ឥណ្ឌា ប្រមាណ​៨​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៨ ។ 
 
​ថ្លែង​ក្នុង​កម្មវិធី​ស​ន្និសិទ​ទេសចរណ៍​ឥណ្ឌា នៅ​កម្ពុជា «Incredible India Road Show 2018» កាលពីពេល​ថ្មីៗ​នេះ​លោក ថោង ខុន  បានបញ្ជាក់​ដូច្នេះ​ថា​៖« វិស័យ​ទេសចរណ៍ ជា​មាស​បៃតង ដែល​រៀបចំ​ដោយ​កម្ពុជា​-​ឥណ្ឌា ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ទេសចរណ៍ គឺមាន​ការរីកចម្រើន​ល្អប្រសើរ ហើយ​កំពុង​ក្លាយជា​វិស័យ​អទិភាព​ដ៏​សំខាន់​មួយ​នៅក្នុង​ការកសាង​សង្គមកិច្ច និង​សេដ្ឋកិច្ច​»​។​
 
​ស្ថិតនៅ​ក្នុងឱកាស​នេះ លោក ថោង ខុន បានស្នើ​សាធារណរដ្ឋ​ឥណ្ឌា ឲ្យ​មានការ​ហោះហើរ​ត្រង់ រវាង​ឥណ្ឌា និង​កម្ពុជា   ឲ្យ​បាន​កាន់តែ​ឆាប់ ដើម្បី​ជំរុញ​កំណើន​លំហូរ​ទេសចរណ៍ ប្រទេស​ទាំងពីរ​។  
​គួរ​បញ្ជាក់ថា ក្នុង​ត្រីមាស​ទី​១​នេះ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ចំនួន​១,៧​លាន​នាក់ ដោយ​ក្នុងនោះ ទេសចរ​ឥណ្ឌា​មាន​ចំនួន ១,៦​ម៉ឺន​នាក់ កើនឡើង​១៧​ភាគរយ ក្នុង​រយះពេល​៣​ខែ ដើមឆ្នាំ​២០១៨​។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រណ៍​សរុប​៥,៦​លាន​នាក់ កើនឡើង​ជិត​១២​ភាគរយ ក្នុងនោះ​ទេសចរ​ឥណ្ឌា មាន​ជិត​៦​ម៉ឺន​នាក់ កើនឡើង  ២៩​ភាគរយ ៕

Tag:
 ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com