ជាតិ
សង្គមជាតិ
នាយកសាលា ដែលប្រមាថព្រះមហាក្សត្រ ត្រូវបានបញ្ជូន​ទៅតុលាការ​ខេត្ត​កំពង់ធំហើយ
13, May 2018 , 3:02 pm        
រូបភាព
ព្រះករុណា​ ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា
ព្រះករុណា​ ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា
នាយកសាលាបឋមសិក្សា​ព្រៃតាហ៊ូ លោក ឃាង ណាវី ដែល​បានសរសេរសារប្រមាថ​ព្រះមហាក្សត្រ​ ត្រូវបាន​បញ្ជូន​ទៅសាលាដំបូង​​ខេត្តកំពង់ធំហើយ។​ នេះ​បើតាម​ការបញ្ជាក់​របស់​ស្នងការ​រង​ខេត្តកំពង់ធំ លោក វេង សារ៉េន។



«នៅម៉ោង​២រសៀលថ្ងៃនេះ (១៣ឧសភា) បុរសដែលជេរប្រមាថ​ព្រះមហាក្សត្រ​ត្រូវបាន​បញ្ជូនទៅតុលាការ​ខេត្តកំពង់ធំហើយ។ គាត់ត្រូវបាន​ចោទ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ»។ នេះជាការ​អះអាង​របស់​លោក​ស្នងការរង​ខេត្ត​កំពង់ធំ​ប្រាប់សារព័ត៌មានថ្មីៗ​តាម​ទូរសព្ទ​នារសៀល​ថ្ងៃ​អាទិត្យ​ទី​១៣​ឧសភា​នេះ។

បុរសម្នាក់​ដែលត្រូវបានអះអាងថាជា​នាយកសាលាបឋមសិក្សា​ព្រៃតាហ៊ូ បានសរសេរ​សារមួយនៅលើ​បណ្តាញសង្គម​ហ្វេសប៊ុក ដោយប្រមាថរាជ្យវង្សានុវង្ស។ បុរសអាយុ​៥០​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នារសៀលថ្ងៃ​១២​ខែ​ឧសភា។
«យើងបានសួរគាត់​ថា ហេតុអ្វី​បាន​ជាគាត់​សរសេរយ៉ាង​ដូច្នេះ? គាត់ឆ្លើយថា គាត់ចង់សរសេរអ៊ីចឹង»។ លោកស្នងការរង​បាន​បន្ថែមយ៉ាង​ដូច្នេះ។

នេះជាករណីបង្ក្រាប​លើជន​ប្រមាថ​ព្រះមហាក្សត្រ​លើកដំបូង​ បន្ទាប់ពី​ក្រមព្រហ្មទណ្ឌត្រូវបាន​ធ្វើវិសោធនកម្ម ដើម្បីដាក់ទោស​ជន​ប្រមាថ​ព្រះមហាក្សត្រ។ ប្រសិន​បើ​នាយកសាលារូបនេះ ត្រូវបាន​រកឃើញថា បានប្រមាថ​ព្រះមហាក្សត្រ​មែន លោក​នឹងអាច​ប្រឈម​ការជាប់ពន្ធនាគារ​ពី​១ឆ្នាំទៅ​៥ឆ្នាំ និងត្រូវពិន័យ​ជាប្រាក់​ពី​២លានរៀល​ទៅ​១០លាន​រៀល។

ការ​ចាប់ខ្លួន​អ្នកប្រមាថព្រះមហាក្សត្រត្រូវបាន​ធ្វើឡើង​ ក្នុងអំឡុងពេល​ដែល​កម្ពុជា​កំពុង​អបអរ​ព្រះរាជពិធី​ចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​៕




© រក្សាសិទ្ធិដោយ thmeythmey.com