ជាតិ
សង្គមជាតិ
តុលាការ​ខេត្តកំពង់ធំ​សម្រេច​ឃុំ​ខ្លួន​នាយក​សាលា​ដែលប្រមាថ​ព្រះមហាក្សត្រ​
13, May 2018 , 4:39 pm        
រូបភាព
ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ​លោក ឃន សុកល បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឃាង ណាវី ដែលជានាយកសាលា​ព្រៃតាហ៊ូ ដែល​ត្រូវបាន​ព្រះរាជអាជ្ញាចោទ​ពីបទ​ «ប្រមាថ​ចំពោះអង្គព្រះមហាក្សត្រ» តាមមាត្រា​៤៣៧ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ។ នេះបើយោងតាម​ដីកា​ដែល​សារព័ត៌មានថ្មីៗ​ទទួលបាននារសៀល​ថ្ងៃ​ទី​១៣​ខែឧសភា​នេះ។



សមត្ថកិច្ច​បាន​បញ្ជូន​លោក ឃាង ណាវី មក​សាលាដំបូង​ខេត្ត​កំពង់ធំ​នាម៉ោង​២​រសៀល​ថ្ងៃទី​១៣​ខែ​ឧសភា​ បន្ទាប់ពី​លោក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​១២​នៅក្នុង​ក្រុង​ស្ទឹងសែន។ ការ​ចាប់ខ្លួន​លោក ឃាង ណាវី ត្រូវបាន​ធ្វើឡើង​ ក្រោយសមត្ថកិច្ច​រកឃើញ​ថាលោក ឃាង ណាវី ដែលមានគណនី​ហ្វេសប៊ុក​ឈ្មោះ «គ្រូប្រពន្ធ​សរ» បានសរសេរសារអធិប្បាយ​ប្រមាថ​ព្រះមហាក្សត្រ និងរាជ្យវង្សានុវង្ស។

នេះជាករណីបង្ក្រាប​លើជន​ប្រមាថ​ព្រះមហាក្សត្រ​លើកដំបូង​ បន្ទាប់ពី​ក្រមព្រហ្មទណ្ឌត្រូវបាន​ធ្វើវិសោធនកម្ម ដើម្បីដាក់ទោស​ជន​ប្រមាថ​ព្រះមហាក្សត្រ។ ប្រសិន​បើ​នាយកសាលារូបនេះ ត្រូវបាន​រកឃើញថា បានប្រមាថ​ព្រះមហាក្សត្រ​មែន លោក​នឹងអាច​ប្រឈម​ការជាប់ពន្ធនាគារ​ពី​១ឆ្នាំទៅ​៥ឆ្នាំ និងត្រូវពិន័យ​ជាប្រាក់​ពី​២លានរៀល​ទៅ​១០លាន​រៀល៕

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com